ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្ដល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ។
តាមអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់រាជរដ្ឋាភិបាលចុះថ្ងៃទី ៣ ខែមីនា បានឱ្យដឹងថា វាក្យសព្ទសំខាន់ៗដែលប្រើក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់និយមន័យដូចជា ទី១ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សំដៅដល់ថ្នាលបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ដែលមានដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា។
ចំណែកទី ២ យ្យូ.អ.កូដ ស្តង់ដា សំដៅដល់ ឃ្យូ.អ.កូដ ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដោយប្រើ បច្ចេកវិទ្យាប្លុកឆេន និងគោរពតាមគោលការណ៍បូរណភាព យថាភូតភាព និងសុពលភាព។ ទី ៣បច្ចេកវិទ្យាប្លុកឆេន សំដៅដល់សំណុំប្រតិបត្តិការជាប្លុក តភ្ជាប់គ្នាពីមួយទៅមួយដោយសុវត្ថិភាព តាមរយៈការប្រើលេខសម្គាល់សម្ងាត់និងកំណត់ត្រាពេលវេលានៃប្រតិបត្តិការដែលមិនអាចកែបាន និងត្រូវបានចែករំលែកនៅក្នុងបណ្តាញពាក់ព័ន្ធ។
ប្រភពដដែលបានឱ្យដឹងថា ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា នៅលើឯកសារដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។ ក្នុងអនុក្រឹត្យបញ្ជាក់ថា៖«ឃ្យូ.អ.កូដ ស្តង់ដា ដែលត្រូវបានអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយប្រើបច្ចេកវិទ្យាប្លុកឆេន ត្រូវគោរពតាមគោលការណ៍យថាភូតភាព បូរណភាព និងសុពលភាព»។
អនុក្រឹត្យនោះបានឱ្យដឹងទៀតថា ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ត្រូវធ្វើផែនការដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើឯកសាររបស់ខ្លួន។ នីតិបុគ្គលឯកជន ដែលមានបំណងដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលផ្ទៀងផ្ទាត់ ឯកសារ verify.gov.kh លើឯកសាររបស់ខ្លួន អាចធ្វើការស្នើសុំមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
អនុក្រឹត្យបញ្ជាក់បន្ថែមថា៖«ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទទួលសំណើសុំដាក់បញ្ចូល ឃូ.អ.កូដ ស្តង់ដា តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយសំណើនោះត្រូវផ្ដល់ព័ត៌មានដូចជាឈ្មោះឯកសារដែលត្រូវប្រើ ឃ្យូ.អ.កូដ ស្តង់ដា។គំរូរបស់ឯកសារ ចំនួនឯកសារដែលត្រូវប្រើ ឃ្យូ.អ.កូដ ស្តង់ដា ឈ្មោះនិងលេខទំនាក់ទំនងរបស់ជនបង្គោលដែលទទួលបន្ទុកការងារ»។
ក្នុងករណីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈដែលកំពុងប្រើ ឃ្យូ.អ.កូដ នៅលើ ឯកសាររបស់ខ្លួន អាចរៀបចំផែនការផ្ទេរការប្រើ ឃ្យូ.អ.កូដ ដែលមានស្រាប់មកប្រើ ឃូ.អ.កូដ ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ បានតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
អនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវរៀបចំផែនការដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា នៅលើឯកសារតាមការស្នើសុំរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ នីតិបុគ្គលសាធារណៈ និងនីតិបុគ្គលឯកជន ឱ្យបានរួចរាល់តាមផែនការ ដែលបានព្រមព្រៀង ក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់គ្រាន់។
ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ នីតិបុគ្គលសាធារណៈ និងនីតិបុគ្គលឯកជន ដែលទទួលបានឯកសារ ដែលដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អាចប្រើតាមតម្រូវការចាំបាច់របស់ស្ថាប័ន រៀងៗខ្លួន។
អនុក្រឹត្យបញ្ជាក់ថា៖«ការប្រើឯកសារដែលមានដាក់បញ្ចូល យូ.អ.កូដ ស្តង់ដា អាចផ្ទៀងផ្ទាត់បានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ការផ្ទៀងផ្ទាត់ឯកសារដែលដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា លើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh មិនតម្រូវឱ្យមានការបង់កម្រៃឡើយ។
ចំពោះការបង់កម្រៃសេវាលើការស្នើសុំដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា លើឯកសារដោយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ នីតិបុគ្គលសាធារណៈ និងនីតិបុគ្គលឯកជន ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ នីតិបុគ្គលសាធារណៈ និងនីតិបុគ្គលឯកជន ដែលទទួលបានឯកសារ ដែលដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា មានសិទ្ធិរក្សាទុកឯកសារក្នុងប្រព័ន្ធទិន្នន័យរបស់ខ្លួន ឬរបស់មជ្ឈមណ្ឌលទិន្នន័យ របស់ប្រតិបត្តិករដែលទទួលបានអាជ្ញាបណ្ណពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬស្នើសុំឱ្យក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ រក្សាទុកក្នុងមជ្ឈមណ្ឌលទិន្នន័យជាតិ៕