​ភ្នំពេញៈ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ទិវា​ជាតិ​អំ​ណាន​លើក​ទី​៨ ធ្វើ​នៅ​ទីស្តីការក្រសួង​អប់រំ​នៅ​ថ្ងៃទី ​៦ ខែមីនា លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ដល់​មាតាបិតា​ ឬ​អាណាព្យាបាល​សិស្ស​ត្រូវ​អប់រំ​ប្រៀនប្រដៅ និង​ហាមឃាត់​កូនៗ​កុំឱ្យ​លេង​ហ្គេម ហើយ​បែរមក​នាំ​កូន​អាន​សៀវភៅ​ឬ​តម្រូវឱ្យ​កូន​អាន​សៀវភៅ​ដោយ​ផ្តល់​ការលើកទឹកចិត្ត​ដល់​ការអាន រឿងព្រេង​ផ្សេងៗ​ឱ្យ​កូន​ដែល​នៅ​វ័យក្មេងៗ​ស្តាប់​វិញ​។

​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​លើកឡើងថា នៅ​សាលារៀន​លោកគ្រូ​អ្នកគ្រូ​បាន​ហាមឃាត់​មិនឱ្យ​សិស្ស​លេង​ហ្គេម​ហើយ ប៉ុន្តែ​ដោយឡែក​នៅពេល​សិស្ស​ត្រឡប់​ទៅដល់​ផ្ទះ​ជា​តួនាទី​របស់​មាតាបិតា​អាណាព្យាបាល​ទាំងអស់​ត្រូវ​ចូលរួម​អប់រំ ណែ​នាំ​ហាមឃាត់​កុំឱ្យ​កូនៗ​លេង​ហ្គេម​ព្រោះ​ការលេង​ហ្គេម​ធ្វើឱ្យ​ក្មេងៗ​ញៀន​ភ្លេច​ការសិក្សា​។​

​លោក​ថ្លែងថា​៖ «​នៅក្នុង​សាលារៀន​គ្រូ​ប្រៀនប្រដៅ​ហើយ​ត្រួតពិនិត្យបាន ប៉ុន្តែ​ដល់ផ្ទះ​គ្រូ​អត់​អាច​ទៅ​ត្រួតពិនិត្យ​នៅផ្ទះ​បានទេ​។ ​ដូច្នេះ ខ្ញុំ​សុំ​អំពាវនាវ​សូមឱ្យ​មាតាបិតា​ពិនិត្យមើល​កូនចៅ​ជាពិសេស​ការលេង​ហ្គេម​នេះ​មិន​ត្រឹម​តែ​រំខាន​ការរៀនសូត្រ​ទេវា​ធ្វើឱ្យ​ជក់​ញៀន​លេង​ហ្គេម​ធ្វើឱ្យប៉ះពាល់​លទ្ធ​ផល​នៃ​ការសិក្សា អ៊ីចឹង​សូម​មាតាបិតា​ហាមឃាត់​កូន​កុំឱ្យ​លេង​ហ្គេម ហើយ​នាំ​កូន​អាន​សៀវភៅ​»​។​

​លោក​ ហង់​ជួន ណា​រ៉ុ​ន បាន​លើក​ឡើង​ទៀតថា ក្នុងការ​សិក្សា​ត្រូវតែ​តម្រូវឱ្យ​សិស្ស​អាន​ឱ្យបាន​ច្រើន ជាពិសេស​គឺ​មាតាបិតា​ជា​អ្នកចូលរួម​សំខាន់​ក្នុង​ជំរុញ​ការអាន​របស់​កូនៗ​ហើយ​កម្មវិធី​សិក្សា​គឺមាន​ការលើកទឹកចិត្ត​ឱ្យ​អាន​និង​តម្រូវឱ្យ​អាន​ដើម្បី​សិស្ស​ស្គាល់​ទាំង​អក្សរសិល្ប៍​ខ្មែរ និង​អក្សរសិល្ប៍​បរទេស​។​

​លោក​ថ្លែងថា​៖ «​ក្នុង​ក្រុមគ្រួសារ​ចាំបាច់​ត្រូវតែ​លើកទឹកចិត្ត​បណ្តុះ​ឱ្យ​គាត់​អាន ឱ្យមាន​ទម្លាប់​អាន ហើយ​ការបណ្តុះ​ទម្លាប់​អាន​នេះ​គឺ​តាំងតែ​ពី​តូច​មក​ទើប​បានឱ្យ​គាត់​ស្រឡាញ់​សៀវភៅ ស្រឡាញ់​ការអាន ហើយ​នៅពេល​គាត់​ស្រឡាញ់​សៀវភៅ និង​ការ​អាន​គាត់​នឹង​ចាប់យក​ការសិក្សា​មួយ​ដែល​ខំប្រឹង​អាន​សៀវភៅ​ហ្នឹងហើយ​អ៊ីចឹង​ការអាន​ជា​មូលដ្ឋានគ្រឹះ​នៃ​ការរៀនសូត្រ​ពេញ​ ១ ​ជីវិត​»​។

​លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា ទិវា​អំ​ណាន​លើក​ទី៨ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ ១១ មីនា ក្រោម​ប្រធានបទ​អំ​ណាន​ជា​មាគ៌ា​ឆ្ពោះទៅ​បរិវត្ត​កម្មវិស័យ​អប់រំ​នឹង​ធ្វើឡើង​តាំងពី​ថ្នាក់ក្រោម​ជាតិ​រហូតដល់​ថ្នាក់ជាតិ និង​មាន​កិច្ច​សហ​ការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាមួយនឹង​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​​ពាក់ព័ន្ធ​ដទៃទៀត​។

​លោក​ថា ពី ​១​ ឆ្នាំទៅ​ ១ ​ឆ្នាំ ទិវា​ជាតិ​អំ​ណាន​កាន់​តែមាន​លក្ខណៈ​ទូលាយ​ឡើងៗ​និង​កាន់​តែមាន​លក្ខណៈ​ផុស​ផុល​និង​មានការ​ចូលរួម​ពី​គ្រប់​ម​ជ្ឈ​ដ្ឋា​ន​ដោយបាន​រៀបចំ​ជា​កម្មវិធី​សំខាន់ៗ​ជាច្រើន​ដើម្បី​លើកកម្ពស់​ទិវា​ជាតិ​អំ​ណាន និង​លើកកម្ពស់​ការអាន​នៅ​កម្ពុជា ទោះបីជា​ក្នុង​បរិបទ​កូ​វីដ​ក៏ដោយ ក៏មាន​ការរៀបចំ​ទិវា​ជាតិ​អំ​ណាន​ជា​លក្ខណៈ​អន​ឡាញ​ផងដែរ​។​

​លោក​ ហង់​ជួន ណា​រ៉ុ​ន បាន​បន្ថែមថា ក្រសួង នឹង​រៀបចំ​ការប្រកួតប្រជែង​បកស្រាយ​ប្រធានបទ​អក្សរសិល្ប៍​ស្តីពី​គុណ​តម្លៃ​មន​ស្ស នៅក្នុង​យុគសម័យ​ឌីជីថល​។ រៀបចំ​វេទិកា​ពិភាក្សា​ស្តីពី​សារៈសំខាន់​នៃ​អំ​ណាន និង​ការ​ស្រាវ​​ជ្រាវ​។​ជាមួយគ្នានេះ រូបលោក​នឹងចូលរួម​ធ្វើ​បាឋកថា​ ១ ​ស្តីពីរ​ង្វា​យ​តម្លៃ​សិក្សា​របស់​សិស្ស​ក្នុង​បរិបទ​ក្នុង​ការអប់រំ​សតវត្សរ៍​ទី​២១ ផងដែរ​។

​បើតាម​លោក ហង់​ជួន ណា​រ៉ុ​ន ក្រសួង​បានរៀបចំ​កម្មវិធី​ផ្សេងៗ​ក្នុង​ទិវា​ជាតិ​អំ​ណាន​លើក​ទី៨ មានដូចជា នៅ​ថ្ងៃទី​ ៨ ខែមីនា ដល់​ថ្ងៃទី​ ១០ ខែមីនា នឹងមាន​ការប្រកួតប្រជែង ថ្នាក់​ជាតិ​លើ​វិញ្ញាសា​ការអាន​អត្ថបទ ការ​​ស្មូត​កំណាព្យ និង​ការ​តែង​និពន្ធ ព្រមទាំង​ការប្រកួតប្រជែង​បកស្រាយ​ប្រធានបទ​គុណ​តម្លៃ​មនុស្ស​ក្នុង​យុគសម័យ​ឌីជីថល​។ ថ្ងៃទី​ ១០ មីនា ឆ្នាំ​ ២០២៣ វេលា​ម៉ោង​ ២ ដល់​ម៉ោង​ ៥ មាន​សិក្ខាសាលា​ ១ ស្តីពី​ការអភិវឌ្ឍ​បណ្ណាល័យ សាលាបឋមសិក្សា និង​ការរៀបចំ​ទិវា​ជាតិ​អំ​ណាន ។

​នៅ​ថ្ងៃទី​ ១០-១២ ខែមីនា នឹងមាន​ការដាក់​សម្ពោធ​និង​ការតាំងពិព័រណ៍​សៀវភៅ​ចំនួន​ ១១០​ ស្តង់ មកពី ​៨៧ ស្ថាប័ន​នៅ​បរិវេណ​វិទ្យាស្ថាន​បច្ចេក​​វិទ្យា​កម្ពុជា ហើយ​បើកទូលាយ​ជូន​សាធារណជន​ចូលរួម​ទស្សនា អាន និង​ជាវ​សៀវភៅ ដោយ​សេរី​។ ទិវា​ជាតិ​អំ​ណាន​លើក​ទី​៨​ នេះ នឹងមាន​អ្នក​​ចូលរួម​ប្រមាណ ៤ ០០០​ នាក់ ។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​សាធារណ​ជន​ទាំងអស់​នាំ​កូនចៅ​មក​ចូលរួម​នៅក្នុង​ពិព័រណ៍​សៀវភៅ​នេះ​។​ការបណ្តុះ​កូន​ពី​តូច​ឱ្យ​ចូលរួម​ក្នុង​ពិព័រណ៍​នាំ​កូន​ទៅ​បណ្ណាល័យ​នៅ​ពី​តូចក្តី​ពេល​ជំទង់​ក្តី​នឹងធ្វើ​ឱ្យ​កូន​មានការ​ចាប់អារម្មណ៍ នឹង​លើកទឹកចិត្ត​ដល់​ការអាន​ផងដែរ​។ អ៊ីចឹង​យើង​ដឹង​ហើយ​ថា អាន​កាន់តែច្រើន ចេះ​កាន់តែច្រើន​»​។

​ប្រភព​ដដែល​បន្ថែមថា ក្នុង​ទិវា​ជាតិ​អំ​ណាន​លើក​ទី​៨​ នេះ នឹងមាន​បទ​បង្ហាញ​ ១ ស្តីពី​សារៈសំខាន់​របស់​អំ​ណាន​ក្នុងការ​សិក្សា​ដោយមាន​មានការ​ចូលរួម​របស់ ព្រះ​មុនី​កោសល្យ​បណ្ឌិត យ៉​ន សេង​យៀ​ត សាក​ល​វិទ្យា​ធិ​ការ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ និង​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន ជានរ​វិទូ​ខ្មែរ​ម្ចាស់​ពានរង្វាន់​ហ្វ៊ូ​គូ​អូ​កា​នៃ​ប្រទេស​ជប៉ុន​ចូលរួម​បកស្រាយ​ប្រធានបទ​នេះ​៕

វីដេអូ៖