ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានជំរុញដល់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឱ្យបានឆាប់រហ័ស ក្រោយរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់ដីជាង៦០០ហិកតាជាដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនគ្រួសារអតីតកងកម្លាំង ដែលស្ថិតតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
ការជំរុញនេះបានធ្វើឡើងក្នុងពេលដឹកនាំប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន ចែកជូនគ្រួសារកងទ័ព នគរបាលឈរជើង អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ នៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។
លោក ជា សុផារ៉ា បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់ដីតាមបណ្ដោយព្រំដែនបន្ទាប់ពីរាជរដ្ឋាភិបាលបានបោះបង្គោលខណ្ឌសីមាព្រំដែនរវាងខេត្តស្វាយរៀង-ខេត្តឡុងអាននិងខេត្តតៃនិញនៃប្រទេសវៀតណាម ដែលមានផ្ទៃដីសរុប ៦៥៣ ហិកតា២៥អា សម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។
លោកថា សម្រាប់ជំហានទី១ រដ្ឋបាលខេត្តស្វាយរៀងបានកំណត់យកផ្ទៃដីទំហំ ៣០០ហិកតា ៨អា ដើម្បីអនុវត្តនៅក្នុងស្រុកកំពង់រោទ៍និងស្រុកចន្ទ្រា ដោយបែងចែកជាតំបន់លំនៅឋាននៅចន្លោះបង្គោលព្រំដែនលេខ ២០០ចាប់ពីចំណុចស្រុកចន្ទ្រា រហូតដល់បង្គោលព្រំដែនលេខ ២០២/២ ក្នុងនោះបានបែងចែកដីឡូត៍លំនៅឋានជូនប្រជាពលរដ្ឋបាន ១២៣៦ឡូ។
លោកបន្តថា៖«ក្រៅពីបានបែងចែកដីឡូត៍លំនៅឋានរដ្ឋបាលខេត្តក៏បែងចែកជាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យតំបន់រដ្ឋបាលសាធារណៈដូចជា ផ្សារ សាលារៀន វត្តអារាម ដីរួមភូមិ ប៉ុស្តិ៍ការពារព្រំដែនទាំងខាងកងទ័ពនិងនគរបាលជាតិ ក្នុងនោះក៏មានរៀបចំដីសមាគមនារីចំនួន ៣ ហិកតា និងដីផ្សារចំនួន ៣ ហិកតា ២៩អា និងមានរៀបចំជាសួនសាធារណៈបង្កើនភាពបៃតង និងដីការិយាល័យទី២ កងទ័ពជើងគោក៥ហិកតា ហើយសម្រាប់ដីលំនៅឋានជូនប្រជាពលរដ្ឋរស់នៅក្នុង១គ្រួសារគឺមានទំហំ ៣០ម៉ែត្រគុណនឹង ៤០ ម៉ែត្រ»។
លោក ជា សុផារ៉ា អះអាងទៀតថា ទីតាំងស្រុកកំពង់រោទ៍ និងស្រុកចន្ទ្រានេះដែរ ក៏បានទទួលការគាំទ្រពីរាជរដ្ឋាភិបាលនូវលំនៅឋានចំនួន១០០ ខ្នង ក្នុងនោះលំនៅឋាន ៥០ ខ្នងនៅក្នុងស្រុកចន្ទ្រា និង៥០ខ្នងទៀតនៅស្រុកកំពង់រោទ៍។
លើសពីនេះទៀត ដោយទទួលបានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យអន្តរក្រសួងបានរៀបចំទីតាំងនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីរូបនេះ ក៏បានជំរុញទៅកាន់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ផ្លូវ ទឹកស្អាតសម្រាប់ប្រើប្រាស់ ភ្លើងអគ្គិសនី ពន្លឿនបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម ក្នុងនោះការសាងសង់សំណង់លំនៅឋានត្រូវធានានូវគុណភាពតាមលក្ខណៈបច្ចេកទេសផងដែរ។
ក្រៅពីបានស្នើសុំឱ្យមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំតំបន់នេះឱ្យក្លាយទៅជាតំបន់មានសក្តានុពល មានការអភិវឌ្ឍនិងលើកស្ទួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋហើយនោះ លោក ជា សុផារ៉ា ក៏បានស្នើឱ្យលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជួយសម្របសម្រួលរៀបចំក្នុងការសាងសង់ផ្សារ នៅលើផ្ទៃដីប្រមាណ ៣ហិកតា នៅតំបន់នេះថែមទៀត។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែង ដោយបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ និងគ្រួសារទីទ័លក្រឱ្យមានលំនៅឋានសមរម្យនិងមានជីវភាពល្អប្រសើរ។ ជាមួយគ្នានេះ ក្នុងនាមខេត្តស្វាយរៀង លោកបានបង្ហាញការប្តេជ្ញាចិត្ត និងខិតខំសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីឱ្យដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធដំណើរការរលូន។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីបានបង្ហាញដែរថា កន្លងមកខេត្តស្វាយរៀងបានអនុវត្តគម្រោងដីសម្បទានសង្គមកិច្ចបានចំនួន២ទីតាំងហើយដែលក្នុងនោះមានគម្រោងចាស់១មានទីតាំងស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក មានក្រឡាផ្ទៃ១៥៣ ហិកតា ៦៥អា ដោយបានបែងចែកផ្ទៃដីលំនៅឋានទំហំ៤០ ម៉ែត្រគុណនឹង ៥០ ម៉ែត្រក្នុង១គ្រួសារជូនប្រជាពលរដ្ឋ ៤០០គ្រួសារដែលចេញពីអតីតកងកម្លាំងប្រដាប់អាវុធចំនួន ៣៣១ គ្រួសារ និងចេញពីគ្រួសារកងទ័ពនិងនគរបាលជាតិចំនួន ៦៩ គ្រួសារ និងបានស្ថាបនាផ្លូវប្រវែង១០ គីឡូម៉ែត្រ ៤០០ ម៉ែត្រ សាងសង់លូកាត់ផ្លូវចំនួន ២០ កន្លែង ដាក់បង្គោលភ្លើងនិងតភ្ជាប់បណ្ដាញអគ្គិសនីចូលផ្ទះប្រជាពលរដ្ឋបានចំនួន ៤០០ ខ្នងផ្ទះ បានជីកអណ្ដូងស្នប់ចំនួន ៣៤អណ្ដូង និងធ្វើបង្គន់អនាម័យចំនួន ១៨០ បង្គន់។
ដោយឡែកចំពោះគម្រោងថ្មីដែលខេត្តស្វាយរៀងទើបទទួលបានតាមរយៈលិខិត សជណ លេខ១៩៥ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់ដីតាមបណ្ដោយព្រំដែនមានផ្ទៃដីសរុប ៦៥៣ ហិកតា២៥អា សម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនគ្រួសារកងទ័ព នគរបាលជាតិឈរជើងតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ៕