ភ្នំពេញៈ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ៣០០ ៧៧៩ ដុល្លារអាមេរិកដល់ស្ថាប័នចំនួន ៣ ក្រោមគ្រោងការជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ដោយលោកអ៊ូអិណុ អាត់ស៊ូស៊ីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣ដើម្បីអនុវត្តគម្រោង។
គម្រោងទី១គឺសាងសង់អគារសិក្សានៅសាលាបឋមសិក្សាក្នុង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានថវិកាចំនួន ១២០ ៧៦៨ដុល្លារអាមេរិក ដែលស្ថាប័នទទួលជំនួយគឺមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ។ ក្នុងគម្រោងនេះ អគារសិក្សាចំនួន១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារិមសាលារៀន នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សារំដួល។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖«បច្ចុប្បន្ននេះ សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សាដោយសារអគារសិក្សាថ្ម និងគ្រឿងសង្ហារិមធ្វើពីឈើ ដែលមានសព្វថ្ងៃមានសភាពទ្រុឌទ្រោម។គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុនហើយយើងរំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ២២០នាក់ និងគ្រូបង្រៀនចំនួន៩នាក់ តាមរយៈការកែលម្អគុណភាពអប់រំ»។
គម្រោងមួយទៀត គឺសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភ្នំរអិលក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានថវិកាចំនួន៩១ ០១០ដុល្លារអាមេរិក ដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះជានស្ថាប័នទទួល។ ក្នុងគម្រោងនេះ អគារសិក្សាចំនួន១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យចំនួន១ខ្នង ៣បន្ទប់ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាភ្នំរអិល។ ជាមួយគ្នានេះផងដែរ គ្រឿងសង្ហារិមសាលារៀន ដូចជាតុ កៅអី និងក្តារខៀន នឹងត្រូវបានដំឡើង។
សាលានេះបាននិងកំពុងជួបបញ្ហាប្រឈមមួយចំនួនដោយសារការខូចទ្រុឌទ្រោមនៃអគារសិក្សាឈើ និងគ្រឿងសង្ហារិមដែលមានបច្ចុប្បន្ន។ តាមរយៈការសាងសង់អគារសិក្សាដែលសមរម្យ និងការដំឡើងគ្រឿងសង្ហារិមសាលារៀនថ្មី ហើយស្ថានទូតរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ២៦៦នាក់ និងគ្រូបង្រៀនចំនួន៧នាក់តាមរយៈការកែលម្អគុណភាពអប់រំ។
គម្រោងចុងក្រោយ គឺជាគម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិតនិងឧបករណ៍ព្យាបាលដោយចលនានៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការកៀនឃ្លាំង ដែលមានថវិកាចំនួន៨៩ ០០១ដុល្លារអាមេរិក តាមរយៈមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការកៀនឃ្លាំង។
ឧបករណ៍សម្រាប់ផលិតឧបករណ៍សិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនាចំនួន ១១ប្រភេទ នឹងត្រូវបានដំឡើងនៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការកៀនឃ្លាំង(PRC)ក្នុងរាជធានីភ្នំពេញ។ PRC នេះបាននិងកំពុងជួបបញ្ហាប្រឈមមួយចំនួនដោយសារតែការខូចទ្រុឌទ្រោមនៃឧបករណ៍ចាំបាច់សម្រាប់ផលិតឧបករណ៍សិប្បនិម្មិតនិងរណប និងកង្វះឧបករណ៍ព្យាបាលដោយចលនាដែលប្រើសម្រាប់ការស្តារនីតិសម្បទា។
តាមរយៈការផ្តល់ឧបករណ៍ទាំងនេះ PRC នេះនឹងអាចផលិតឧបករណ៍សិប្បនិម្មិត និងរណប ក្នុងរយៈពេលខ្លីជាងមុន ហើយផ្តល់សេវាស្តារនីតិសម្បទាដែលប្រសើរជាងមុន។
សេចក្តីប្រកាសដដែលបានឱ្យដឹងថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍនិងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានគោលបំណងការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ព្រមទាំងជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦៦លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន៧០២គម្រោងនៅទូទាំងប្រទេសកម្ពុជា៕