
ផលដំណាំដែប្រជីកំប៉ុស។ រូបថត សហការី
ភ្នំពេញៈ ការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតឬស្មៅ នៅក្នុងឆ្នាំ២០២២ មានទំហំទឹកប្រាក់សរុបជាង ៤៨០លានដុល្លារ កើនឡើងប្រមាណ ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នេះបើតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បញ្ហាឡើងថ្លៃជីកសិកម្មនេះ ក៏មិនមែនទើបនឹងកើតឡើងដែរ ពោលគឺប្រជាកសិករមានការរអ៊ូរទាំ តាំងតែពីការផ្ទុះជំងឺកូវីដ១៩ ហើយបញ្ហានេះក៏នៅតែបន្តកើតមាន ដោយសារតែកសិកម្មកម្ពុជាពឹងផ្អែកច្រើនលើ ជីកសិកម្មនាំចូល។
ជំនួសឱ្យការរអ៊ូរទាំពីការឡើងថ្លៃជីកសិកម្ម អ្នកជំនាញកសិកម្ម លោកសួង ណយ បានបន្តណែនាំ និងជំរុញកសិករឱ្យរៀនធ្វើជីកំប៉ុសដោយខ្លួនឯង សម្រាប់ប្រើប្រាស់លើដំណាំរបស់ខ្លួន ដែលអាចចំណេញបានទាំងថ្លៃដើម និងកាត់បន្ថយការប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោក សួង ណយ បែរជាយល់ឃើញថាការឡើងថ្លៃជីកសិកម្ម ជាកាតាលីករមួយដែលអាចជំរុញឱ្យកសិករឈប់ពឹងផ្អែកខ្លាំងពេកលើជីគីមី ហើយចាប់ផ្ដើមងាកមកផលិតជីដោយខ្លួនឯងវិញ។ លោកបានលើកឡើងថា កម្ពុជាខាតបង់សេដ្ឋកិច្ចអស់ច្រើនណាស់លើការទិញជីគីមីនេះក្នុង១ឆ្នាំៗ ហើយអ្វីដែលគេមិនបានចាប់អារម្មណ៍ទៀតនោះគឺការចំណាយប្រាក់អស់ជាច្រើនលើការថែទាំសុខភាព បន្ទាប់ពីរាងកាយប្រជាជនរងផលប៉ះពាល់ដោយសារសារធាតុគីមី។
លោកថ្លែងថា៖ «សំណល់ផ្ទះបាយ ជាច្រើនត្រូវបានប្រជាជនយើងបោះចោល ដោយមិនយកវាទៅប្រើជាជី ពេលខ្លះមិនមែនពួកគាត់មិនដឹងទេថា សំណល់អស់ទាំងនោះមានប្រយោជន៍ តែមកពីខ្លួនគាត់មិនចង់ធ្វើ គឺចង់តែទិញស្រាប់ៗ»។
ជាមួយគ្នានេះ លោកក៏បានរំលេចពីការប្រើប្រាស់កាកសំណល់ផ្ទះបាយដែរថា ៖ «ប្រជាជនអាចជ្រើសរើសប្រើប្រាស់កាកសំណល់ផ្ទះបាយរួមមាន ទឹកអង្ករបានមកពីការលាងសម្អាតអង្ករសម្រាប់ចម្អិនបាយ មេ EMដែលអាចលាយខ្លួនឯងបាន និងស្ករល្ង (មេជីសរីរាង្គ) ដែលមានលក់នៅលើទីផ្សារស្រាប់យកមកលាយបញ្ចូលគ្នា ដោយចំណាយថវិកាតិចតួចបំផុត គឺតិចជាងតម្លៃជីគីមីខ្លាំងណាស់ ហើយអាចប្រើប្រាស់បាននៅលើផ្ទៃដីទំហំធំគួរសម»។
មិនត្រឹមតែប៉ុណ្ណោះ ជីធម្មជាតិ ឬហៅថា ជីកាកសំណល់ផ្ទះបាយនេះថែមទាំងអាចជួយទៅលើ ផ្នែកបរិស្ថាន ដោយការប្រើកាកសំណល់ឱ្យអស់លទ្ធភាព ហើយមិនបន្សល់សម្រាប់ឱ្យសត្វល្អិតផ្សេងៗមកបង្កើតជាមេរោគបានឡើយ។
ងាកទៅមើលកសិករនៅខេត្តកោះកុងឯណោះវិញ ដែលចូលចិត្តការដាំដំណាំចម្រុះគ្នា សម្រាប់ហូប នៅក្នុងគ្រួសារផ្ទាល់ ក៏បានចែករំលែកពីផលចំណេញនៃការធ្វើជីកំប៉ុសផងដែរ។
លោក នី ប៊ុនថា ដែលកសិករភាគច្រើនស្គាល់រូបលោកតាមរយៈបណ្ដាញសង្គម «រៀនដាំ» បានចែក រំលែកពីការធ្វើជីកំប៉ុសដែលប្រើប្រាស់ត្រឹមតែសម្បកពងមាន់ និងពងទាប៉ុណ្ណោះ។
លោកបានរៀបរាប់ពីការធ្វើជីកំប៉ុសទឹកនេះថា ៖ «គ្រាន់តែយកសម្បកពងមាន់ ឬពងទាទៅហាលថ្ងៃ ឱ្យស្ងួត ហើយច្របាច់វាឱ្យល្អិត លាយវាចូលទឹក និងថែមស្ករល្ង ហើយទុកចោលរយៈពេល៣ថ្ងៃ គឺអាចប្រើប្រាស់លើដំណាំបានហើយ»។
លោកបានបន្តទៀតថា សម្បកពងមាន់ ឬពងទាចំនួន៥គ្រាប់ ត្រូវប្រើជាមួយទឹកចំនួន ១លីត្រកន្លះ ទៅ២លីត្រ និងប្រើស្ករល្ង១ស្លាបព្រាបាយ។ ក្នុងករណីចង់ឱ្យជីទឹកឆាប់កាច់ចូលគ្នាបានល្អ ប្រជាកសិករអាចបន្ថែមមេជី១ស្លាបព្រាបាយបន្ថែម។
ជីប្រភេទនេះមានសារធាតុកាល់ស្យូម និងជាតិដែកខ្ពស់ ដែលវាបានមកពីសម្បកពងមាន់ ពងទា ហើយសារធាតុទាំងនេះវាធ្វើឱ្យដីធូរ ហើយដំណាំក៏មិនសូវមានជំងឺ និងសត្វល្អិតផងដែរ។
ជាក់ស្ដែង លោកបានប្រើប្រាស់ជីទឹកដែលលាយបាននេះ ១ស្លាបព្រា លាយជាមួយទឹក១០លីត្រ ទៅ១៥លីត្រ សម្រាប់ស្រោចលើដំណាំចម្រុះរបស់លោកជាប្រចាំ។ ជាលទ្ធផល ដំណាំម្ទេស ស្ពៃ ជាពិសេសដំណាំមើមដូចជា ឆៃថាវ ការ៉ុត របស់លោកមានសុខភាពល្អ និងឆាប់ទទួលផលផងដែរ។
កសិកររូបនេះ បានណែនាំបន្តដល់កសិករដទៃឱ្យរៀនលាយជីកំប៉ុសដោយខ្លួនឯង តាមរយៈការប្រើប្រាស់សំណល់ផ្ទះបាយ។ កន្លងមក លោកសង្កេតឃើញថា កសិករមួយចំនួនដែលគាត់ចិញ្ចឹម មាន់ទា ឬភ្ញាស់មាន់ទា គាត់តែងតែចោលសម្បកទាំងនេះ ដោយមិនបានដឹងទេថាវាមានសារៈប្រយោជន៍ច្រើនលើដំណាំ។
តាមរយៈការចែករំលែកបទពិសោធន៍នេះ លោកសង្ឃឹមថាអាចជាឧទាហរណ៍ដ៏ល្អមួយក្នុងការទាញប្រជាកសិករជាច្រើននាក់ទៀតឱ្យឈប់ពឹងផ្អែកហួសហេតុទៅលើជីគីមីដែលនាំចូល ហើយងាកមកផលិតជីដោយខ្លួនឯង ដើម្បីសុខុមាលភាពខ្លួនឯងផងដែរ៕