បាត់ដំបងៈ គណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម រួមនឹងគណៈប្រតិភូ សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ និងអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិនៃស្រុកបាណន់ ស្រុកបរវេល និងក្រុងបាត់ដំបង រួមនឹងគណៈប្រតិភូធនាគារអិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃទី៤ ខែមីនា បានចុះពីនិត្យការដ្ឋានគម្រោងកែលម្អវិស័យធារាសាស្រ្តកំពីងពួយ។
គណៈប្រតិភូក្រសួងធនធានទឹកដឹកនាំដោយ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចំណែក ក្រុមបេសកកម្មរបស់ធនាគារអិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយ លោក Alvin Lopez មន្រ្តីជាន់ខ្ពស់របស់ ADB អញ្ជើញមកពីស្ថានស្នាក់ការកណ្តាលរបស់ ADB ប្រចាំនៅប្រទេស Philippines។
ក្រសួងធនធានទឹកបានឱ្យដឹងថា ក្រុមគណៈប្រតិភូបានអញ្ជើញចុះធ្វើការត្រួតពិនិត្យលើការដ្ឋានគម្រោងកែលម្អវិស័យធារាសាស្រ្ត IAIP ដែលគម្រោងនេះបានទទួលនូវការគាំទ្រ និងសហប្រតិបត្តិការយ៉ាងកក់ក្តៅបំផុតពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឱ្យក្រសួងបានទទួលនូវហិរិញ្ញប្បទានពី ADB សម្រាប់ធ្វើកិច្ចប្រតិបត្តិការកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់។
ក្រសួងបានធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយក្នុងក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយតាមនិយាមអន្តរជាតិ ក្នុងគោលបំណងសម្រេចឱ្យខាងតែបាននូវអនុត្តរភាពធារាសាស្រ្ត សម្រាប់បម្រើឱ្យការធ្វើប្រពលវប្បកម្មខ្សែសង្វាក់ផលិតកម្មនៃវិស័យពាក់ព័ន្ធ និងបង្កើនជាអតិបរមានូវសន្តិសុខសុវត្ថិភាពទឹកសម្រាប់គ្រប់វិស័យ។
ប្រភពដដែលបានឱ្យដឹងថា លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការដឹកនាំដោយផ្ទាល់ក្នុងការកសាងប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយនេះឡើងវិញ ក្រោយឆ្នាំ១៩៧៩ ដែលតំបន់នេះស្ថិតក្នុងការប្រទាញប្រទុងជាមួយនឹងក្រុមឧទ្ទាមខ្មែរក្រហម ធ្វើឱ្យប្រព័ន្ធធារាសាស្រ្តមួយនេះត្រូវបានទទួលរងនូវការខូចខាតទាំងស្រុងប្រើប្រាស់ពុំបាន។
ក្រសួងបញ្ជាក់ថា៖«ដោយមានការប្តេជ្ញាចិត្តខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូអភិវឌ្ឍន៍នានា បានចំណាយទុនមួយចំនួនដើម្បីវិនិយោគលើការជួសជុលស្តាឡើងវិញបានលើផ្នែកខ្លះៗនៃប្រព័ន្ធសម្រាប់បម្រើឱ្យការផលិត»។
តាមគោលនយោបាយឈ្នះ-ឈ្នះ និងការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ទឹកជាមុំមួយ និងជាឆ្អឹងខ្នងនៃវិស័យសេដ្ឋកិច្ច និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសហប្រតិបត្តិការដ៏ធំជាមួយនឹង ADB និង EIB ដែលជាសហហិរញ្ញប្បទាន បានបោះទុនវិនិយោគក្នុងការធ្វើទំនើបកម្មដ៏គ្រប់ជ្រុងជ្រោយលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយនេះ ដោយជោគជ័យ៕