ភ្នំពេញៈ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌទ្វេភាគីរវាងក្រសួងទាំង ២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។
VNA បានចុះផ្សាយពីថ្ងៃទី ៤ ខែមីនាថា «ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមបានពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០២២ និងបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការថ្មីសម្រាប់ឆ្នាំនេះ»។
ផែនការសហប្រតិបត្តិការថ្មីនេះត្រូវបានចុះហត្ថលេខារវាងលោកតូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមនិងលោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។
ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសដែលលោក ស ខេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជាទៅបំពេញទស្សនកិច្ចនៅវៀតណាមរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ទី ៥ ខែមីនា ដើម្បីអនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនានា រវាងក្រសួងទាំង ២ តបតាមការអញ្ជើញរបស់លោកតូ ឡឹម។
VNA បានផ្សាយថា ក្នុងឆ្នាំ ២០២២ ទោះបីមានការលំបាកមួយចំនួនបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏កងកម្លាំងនគរបាលនៃក្រសួងទាំង ២ បានបង្កើនកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងត្រួតពិនិត្យឧក្រិដ្ឋកម្ម ដូចជាការផ្លាស់ប្តូរព័ត៌មាន និងផ្ទៀងផ្ទាត់សំណើពាក់ព័ន្ធនឹងឧក្រិដ្ឋជនដែលស្ថិតក្នុងបញ្ជីស្វែងរកចាប់ខ្លួនអន្តរជាតិដោយទទួលបានលទ្ធផលសំខាន់ៗមួយចំនួន ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស។
ក្នុងជំនួបជាមួយប្រធានាធិបតីវៀតណាម លោក Vo Van Thuong កាលពីថ្ងៃទី ៤ មីនា លោក ស ខេង បានអំពាវនាវឱ្យវៀតណាមចែករំលែកបទពិសោធន៍ និងគាំទ្រប្រទេសកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ធំៗមួយចំនួននៅឆ្នាំ ២០២៣ រួមមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។
លោក Thuong បញ្ជាក់ថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកបទពិសោធន៍នេះ។ នេះបើតាម VNA។
បើតាម VNA លោក ស ខេង ក៏បានស្នើឱ្យវៀតណាមសម្របសម្រួលជាមួយកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំតាមបណ្តាខេត្តជាប់ព្រំដែន និងបើកច្រកព្រំដែនថ្មីចំនួន ២ លើខ្សែបន្ទាត់ព្រំដែនរួម ដើម្បីជំរុញការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោក Thuong បានឯកភាពជាមួយលោកស ខេង លើបញ្ហានេះ។
ក្នុងពិធីសំណេះសំណាលជាមួយសិក្ខាកាមកំពុងសិក្សាតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅភូមិភាគខាងជើង នៃប្រទេសវៀតណាមនៅមហាវិទ្យាល័យបង្ការ និងពន្លត់អគ្គិភ័យកាលពីថ្ងៃទី ៥ មីនា លោក ស ខេង បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះសិក្ខាកាមនគរបាលជាតិកម្ពុជាដែលបានខិតខំសិក្សារៀនសូត្រទាំងទ្រឹស្ដី និងអនុវត្តការហ្វឹកហាត់ជាក់ស្ដែងលើមុខជំនាញដែលសាលា និងសាស្ត្រាចារ្យវៀតណាមបានអប់រំ និងបណ្ដុះបណ្ដាល។
ហ្វេសប៊ុកលោក ស ខេង បញ្ជាក់ថា លោកបានណែនាំសិក្ខាកាមទាំងអស់ ឱ្យបង្កើនការគោរពវិន័យសាលាឱ្យបានត្រឹមត្រូវ បន្តរក្សាភាពអត់ធ្មត់ តស៊ូ និងព្យាយាមសិក្សារៀនសូត្រឱ្យបានពូកែ និងស្ទាត់ជំនាញទាំងទ្រឹស្ដី និងការហ្វឹកហាត់ជាក់ស្ដែង។ លោកបានបង្ហាញក្ដីសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលក្នុងជួរកងកម្លាំងនគរបាលជាតិ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅប្រទេសវៀតណាម។
លោក ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាល និងក្រសួងនគរបាលវៀតណាម ព្រមទាំងសាស្ត្រាចារ្យ និងគ្រូនគរបាលនៃប្រទេសវៀតណាមដែលបានផ្ដល់ការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការ និងបណ្ដុះបណ្ដាលនគរបាលជាតិកម្ពុជាទាំងពេលកន្លងមក នាពេលនេះ និងគម្រោងនាពេលអនាគត។
មុខជំនាញ ដែលសិក្ខាកាមនគរបាលកម្ពុជាកំពុងសិក្សាតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅភូមិភាគខាងជើងនៃប្រទេសវៀតណាមនេះ រួមមានផ្នែកសន្តិសុខ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ផ្នែកបច្ចេកទេសអេឡិចត្រូនិក ផ្នែកបង្ការ និងពន្លត់អគ្គិភ័យ ផ្នែកពន្ធនាគារ និងផ្នែកបច្ចេកវិទ្យា និងទូរគមនាគមន៍ ដែលមានសិក្ខាកាមសរុបចំនួនចំនួន ៧៦ នាក់៕