ភ្នំពេញៈ ក្រសួងបរិស្ថាន និងអង្គការដៃគូបានប្រកាសបន្តយុទ្ធនាការអន្ទាក់សូន្យទៅកាន់ភាគនិរតីនៃប្រទេសកម្ពុជា នៅថ្ងៃទី ៣ ខែមីនានេះ តាមប្រព័ន្ធហ្ស៊ូម ដោយអំពាវនាវឱ្យសាធារណជនបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។
តាមសេចក្តីថ្លែងសារព័ត៌មានរួមនៃយុទ្ធនាការនេះបានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ រួមមានយុទ្ធនាការតាមខេត្តទៅកាន់ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាប បាត់ដំបង និងប៉ៃលិន ដោយមានការសហការពីអង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) អង្គការសម្ព័ន្ធសត្វព្រៃ(Wildlife Alliance) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies)អង្គការអភិរក្សសកលប្រចាំកម្ពុជា (CI) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មូលនិធិម៉ាដក្សចូលីភីត (MJP) អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC)។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានមានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ដែលបានចាប់ផ្តើមឡើងពីថ្ងៃទី៣ ខែមីនា និងបញ្ចប់នៅ ខែកញ្ញាឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយជោគជ័យជាទីមោទនៈនិងទទួលបានលទ្ធផលល្អប្រសើរដោយមានអ្នកចូលរួមប្រមាណ ៥លាននាក់ ទាំងផ្ទាល់និងតាមបណ្តាញសង្គមហើយពលរដ្ឋបានយល់ដឹងពីវិបត្តិអន្ទាក់ និងវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន។
ជាមួយគ្នានេះពលរដ្ឋបានយល់ដឹងច្រើនជាងមុន និងបណ្តុះស្មារតីស្រលាញ់បរិស្ថាន និងសត្វព្រៃកាន់តែខ្លាំង ព្រមទាំងផ្លាស់ប្តូរឥរិយាបថក្នុងចំណោមអ្នកទទួលទានសត្វព្រៃ និងមានការចូលរួមម្ចាស់ភោជនីយដ្ឋានចំនួន៥២ ដែលយុទ្ធនាការអន្ទាក់សូន្យលើកទី១ទៅដល់ផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថាការចូលរួមពីសាធារណជននិងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត អាចជួយឱ្យសម្រេចបាននូវគោលដៅក្នុងការបញ្ឈប់ការដាក់អន្ទាក់និងការជួញដូរសត្វព្រៃខុសច្បាប់។ លោកថ្លែងថា៖ «ការប្តេជ្ញាចិត្តនេះបាននិងកំពុងក្លាយជាបទដ្ឋានថ្មីមួយសម្រាប់សាធារណជនកម្ពុជា និងសហគមន៍មូលដ្ឋាន ដែលពួកគាត់នឹងចូលរួមប្តេជ្ញាចិត្តការពារសុខុមាលភាពផ្ទាល់ខ្លួនដោយយកធម្មជាតិធ្វើជាសម្ព័ន្ធមិត្តក្នុងការកសាងសង្គមមួយប្រកបដោយតុល្យភាពនិងនិរន្តរភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត»។
លោក ឃុត ចាន់ដារ៉ា សមាជិករដ្ឋសភា និងជាសមាជិកគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាជាតិ បានថ្លែងកោតសរសើរថា៖ «ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងក្របខ័ណ្ឌយុទ្ធនាការអន្ទាក់សូន្យ ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថានដោយមានការចូលរួមពីស្ថាប័នអង្គការដៃគូក្នុងគោលដៅបញ្ចប់វិបត្តិនិងការពារសុខភាពសាធារណៈ»។
លោក គឹម ណុង ប្រធានអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងថា ការស្វែងរកអន្ទាក់មិនមែនជារឿងងាយស្រួលនោះទេ ព្រោះអន្ទាក់ភាគច្រើននៅសំងំលាក់ខ្លួនក្នុងព្រៃរហូតដល់វាទាក់បានសត្វព្រៃនិងសម្លាប់សត្វរងគ្រោះនោះ។ ចាំបាច់ត្រូវប្រើវិធីសាស្ត្រច្នៃប្រឌិតសម្រាប់ជាជំនួយក្នុងយុទ្ធសាស្ត្រល្បាតតំបន់ការពារ ដើម្បីបង្កើនសមត្ថភាពក្នុងការស្វែងរកអន្ទាក់គ្រប់ប្រភេទនិងតាមដានបទល្មើសសត្វព្រៃបានប្រកបដោយប្រសិទ្ធភាព។ លោកបញ្ជាក់ថា៖«យើងក៏ត្រូវការធនធានបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពនិងជំនាញឧទ្យានុរក្ស ដើម្បីពង្រឹងការអនុវត្តច្បាប់ក្នុងតំបន់ការពារក៏ដូចជាអនុវត្តការងារល្បាតទាំងក្នុងនិងក្រៅដែនជម្រកសត្វព្រៃ»។
លោកបានលើកឡើងថា ការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃខុសច្បាប់ គឺជាកត្តារួមចំណែកចម្បងដល់ការផុតពូជរបស់សត្វគោព្រៃ និងខ្លាធំនៅក្នុងប្រទេសកម្ពុជា។ អន្ទាក់នេះហើយក៏ជាកត្តាធ្វើឱ្យចំនួនប្រភេទសត្វព្រៃដែលមានតម្លៃជាសកលមួយចំនួនថយចុះគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមាន សត្វទន្សោង និងខ្លារខិនជាដើម។ ដូចគ្នានេះដែរ ប្រភេទសត្វក្រចកជើងចម្ពាម ដូចជា ខ្ទីង ប្រើស ឈ្លូស ក៏កំពុងប្រឈមនឹងការគំរាមកំហែងខ្លាំងផងដែរ។
ការសិក្សាជាចង្កោមមួយដោយក្រសួងបរិស្ថាន និងអង្គការ WWFកម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០២២ចំនួនសត្វទន្សោងបានថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%។
លោក សេង ទៀក នាយកអង្គការ WWF បានឱ្យដឹងថា របាយការណ៍ស្តីពីការថយចុះនៃសត្វព្រៃក្នុងតំបន់ព្រៃការពារធម្មជាតិគឺជាសញ្ញាអាសន្នក្រើនរំឭកអំពីអតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់នោះ ដែលវាអាចនឹងបង្កផលវិបាលដល់ជីវភាពនិងការរស់នៅរបស់ប្រជាជនផងដែរ។ ទោះយ៉ាងណាក៏ដោយវានៅមិនទាន់ហួសពេលទេ ក្នុងការធ្វើឱ្យស្ថានភាពទាំងនេះប្រសើរឡើង ដោយចាប់ផ្តើមធ្វើសកម្មភាពរួមគ្នាឥឡូវ ដើម្បីដោះស្រាយវិបត្តិនេះដល់ឫសគល់របស់វាហើយស្តារធម្មជាតិឡើងវិញ។
លោកថ្លែងថា៖«គិតត្រឹមថ្ងៃនេះវាមានរយៈពេលមួយឆ្នាំហើយដែលស្ថាប័នក្រសួងនៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការដៃគូ បានចាប់ផ្តើមអនុវត្តយុទ្ធនាការឃោសនាផ្សព្វផ្សាយជាសាធារណៈដោយបានទទួលស្គាល់ពីភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សត្វព្រៃកម្ពុជានោះគឺវិបត្តិអន្ទាក់ និងការបរបាញ់ខុសច្បាប់»។
ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងការចូលរួមពីអង្គការ WWFភ្នាក់ងារUSAID អង្គការ WCS អង្គការ CI អង្គការNatureLifeអង្គការ FFI អង្គការWEA កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងយុទ្ធនាការដំណាក់កាលទី១បានលើកទឹកចិត្តនិងទទួលបានការគាំទ្រពីប្រជាជនជាង ៣លាននាក់ទាំងផ្ទាល់និងប្រយោលតាមបណ្តាញសង្គម បូករួមទាំងសហគមន៍មូលដ្ឋានរស់នៅក្បែរតំបន់ការពារធម្មជាតិផងដែរ ដោយបានបង្កើនការយល់ដឹងរបស់ពួកគាត់អំពីផលវិបាកការដាក់អន្ទាក់ ការជួញដូរ និងការបរិភោគសាច់សត្វព្រៃ ហើយធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថសាធារណៈ។
លោកបញ្ជាក់ថា៖«ជាលទ្ធផល ក្នុងឆ្នាំ២០២២ អន្ទាក់សរុបប្រមាណជាង៣៥០០០ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទូទាំងកម្ពុជា ដែលតួលេខនេះបង្ហាញពីការថយចុះប្រមាណ៤៤% បើធៀបនឹងលទ្ធផលក្នុងឆ្នាំ២០២១ដែលចំនួនអន្ទាក់សរុប៦១ ៦១១» ៕