​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​ប្រជុំ​បន្ទាន់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការកកស្ទះ​ចរាចរណ៍ នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ព្រះមុនីវង្ស (​ក្បាលថ្នល់​) បន្ទាប់ពី​មានការ​កកស្ទះ​ខ្លាំង និង​ត្អូញត្អែរ​ពី​អ្នកបើកបរ​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជ​ភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពី​មានការ​កកស្ទះ​ខ្លាំង​នៅ​បរិវេណ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ព្រះមុនីវង្ស កាលពី​ថ្ងៃទី​១​ខែមីនា អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បានធ្វើ​ការណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​ប្រជុំពិភាក្សា​បន្ទាន់ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​កកស្ទះ​។​

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ ក្រុមហ៊ុន​សាងសង់ និង​ប៉ូលិស​ចរាចរណ៍ ដើម្បី​រិះរក​គ្រប់​មធ្យោបាយ ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ នៅ​ចំណុច​ការដ្ឋាន​នេះ​ឱ្យបាន​ល្អប្រសើរ​ជាង​មុន​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជ​ភ្នំពេញ បានឱ្យដឹងថា ក្រោយ​កិច្ចប្រជុំ​ទទួលបាន​នូវ​លទ្ធផល​៥​ចំណុច​រួមមាន ទី​១ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាងសង់ ធ្វើការ​បង្រួម​របង​ហ៊ុមព័ទ្ធ​ការដ្ឋាន​ឱ្យបាន​តូច​បំផុត តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ដើម្បី​ទុក​លំហូរ​ចរាចរណ៍​បាន​ធំ​។​

​ទី​២ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​នគរបាល​ខណ្ឌ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ថែម​កម្លាំង​សមត្ថកិច្ច​ប្រចាំការ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅពេល​ចរាចរណ៍​មមាញឹក​។​

​ទី​៣ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ប្រើប្រាស់​ចិញ្ចើមផ្លូវ សម្រាប់ធ្វើ​ការតាំង​លក់ ក្នុងការ​បម្រើឱ្យ​អាជីវកម្ម​លក់ដូរ​រប​ស់​ខ្លួន ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​ទាំងនោះ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​អ្នកទិញ​ទំនិញ មិនត្រូវ​ធ្វើការ​ឈប់​ចត​លើ​ទ្រូងផ្លូវ​ឡើយ ហើយ​សមត្ថកិច្ច​នឹងធ្វើ​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់ ដោយ​ចាត់វិធានការ​រដ្ឋបាល​ចំពោះ​អ្នក​ដែល​នៅតែ​ប្រើប្រាស់​ចិញ្ចើមផ្លូវ​ធ្វើការ​លក់ដូរ​។

​ទី​៤ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវធ្វើ​ការសិក្សា​ដាក់​សាឡាង​ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ពី​កោះនរា ឆ្ពោះ​មក​តំបន់​ជ្រោយចង្វារ (​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​) បន្ថែម​លើ​សាឡាង​ចម្លង​ពី​កោះនរា ឆ្ពោះ​មក​កោះ​ពេជ្រ​ដែលមាន​បច្ចុប្បន្ន​។

​ប្រភព​ដដែល​បន្តថា សម្រាប់​លទ្ធផល​ទី ៥ នៅពេល​វេលា​ចរាចរណ៍​មមាញឹក សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព និង​ចេះ​ប្រើប្រាស់ APP GOOGLE MAPS មេត្តា​ប្រើប្រាស់​ជា​ជំនួយ​ក្នុងការ​ពិនិត្យមើល​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ព្រះមុនីវង្ស ពេល​ឃើញ​មានការ​កកស្ទះ​ចរាចរណ៍ សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវ​ផ្សេង​ប្រសិនបើ​មាន​ជម្រើស​៕

វីដេអូ៖