ភ្នំពេញៈ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រកាសប្រាប់សាធារណជនថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ នេះបានប្រកាសសាលក្រមលើសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៥៦៤២/I ចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា កើតថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៥៣ ដែលត្រូវជាប់ចោទពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយ បរទេស ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយពីបានធ្វើសវនាការពិភាក្សាដេញដោលចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្មទណ្ឌលេខៈ ១៨២ "ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយបានសម្រេចសេចក្ដី ទី ១. ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ កឹម សុខាដាក់ពន្ធនាគារកំណត់រយៈពេល២៧ឆ្នាំពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ទី២.ផ្តន្ទាទោសជនជាប់ចោទនូវទោសបន្ថែម ដោយដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតតាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។
ទី៣.ដាក់ជនជាប់ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវគោរពកាតព្វកិច្ច មួយចំនួនដូចជា មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ, មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។
កាតព្វកិច្ចនៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ មានអានុភាពអនុវត្តភ្លាម ចាប់ពីថ្ងៃប្រកាសសាលក្រមនេះរហូតដល់ពេលសាលក្រមចូលជាស្ថាពរ។
ទី៤. បង្គាប់ឱ្យកងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើប្រាស់សិទ្ធិអំណាច និងតួនាទីរបស់ខ្លួន ក្នុងឋានៈជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីធានាអនុវត្តនូវវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដូចកំណត់ក្នុង ចំណុចទី៣ នៃសេចក្ដីសម្រេចខាងលើនេះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
និងទី៥. ក្នុងករណីដែលមានការបំពាននូវកាតព្វកិច្ចនៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ត្រូវស្នើសុំជាបន្ទាន់ទៅតុលាការមានសមត្ថកិច្ចឱ្យចេញនូវវិធានការឃុំខ្លួនជាបណ្តោះអាសន្នលើជនជាប់ចោទ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញក៏បានបញ្ជាក់អំពីចំណុចសំខាន់ៗដែលមាន មូលដ្ឋានក្នុងសាលក្រមដូចជា៖ ទី១. ការជំរុញ និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនមែនជាអំពើខុសច្បាប់នោះឡើយ ហើយសកម្មភាពនេះត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ប៉ុន្តែ តុលាការបានរកឃើញថា ការជំរុញ និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឡើងដោយមានការជួយជ្រោមជ្រែង ឃុបឃិតត្រូវរ៉ូវគ្នាក្នុងផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយប្រើប្រាស់កម្លាំងមហាជន ឬធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំ ដូចនៅរដ្ឋ“ខ” និងរដ្ឋ “គ” គឺជាអំពើខុសច្បាប់ ដែលអំពើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋទាំងមូល។ ក្នុងន័យនេះ ជនជាប់ចោទបានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយស្របច្បាប់ និងមិនស្របច្បាប់ សំដៅធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមការឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស។ ទី២. តាមសំណើរបស់មេធាវីរាជរដ្ឋាភិបាលតំណាងដើមបណ្តឹងរដ្ឋប្បវេណី តុលាការពុំមានសរសរឈ្មោះរដ្ឋបរទេស ឬភ្នាក់ងារបរទេសនៅក្នុងសាលក្រមរបស់ខ្លួនឡើយ។ តុលាការសម្រេចប្រើប្រាស់អក្សរ តាងចំពោះរដ្ឋបរទេស ឬភ្នាក់ងារបរទេស តាមសំណើរបស់មេធាវីរាជរដ្ឋាភិបាលតំណាងដើមបណ្តឹង រដ្ឋប្បវេណី ដើម្បីធានាឱ្យបាននូវទំនាក់ទំនងល្អ និងផលប្រយោជន៍ជាតិនៃកម្ពុជានៅក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិជាមួយរដ្ឋបរទេស។ ជាមួយនេះដែរ ដើម្បីធានាឱ្យបាននូវទំនាក់ទំនងល្អនិងផលប្រយោជន៍ជាតិនៃកម្ពុជា នៅក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ និងដោយចៀសវាងឱ្យបាននូវការធ្លាយចេញនូវឯកសារជាតារាងអក្សរតាងជំនួសការហៅឈ្មោះរដ្ឋបរទេស តុលាការកំណត់ និងដាក់ឯកសារនេះ ជាឯកសារសម្ងាត់ដែលមិនត្រូវទម្លាយជាសាធារណៈនោះឡើយ។ ដូច្នេះ ផ្អែកលើមូលដ្ឋាននេះ ជនណា ឬភាគីណាមួយដែលធ្វើឱ្យធ្លាយចេញឯកសារនេះជាសាធារណៈ គឺត្រូវមានទោស ដោយយោងតាមក្រមព្រហ្មទណ្ឌកម្ពុជា។
ចំពោះចំណុចទី៣. តុលាការបានសម្រេច មិនឃុំខ្លួនជនជាប់ចោទ តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលតំណាងអយ្យការបានស្នើសុំ ប៉ុន្តែដើម្បីធានារក្សាជនជាប់ចោទទុកជូនតុលាការចាត់ការតាមនីតិវិធីច្បាប់ តុលាការបានសម្រេចដាក់ចេញនូវវិធានការចំបាច់មួយចំនួន ជំនួសឱ្យការឃុំខ្លួន។ ក្នុងនោះមាន ដូចជា៖ ១. មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និង២. មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេសដោយផ្ទាល់ ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ៕