
លោកសុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ រូបថត FB
ភ្នំពេញៈ កម្ពុជាបានសង្កត់ធ្ងន់និងជំរុញលើយន្តការពហុភាគីនិយម រួមនឹងដំណោះស្រាយជម្លោះដោយសន្តិវិធីនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ នៅចំពោះមុខវិបត្តិសកលដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ សម្រាប់ស្តារពិភពលោកឡើងវិញ។
កម្ពុជាតាមរយៈលោកសុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ជាតំណាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលនៃក្រុមទំនាក់ទំនងចលនាមិនចូលបក្សសម្ព័ន្ធរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ កិច្ចប្រជុំនេះធ្វើឡើងក្នុងប្រធានបទ ការស្តារពិភពលោកឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ដែលដឹកនាំដោយលោក អុីលហាម អាលីយ៉េ ប្រធានាធិបតីអាស៊ែបៃហ្សង់ និងមានការចូលរួមពីសមាជិកមិនចូលបក្សសម្ព័ន្ធ ប្រទេសសង្កេតការណ៍ ប្រធានសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានអង្គការអន្តរជាតិនានា។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមចលនាមិនចូលបក្សសម្ព័ន្ធនោះ លោកសុក ស៊ីផាន់ណា បានថ្លែងដោយសង្កត់ធ្ងន់ពីភាពចាំបាច់នៃយន្តការពហុភាគីនិយម និងដំណោះស្រាយជម្លោះដោយសន្តិវិធី ដល់ក្រុមចលនាមិនចូលបក្សសម្ព័ន្ធ ដែលកម្ពុជាយល់ថា មានតួនាទីសំខាន់សម្រាប់ដោះស្រាយបញ្ហាជំងឺរាតត្បាត និងសម្រាប់ដំណោះស្រាយរួមរបស់ពិភពលោក។
លោកសុក ស៊ីផាន់ណា បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «ចលនាមិនចូលបក្សសម្ព័ន្ធ មានឱកាសដ៏ល្អសម្រាប់ប្រើប្រាស់កម្លាំងរួមនៃសមាជិក ដើម្បីអះអាងអំពីតួនាទីរបស់ខ្លួនចំពោះអង្គការអន្តរជាតិ និងតំបន់ពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការសុខភាពពិភពលោក ដើម្បីលើកកម្ពស់ការត្រៀមលក្ខណៈ ភាពធន់និងការឆ្លើយតបនឹងជំងឺរាតត្បាតនេះ»។
លោកបានបន្តថា ចលនាមិនចូលបក្សសម្ព័ន្ធត្រូវខិតខំប្រឹងប្រែងឱ្យបានទ្វេដងឡើងវិញ ដើម្បីជំរុញឲ្យប្រទេសអភិវឌ្ឍន៍អនុវត្តនូវការប្តេជ្ញាចិត្តក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍អន្តជាតិរបស់ពួកគេ និងគោរពការចូលរួមរបស់ពួកគេ។
សូមបញ្ជាក់ថា អាស៊ែបៃហ្សង់ជាប្រធាននៃកិច្ចប្រជុំ បានអំពាវនាវដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបង្កើតក្រុមការងារកម្រិតខ្ពស់សម្រាប់ការស្តារឡើងវិញក្រោយកូវីដ១៩ ជាសកល សំដៅការប្រមូលផ្តុំអ្នកជំនាញឯករាជ្យនិងមានបទពិសោធន៍សម្រាប់ដំណើរការ និងអំពាវនាវឱ្យស្ថាប័នអន្តរជាតិពិនិត្យលើមធ្យោបាយក្នុងការបន្ធូរបន្ថយបំណុលប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសលោកខាងត្បូង និងបណ្តារដ្ឋនានាឱ្យដកចេញឧបសគ្គរារាំងមិនសមហេតុផលលើការនាំចេញវ៉ាក់សាំងកូវីដ១៩ ដែលបានផលិតហើយ។ ការអំពាវនាវទាំងនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកមិនចូលបក្សសម្ព័ន្ធ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា កម្ពុជាតែងប្រកាន់ជំហរជំរុញនិងផ្តល់តម្លៃយន្តការពហុភាគីនិយមព្រោះវាជាច្រកដំណោះស្រាយបញ្ហាសកល ដែលគេមិនអាចដោះស្រាយដោយឯកតោភាគីនិយមបានឡើយ តួយ៉ាងបញ្ហាជំងឺរាតត្បាតជាសកលកូវីដ១៩ វិបត្តិប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខស្បៀង សន្តិសុខថាមពល ជាដើម។
លោក គិន ភា គូសបញ្ជាក់ថា៖ «កម្ពុជាជារដ្ឋតូច បើកម្ពុជាតែឯងនិយាយពីបញ្ហាពិភពលោក គឺគ្មាននរណាស្តាប់ឡើយ តែបើកម្ពុជានិយាយក្នុងក្របខ័ណ្ឌពហុភាគី ទឹកមាត់កម្ពុជាប្រៃ ដូចករណីក្នុងយន្តការអាស៊ាន។ ពហុភាគីនិយមនេះ គេអាចមើលកម្ពុជាជាអាស៊ាន ជាចលនាមិនចូលបក្សសម្ព័ន្ធ ជាអង្គការសហប្រជាជាតិជាដើម ដែលប្រទេសតូចដូចកម្ពុជាត្រូវពង្រឹងយន្តការពហុភាគីនិយមនេះដោយផ្អែកលើទិដ្ឋភាពច្បាប់»។
លោក គិន ភា បានបន្ថែមថា សារៈសំខាន់នៃចលនាមិនចូលបក្សសម្ព័ន្ធ ជាទម្ងន់នៃច្រកការទូតសំខាន់ដល់កម្ពុជា ដែលកម្ពុជាអាចបញ្ជ្រាបអនុសាសន៍នានារបស់ខ្លួនទៅលើបញ្ហាតំបន់ និងពិភពលោក។ តាមរយៈក្របខ័ណ្ឌនេះ សំឡេងកម្ពុជាត្រូវបានផ្ញើចេញទៅកាន់ពិភពលោក។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបន្ថែមថា សមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធគួរជំរុញសកម្មភាពនិងឥទ្ធិពលខ្លួនឡើងវិញស្របពេល ពិភពលោកកំពុងប្រឈមនឹងការប្រទាញប្រទង់នៃក្រុមប្រទេសមហាអំណាច និងបែងចែកគ្នា ដែលជារូបភាពនៃការវិលត្រឡប់មកវិញនូវសង្គ្រាមត្រជាក់។
សូមជម្រាបផងដែរថា ចលនាមិនចូលបក្សសម្ព័ន្ធ(The Non-Aligned Movement) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦១ នាប្រទេសអេហ្ស៊ីប បន្ទាប់ពីមានសន្និសីទអាស៊ី-អាហ្វ្រិកបានឌុង(Bandung) នៅប្រទេសឥណ្ឌូនេស៊ីនាឆ្នាំ ១៩៥៥ ដើម្បីត្រួសត្រាយផ្លូវឯករាជ្យ និងអព្យាក្រឹតភាពសម្រាប់នយោបាយការបរទេសរបស់ពិភពលោកដែលបញ្ចៀសមិនឱ្យរដ្ឋជាសមាជិកក្លាយទៅជាកូនអុករបស់ការប្រណាំងប្រជែងឥទ្ធិពលនៃប្រទេសមហាអំណាចនៅសម័យសង្គ្រាមត្រជាក់។
បច្ចុប្បន្នចលនានេះមានរដ្ឋជាសមាជិកចំនួន ១២០ ប្រទសបូករួមទាំងកម្ពុជាផង ហើយរដ្ឋជាអ្នកសង្កេតការណ៍មានចំនួន១៧ និងអង្គការចំនួន១០៕