កំពង់ស្ពឺៈ រុក្ខជាតិខ្មែរជាច្រើនប្រភេទ ត្រូវបានគេយកមកធ្វើជាឱសថព្យាបាលជំងឺផ្សេងៗដូចជាដើមវល្លិ៍ពេជ្រ (បណ្តូលពេជ្រ) ប្រស់ស្វា វល្លិ៍ជុយ និងដើមក្រពាត់ជ្រូកជាដើម។ល។ ហើយក្នុងនោះ ក៏មានរុក្ខជាតិម្យ៉ាងឈ្មោះផ្កាថ្ម ដែលមានដុះដោយកម្រតែនៅលើភ្នំឱរ៉ាល់ក៏ជាឱសថ ១ ប្រភេទដែរ ដែលត្រូវបានគេលក់ក្នុងតម្លៃចន្លោះពី ៤៥ ម៉ឺនទៅ ៥០ ម៉ឺនរៀលក្នុង ១ គីឡូក្រាម។
ដៃម្ខាងលូកវែកស្លឹកឈើ ខណៈដៃម្ខាងទៀតកាន់ដំបងឈើដោលដើម្បីរុញខ្លួនឡើងទៅលើទួលភ្នំដែលមានសភាពថ្មរដិបរដុប លោក ឡយ តាសៃ គឺជាអ្នករុករករុក្ខជាតិផ្កាថ្មម្នាក់ រស់នៅភូមិ តាំងបំពង់ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក ឡយ តាសៃ បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមានរបរធ្វើស្រែ ហើយផុតពីការធ្វើស្រែ លោកអាចរករបរបន្ទាប់បន្សំផ្សេងៗទៀត ដូចជាដាំដំណាំដើម្បីរកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែពេលដល់រដូវភ្លៀងធ្លាក់លោកត្រូវចំណាយពេល ១ សប្តាហ៍ឬច្រើនជាងនេះ ដើម្បីឡើងទៅលើភ្នំឱរ៉ាល់ រុករករុក្ខជាតិម្យ៉ាងឈ្មោះផ្កាថ្មយកមកលក់ឱ្យឈ្មួញដែលជាជនជាតិចិន និងជនជាតិថៃចាំទិញ នៅក្នុងភូមិរបស់លោកក្នុង ១ គីឡូក្រាមមានតម្លៃពី ៤៥ ម៉ឺនទៅ ៥០ ម៉ឺនរៀល។ រុក្ខជាតិផ្កាថ្មនេះ មិនមានដុះនៅលើដីធម្មតាឡើយ ហើយទោះគេដាំក៏មិនដុះដែរ។
ដោយសារតែវាមានតម្លៃថ្លៃបែបនេះហើយ ទើបបានជាអ្នកភូមិរបស់លោកនាំគ្នាសម្រុកឡើងទៅលើភ្នំដើម្បីរករុក្ខជាតិផ្កាថ្មនេះមកលក់។ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅភូមិតាំងបំពង់ ឃុំ តាសាល ស្រុកឱរ៉ាល់ហាក់ដូចជាទទួលបានអំណោយផលពីធម្មជាតិ ឬជាអំណោយផលពីទេវតាប្រទានឱ្យ ព្រោះប្រជាពលរដ្ឋមួយចំនួនធំអាចរកចំណូលបានពីរុក្ខជាតិផ្កាថ្ម គ្រាន់ដោះស្រាយជីវភាពបានខ្លះៗដែរ បើទោះបីជាក្នុង ១ ឆ្នាំ លោកតាសៃ ក៏ដូចជាអ្នកភូមិដទៃទៀតមានឱកាសរកវាបានតែក្នុងរដូវរស្សាក្តី។
លោក ឡយ តាសៃ និយាយទៀតថា៖ «គ្រួសារខ្ញុំមានកូន ៥ នាក់ខ្ញុំមិនមានជីវភាពធូរធារទេដោយសារតែបានចំណូលពីរុក្ខជាតិផ្កាថ្មនេះខ្ញុំអាចដោះទាល់បាន ១ គ្រាៗដែរ។ យើងលំបាកដែរដើម្បីដើររុករកវា ទម្រាំតែបាន ១ គីឡូៗ តែយើងក៏សប្បាយចិត្តដែលធម្មជាតិស្រុកយើង បានផ្តល់ទ្រព្យសម្បត្តិនេះមកឱ្យពួកយើង»។
បើតាមលោក ឡយ តាសៃ រុក្ខជាតិផ្កាថ្មនេះមិនមែនជាលក្ខណៈដើមឈើ ហើយក៏វាមិនដូចដើមជីរអង្កាមឬជីរនាងវងអីដែរ វាមានកម្ពស់តែ ១ ចង្អាម ឬ ១ ចង្អុលដៃពីដីតែប៉ុណ្ណោះ។ រីឯទំហំស្លឹករបស់វាប៉ុនស្លឹកម្លូ ឬអាចធំជាងនេះបន្តិច។ វាដុះជាកញ្ចុំៗ នៅកន្លែងណាដែលមានស្លឹកឈើគរលើដីច្រើនឬនៅតាមកន្លៀតផ្ទាំងថ្មភ្នំ ដែលមានសំណើមឬកន្លៀតថ្មណាដែលមានដុះស្លែច្រើន។
លោកថា របរ ១ នេះ លោក និងអ្នកភូមិដទៃទៀតមិនបានចំណាយដើមទុនអ្វីទេ គឺចំណាយតែកម្លាំងដើររកវា [ផ្កាថ្ម] ប៉ុណ្ណោះ តែទម្រាំបេះបាន ១ គីឡូក្រាមៗ គឺពិបាករកដែរ។ ប៉ុន្តែបើបេះបានលោក ឡយ តាសៃ ចុះពីភ្នំវិញយកមកលក់ឱ្យជនជាតិចិនបានក្នុង ១ គីឡូក្រាមថ្លៃចន្លោះពី ៤៥ ម៉ឺនទៅ ៥០ ម៉ឺនរៀល។
ជុំវិញរបរដើរឡើងភ្នំកាត់ព្រៃរុករករុក្ខជាតិផ្កាថ្មនេះដែរ កញ្ញា ផេង ស្រីស ប្រធានផ្នែកសហគមន៍អេកូទេសចរណ៍ខ្នងផ្សារនៃតំបន់រលាក់កងជើង បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា ករណីដែលថាប្រជាពលរដ្ឋនាំគ្នាឡើងភ្នំខ្នងផ្សារ ទៅរករុក្ខជាតិផ្កាថ្មនេះ គឺមានមែន ហើយរុក្ខជាតិប្រភេទនេះអ្នកភូមិរកបានយកមកលក់ក្នុង ១ គីឡូក្រាមតម្លៃពី ៤៥ ទៅ ៥០ ម៉ឺនរៀល។ ប៉ុន្តែអ្នកដែលឡើងភ្នំត្រូវចំណាយពេលពី ៥ ថ្ងៃឬអាចយូរជាងនេះព្រោះវាជារុក្ខជាតិកម្រហើយប្រសិនជាវាធ្លាក់ថ្លៃក៏យ៉ាងហោចណាស់នៅសល់ ៤០ ម៉ឺនរៀលដែរ ដែលមានឈ្មួញចិនជាអ្នកចាំទិញច្រើនជាងឈ្មួញថៃ។
កញ្ញាបន្តថា រុក្ខជាតិផ្កាថ្មអាចដុះបានមានតែនៅរដូវវស្សាទេ វាជាប្រភេទរុក្ខជាតិដែលដុះនៅតាមស្លឹកឈើដែលជ្រុះគរនៅលើដី ពោលគឺកន្លែងណាមានស្លឹកឈើច្រើន ទើបមានរុក្ខជាតិនេះ។ ចំពោះអ្នកដែលទៅរកផ្កាថ្មនេះ ភាគច្រើនជាមនុស្សប្រុស។
រុក្ខជាតិនេះនៅកម្ពុជាគេកែច្នៃសម្រាប់ធ្វើជាឱសថថ្នាំប៉ូវកម្លាំង ប៉ូវសុខភាព គេធ្វើជាប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងយកទៅធ្វើជាតែសម្រាប់ហូប។ ប៉ុន្តែនៅប្រទេសចិន គេត្រូវការខ្លាំងសម្រាប់យកទៅកែច្នៃធ្វើជាអ្វីផ្សេងៗទៀត។ «សម្រាប់រដូវដែលរុករករុក្ខជាតិផ្កាថ្មបានគឺចាប់ពីខែកក្កដា សីហា និងកញ្ញាឬអាចដល់ខែតុលាក៏មានដែរ។ វាមានដុះតែខែធ្លាក់ភ្លៀងខ្លាំងទេ រីឯខែប្រាំងមានមួយៗទេ»។
ពាក់ព័ន្ធបញ្ហានេះ ត្រូវបានលោក អើល សារ៉ា មេឃុំ តាសាល បាននិយាយថា ប្រជាពលរដ្ឋដែលទៅរករុក្ខជាតិផ្កាថ្មគឺក្រោយពីពួកគាត់ស្ទូងស្រែរួចរាល់ ព្រោះរុក្ខជាតិប្រភេទនេះច្រើនមានតែនៅរដូវវស្សាទេ។ ពេលឡើងភ្នំម្តងៗគឺអ្នកភូមិតែងតែវេចអង្ករ និងម្ហូបអាហារក្រៀមៗ សម្រាប់ទុកហូបព្រោះគាត់ត្រូវចំណាយពេលពី ១ សប្តាហ៍ទៅ ១០ ថ្ងៃឬជួនកាលរហូតដល់កន្លះខែក៏មាន។ រុក្ខជាតិផ្កាថ្មនេះវាតូចៗហើយមានដើមខ្ចីឯស្លឹករបស់វាមានពណ៌ឈាមជ្រូកក្រឡាៗស្អាតណាស់។
លោកថា នេះជារបរបន្ទាប់បន្សំ ក្រៅពីរបរធ្វើស្រែ ហើយរបរនេះ អាចជួយដោះស្រាយជីវភាពប្រជាពលរដ្ឋបាន ១ គ្រាៗដែរ ព្រោះវាមានតម្លៃថ្លៃគួរសម។ បច្ចុប្បន្នមានប្រជាពលរដ្ឋ ៣-៤ ភូមិដែរ ដែលនាំគ្នាឡើងភ្នំរុករកបេះផ្កាថ្មនេះមកលក់។ «វាមិនមែនតែអ្នកភូមិតាំងបំពង់មួយទេ ដែលទៅរកដករុក្ខជាតិផ្កាថ្ម នៅមានភូមិក្បែរៗនោះទៀត។ គាត់ឃើញម្នាក់រកបានហើយលក់បានថ្លៃ ក៏នាំគ្នាជ្រួលទៅតាមគ្នា តែទម្រាំរកបាន ១ គីឡូគឺយូរថ្ងៃដែរ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងមន្ត្រីនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ ដើម្បីសុំធ្វើការបញ្ជាក់បន្ថែមពីបញ្ហារុក្ខជាតិផ្កាថ្មយកមកធ្វើជាឱសថនេះបានទេ ដោយទូរស័ព្ទគ្មានអ្នកទទួល៕