ភ្នំពេញៈ ក្រុមបណ្ដាញយុវជន និងអង្គការសង្គមស៊ីវិលជាង ៣០០ នាក់ បានចូលរួមយុទ្ធនាការ ១០០ កោដិសំឡេងឆ្នាំ ២០២៣ បានប្រព្រឹត្តឡើងក្រោមប្រធានបទ «ក្រោកឡើងដើម្បីសេរីភាពរបស់ក្មេងស្រី និងស្ដ្រីគ្រប់ចម្រុះភាព» ក្នុងគោលបំណងជំរុញឱ្យមានការទទួលស្គាល់ពីសិទ្ធិ និងសេរីភាពចាកចេញពីរបបបិតាធិបតេយ្យដែលកើតឡើងតាមរយៈអំណាច ហើយក៏ជាការផ្សព្វផ្សាយនូវការបង្កើតវប្បធម៌ថ្មីមួយទៅក្នុងសហគមន៍ ដើម្បីបញ្ឈប់អំពើហិង្សាលើក្មេងស្រី និងស្ដ្រីផងដែរ។
យុទ្ធនាការឆ្នាំ ២០២៣ នេះ ត្រូវបានសហការរៀបចំឡើងដោយបណ្ដាញយុវជនកម្ពុជា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហ្វារពន្លឺសិល្បៈ ទីសុវត្ថិភាព តម្លាភាពកម្ពុជា និងក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ និងអង្គការនារីដើម្បីសន្ដិភាពក្រោមការគាំទ្រពី European Union Save the children Sverige Diskonia Heinrich និង Norwegian Peoples Aid។
យោងតាមសេចក្តីប្រកាសព័ត៌មាន យុទ្ធនាការ ១០០ កោដិសំឡេង កាលពីថ្ងៃទី ៤ ខែមីនា បានឱ្យដឹងថា យុទ្ធនាការនេះ បានប្រព្រឹត្តឡើងកាលពីចុងខែកុម្ភៈ នៅកូកូណាត់ផាក ដែលមានអ្នកចូលរួមប្រមាណ ៣០៤ នាក់។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញឱ្យមានការទទួលស្គាល់ពីសិទ្ធិ សេរីភាព និងភាពជា ខ្លួនឯងរបស់ក្មេងស្រី ស្ដ្រីគ្រប់ចម្រុះភាព និងសេរីភាពចាកចេញពីរបបបិតាធិបតេយ្យដែលកើតឡើងតាមរយៈអំណាច និងភាពលោភលន់។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «យុទ្ធនាការនេះ ក៏ជាការផ្សព្វផ្សាយនូវការបង្កើតវប្បធម៌ថ្មីមួយទៅក្នុងសហគមន៍ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ដ្រី លុបបំបាត់តួនាទីយេនឌ័រ និងស្វែងយល់បន្ថែមពីយេនឌ័រ តាមរយៈសាមគ្គីភាពនៃថាមពលសិល្បៈ និងការរាំដែលមានចម្រុះភាពផងដែរ»។
យុទ្ធនាការនេះ ក៏ខុសប្លែកពីយុទ្ធនាការផ្សេងៗទៀតដែរ ពីព្រោះមានការរាំជុំគ្នា ដែលជាការបង្ហាញអំពីភាពជាខ្លួនឯង ដោយការរាំមិនមានការកំណត់ស្ដង់ដា ដូច្នេះអ្នកចូលរួម គឺមានសិទ្ធិចូលរួមរាំដោយសេរី អាចជ្រើសរើសអ្នកណាក៏បាន ហើយនៅពេលណាក៏បាន ជាពិសេសជាងនេះការរាំនេះ ក៏បង្ហាញអំពីសាមគ្គីភាព និងរួបរួម គ្នាក្នុងការបញ្ឈប់អំពើហិង្សាលើក្មេងស្រី និងស្ដ្រីគ្រប់ចម្រុះភាព។
ក្រៅពីការរាំ ក៏មានការបង្ហាញទម្រង់សិល្បៈជាច្រើន រួមមាន ការច្រៀង ការដើរបង្ហាញម៉ូដ ការសម្ដែងល្ខោន ការបញ្ចាំងរឿងខ្លីៗ និងការប្រកួតប្រជែងសេរីភាពនៃគំនិតច្នៃប្រឌិត ដែលទម្រង់ទាំងនេះ នឹងធ្វើឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតក្នុង ការរួមចំណែកកាត់បន្ថយអំពើហិង្សាលើក្មេងស្រី និងស្ដ្រីគ្រប់ចម្រុះភាព។
ទាក់ទិនរឿងនេះ កញ្ញា កែវ យ៉ារី អ្នកសម្របសម្រួលគម្រោងនៅបណ្ដាញយុវជនកម្ពុជា (CYN) បានឱ្យដឹងថា យុទ្ធនាការ ១០០ កោដិសំឡេងនេះ គឺជាវេទិកាមួយដើម្បីផ្សព្វផ្សាយទៅដល់សាធារណជន តាមរយៈសំឡេង និងសារនៃកម្មវិធីត្រូវបានពន្លឺឡើងក្នុងយុទ្ធនាការដ៏សកម្មនេះ។
កញ្ញាថា វាក៏បានឮដល់ និងបង្កើតផលវិជ្ជមានដល់ក្រុមគ្រប់ចម្រុះភាពទាំងអស់ និងបង្ហាញជារូបភាពដ៏ល្អមួយដល់សង្គមថា ការសហការរវាងគ្នា និងគ្នា គឺជាភាពខ្លាំងដើម្បីទម្លាយបញ្ហាប្រឈមទាំងអស់។
កញ្ញា យ៉ារី លើកឡើងថា៖ «តាងនាមជាសមាគមយុវជន១រូប ខ្ញុំចង់ឃើញការចូលរួមកាន់តែច្រើនពីដៃគូពាក់ព័ន្ធ និងសាធារណជនបន្តទៅទៀត ដើម្បីសេរីភាពពេញលេញ និងការគោរពសិទ្ធិមនុស្សនាពេលអនាគត»។
កញ្ញា ទេព រចនា ជាអ្នកចូលរួមក្នុងថ្ងៃយុទ្ធនាការនេះ ថ្លែងថា មានមនុស្សចម្រុះ ក្មេង ចាស់ ប្រុស ស្រី ជាច្រើនបានមកចូលរួមយុទ្ធនាការ ១០០ កោដិសំឡេងនេះដោយសារយុទ្ធនាការនេះ គឺតស៊ូដើម្បីសិទ្ធិ សេរីភាពរបស់ក្មេងស្រី និងស្ដ្រី ដែលវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយវាក៏ជាកាតព្វកិច្ចរបស់មនុស្សគ្រប់ៗគ្នាផងដែរ។
កញ្ញា រចនា ថ្លែងថា៖ «ខ្ញុំសប្បាយចិត្តពេលដែលឃើញបងប្អូនស្រីៗ អ៊ំ ពូមីង និងមនុស្សចម្រុះជាច្រើនចូលរួមយុទ្ធនាការ ១០០ កោដិសំឡេង ពីព្រោះការប្រយុទ្ធតស៊ូដើម្បីសិទ្ធិ សេរីភាពរបស់ក្មេងស្រី និងស្ដ្រីពិតជាមានសារៈសំខាន់»។
កញ្ញាថ្លែងថា កម្មវិធីនៅក្នុងយុទ្ធនាការនេះ នឹងផ្ដល់ឱ្យមនុស្សគ្រប់គ្នានៅកន្លែងដែលសុវត្ថិភាព ក្នុងការបញ្ចេញសំឡេងរបស់ក្មេងស្រី និងស្ដ្រីគ្រប់ចម្រុះភាព និងក៏អាចយល់ដឹងបន្ថែមអំពីសិទ្ធិសេរីភាពរបស់ខ្លួនឯងផងដែរ។
យុទ្ធនាការ ១០០ កោដិសំឡេង ត្រូវបានបង្កើតឡើងនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ក្នុងឆ្នាំ ២០១២ ក្នុងមូលហេតុដោយសារតែមានស្ដ្រីម្នាក់ក្នុងចំណោម ៣ នាក់ បានរងការវាយដំ ចាប់រំលោភក្នុងអំឡុងពេលពេញ ១ ជីវិតរបស់ពួកគេ។
នេះបើយោងតាមអង្គការសហប្រជាជាតិ។ ការបង្កើតយុទ្ធនាការនេះ មានគោលបំណងប្រមូលផ្ដុំសំឡេងមនុស្ស ១០០ កោដិនាក់ ឬលើសពីនេះដើម្បីចូលរួមលុបបំបាត់អំពើហិង្សាលើក្មេងស្រី និងស្ដ្រីគ្រប់ចម្រុះភាព។កម្ពុជាបានចាប់ផ្ដើមប្រារព្ធនិងធ្វើយុទ្ធនាការនេះក្នុងឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ន៕