ភ្នំពេញៈ ក្រុមមន្ត្រីបរិស្ថាន និងអាជ្ញាធរខេត្តព្រះវិហារ កំពុងស៊ើបអង្កេតលើករណីភ្លើងឆេះព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក នាប៉ុន្មានថ្ងៃជាប់គ្នាកន្លងមកនេះ ដែលបង្កផលប៉ះពាល់និងខូចខាតដល់ព្រៃឈើ ប្រមាណជាង ៤ ០០០ ហិកតា។ នេះបើយោងតាមសម្ដីមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣។
លោក Benjamin Joseph Davis ដែលជាអ្នកស្រឡាញ់ និងការពារធនធានធម្មជាតិ ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងរយៈពេលជាង ១ សប្ដាហ៍កន្លងមកនេះ ភ្លើងឆេះព្រៃដែលបង្កឡើងពីសកម្មភាពមនុស្សដែលទាំងស្របច្បាប់ និងមិនស្របច្បាប់ក្នុងការរុករកអនុផលព្រៃឈើ ដូចជា ទឹកឃ្មុំព្រៃ ជ័រទឹក ឬជ័រចុង រុក្ខជាតិឱសថ និងសត្វព្រៃ [អណ្ដើក] ហើយប្រើប្រាស់ភ្លើងដោយខ្វះការប្រុងប្រយ័ត្ន បានបង្កឱ្យឆេះរាលដាល ប៉ះពាល់ និងខូចខាតដល់ធនធានព្រៃឈើ និងជីវចម្រុះ ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ជាង ៤ ០០០ ហិកតា។
លោកថ្លែងថា៖ «ថ្វីដ្បិតតែការឆេះនេះ មិនបង្កឱ្យស្លាប់ជីវិតមនុស្ស និងសត្វព្រៃធំៗ ប៉ុន្តែវាបានបំផ្លិចបំផ្លាញធនធានព្រៃឈើ និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ។ ជាពិសេស ពូជឈើប្រណីតៗរាប់ពាន់ដើម ដែលសហគមន៍បានរួមគ្នាដាំដុះ ក្នុងរយៈពេល ២-៣ ឆ្នាំកន្លងមកនេះ ត្រូវបានឆេះខូចខាតស្ទើរគ្មានសល់»។
លោក Benjamin ថ្លែងថា ដោយសាររដូវក្ដៅ និងកង្វះទឹកសន្សើមនៅពេលយប់ ស្មៅ និងរុក្ខជាតិតូចៗ ជាច្រើនបានក្រៀមស្វិត ដែលងាយបង្កឱ្យមានភ្លើងឆេះព្រៃនេះ។ នៅពេលនេះ រូបលោកកំពុងសហការជាមួយក្រុមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តព្រះវិហារ ធ្វើការស្រាវជ្រាវរកមុខសញ្ញាក្រុមជនបង្កឱ្យកើតមានករណីភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនេះ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ផង និងបានដាក់ពង្រាយកម្លាំងនៅតាមគោលដៅសំខាន់ៗមួយចំនួនក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដើម្បីឃ្លាំមើល ការពារ និងបង្ក្រាបបទល្មើសសត្វព្រៃ ដែលអាចនឹងកើតមានឡើង ខណៈសត្វព្រៃជាច្រើន កំពុងភ័យខ្លាចហើយរត់គេចចេញពីកន្លែងដែលមានភ្លើងឆេះព្រៃ ទៅកាន់កន្លែងដែលមានសុវត្ថិភាព។
លោកថ្លែងថា ការស្វែងរកមុខសញ្ញាជនបង្កភ្លើងឆេះព្រៃ នៅមិនទាន់ទទួលបានតម្រុយណាមួយនៅឡើយទេមកទល់ពេលនេះ ប៉ុន្តែក្រុមមន្ត្រីពាក់ព័ន្ធ កំពុងបន្តធ្វើការស្រាវជ្រាវ និងចុះផ្សព្វផ្សាយអប់រំពីសារាចរណែនាំស្ដីការបង្ការភ្លើងឆេះព្រៃ។
ជុំវិញករណីនេះ លោក សុងច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ មិនអាចទាក់ទងស្នើសុំការអធិប្បាយបានទេ កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣។
លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៦ ខែមីនាថា ករណីនេះ រដ្ឋបាលខេត្តបានចាត់កម្លាំងបញ្ជាការឯកភាពខេត្តចុះសហការជាមួយលោក Benjamin និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ធ្វើការស្រាវជ្រាវលើករណីនេះផង និងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានផង អំពីការបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ។
លោកបានថ្លែងឱ្យដឹងថា៖ «យើងជឿថា ករណីភ្លើងឆេះព្រៃនេះ ក្រៅពីការដុតភ្លើងដើម្បីយកជ័រទឹក ទឹកឃ្មុំព្រៃ គឺពិតជាមានជនទុច្ចរិត ធ្វើសកម្មភាពលួចដុតព្រៃដើម្បីស្ទាក់ចាប់សត្វព្រៃខុសច្បាប់»។
លោកបន្តថា ជនដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនាត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី ១ ដែលត្រូវជាប់ពន្ធនាគារពី ៣-៥ ឆ្នាំ ឬពី ៥-១០ ឆ្នាំ៕