​ភ្នំពេញៈ សាលា​រាជធានី​ភ្នំ​​ពេញ ត្រៀម​រថយន្តក្រុង​ ៤០០​ គ្រឿង​ សម្រាប់​ដឹក​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ ក្នុងពេល​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​នាពេល​ខាងមុខ ដោយ​លោកនាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន ជំរុញ​ឱ្យ​ដាក់​នៅ​គោលដៅ​ទៅកាន់​ខេត្ត​សៀម​រាប​ឱ្យបាន​ច្រើន​ដើម្បី​កុំឱ្យ​តាក់​ស៊ី​ឬ​រថយន្តក្រុង​ក្រុមហ៊ុន​ឯក​ជន​ឡើងថ្លៃ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រាបជូន​លោក ​ហ៊ុន សែន កាលពី​ថ្ងៃ​ទី ​៦ មីនាថា សាលា​រាជធានី​ភ្នំពេញ ​«​ទើបតែ​បាន​ជំនួយ​ពី​សាធារណរដ្ឋ​កូរ៉េ​ចំនួន​ ២០០ ​ឡាន​ទៀត​ដូចនេះ​នឹង​បន្ថែម​ជើង​ទៀត​នៅ​ឆ្នាំនេះ ជាពិសេស​ខ្សែ​រត់​ទៅកាន់​ខេត្តសៀមរាប និង​បន្ទាយមានជ័យ នៅតាម​ផ្លូវជាតិ​លេខ​ ៥ និង​លេខ ​៦ ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​ពលរ​ដ្ឋ ដោយសារ​ការឡើង​ថ្លៃ​តាក់ស៊ី​»​។​

​នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​សិស្ស និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ជិត ​២ ​ពាន់​នាក់​នៅ​ថ្ងៃទី​ ៦ ​ខែមីនា លោកនាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ថា​៖ «​ដាក់​តម្រង់ទិស​ទៅ​សៀមរាប​ឱ្យបាន​ច្រើន​បន្តិច​....​ដាក់ពង្រាយ​ឡាន ដើម្បី​កុំឱ្យ​តាក់ស៊ី ឬ​ឡាន​ក្រុង​អី​ឡើងថ្លៃ ហើយ​យើង​ឧ​ប​ត្ថ​ម្ភ​អ្នកបើកបរ​។ បញ្ចេញ​ឡាន​​ក្រុង​ប៉ុន្មាន​រយ​គ្រឿង​មើល ដឹក​ប្រជាជន​ដើរលេង​ចូលឆ្នាំ​។ អ្នក​ដែល​អត់​មាន​មធ្យោបាយ​គឺ​ទៅតាម​ឡាន​ហ្នឹង​ទៅ​»​។​

​លោក​ កែវ ចាន់ណា​រិ​ទ្ធ អភិបាល​នៃ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សា​​ធា​រណៈ​រថយន្តក្រុង បាន​ប្រាប់ឱ្យដឹង​បន្ថែមថា យោងតាម​ប្រសាសន៍​ណែនាំ​របស់លោក​ ហ៊ុន សែន ខាង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​កំពុង​រៀបចំ​ផែនការ​បញ្ចេញ​រថយន្ត និង​កម្លាំង​ក្នុងការ​អនុវត្ត​ផែនការ​ឱ្យបាន​ត្រឹម​​ត្រូវ​ដើម្បី​ត្រៀម​ដឹកជញ្ជូន​ប្រជា​ពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន ដែល​មិន​ខុសពី​ឆ្នាំ​កន្លងទៅ​នោះទេ​។

​ក្រុម​ការងារ​កំពុង​សិក្សា​មើលថា​តើ​ត្រូវ​បន្ថែម​ជើង និង​ខ្សែ​រត់​បន្ថែមទៀត ក្នុង​កម្រិតណា ដោយសារតែ​សាលា​រាជធានី​ភ្នំពេញ ទើប​តែ​ទទួលបាន​រថយន្ដក្រុង​ប្រភេទ​ថ្មី​ចំនួន​ ២០០​ គ្រឿង ពី​ក្រុមហ៊ុន ប៊ូ​យ៉ុង​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារតែ​យើង​ទើបតែ​ទទួល​បាន​អនុសាសន៍​នៅ​ព្រឹក​មិញ​នេះ ​(​ថ្ងៃទី ​៦ មីនា​)​ ដូចនេះ ឥឡូវ ក្រុមការងារ​របស់​យើង​កំពុងតែ​រៀបចំ​ផែនការ​បច្ចេកទេស​ឱ្យបាន​ច្បាស់លាស់ ដើម្បី​រៀបចំ​ឡាន​​ក្រុង​សម្រាប់​ដឹក​បងប្អូន​ប្រជា​

​ពលរដ្ឋ​ទៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូច​ឆ្នាំមុនៗ​ដែរ​»​។​

​លោក​ ចាន់ សុភាព ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​មាន​ទីលំនៅ​បណ្តោះអាសន្ន​ក្នុង​សង្កាត់​ទួល​​សង្កែ ខណ្ឌឫស្សីកែវ បាន​ប្រាប់ថា មិន​ខុសពី​ឆ្នាំមុន​ទេ លោក​មាន​គម្រោង​នឹងធ្វើ​ដំណើរ​តាម​មធ្យោបាយ​រថយន្តក្រុង​សា​ធា​​រណៈ​ទៅកាន់​ខេត្តបាត់ដំបង ជាថ្មី​ម្តងទៀត នាឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ដោយ​លោក​អាច​សន្សំ​លុយ​បាន​មួយចំណែក​ពី​ការធ្វើដំណើរ​នេះ​។​

​លោក​បញ្ជាក់ថា​៖ «​ឆ្នាំនេះ ខ្ញុំ​ដឹង​តែ​ទៅ​ជិះឡាន​ក្រុង​សាធារណៈ​ទៀតហើយ​ព្រោះថា មិន​ត្រឹមតែ​ចំណេញ​លុយ​ទិញ​សំបុត្រ​ទេ ថែមទាំង​រថយន្ត​ថ្មី​ជិះ​ស្រួល​ទៀត​។ ខ្ញុំ និង​អ្នកដំណើរ​ដទៃទៀត​សប្បាយចិត្ត​ណាស់ ដែល​រដ្ឋា​ភិ​បាល​បានគិត​គូរ​ដល់​ពួកយើង​ដូច្នេះ បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​នឹងត្រូវ​ចំណាយ​ច្រើន​ហើយ​ពេល​បុណ្យ​ទាន​ម្តងៗ យ៉ាងហោចណាស់​ទៅមក​ក៏​អស់​ ៥០ ​ដុល្លារ​ដែរ ពីព្រោះ​ពេល​បុណ្យទាន​អ៊ីចឹង សំបុត្រ​ឡើងថ្លៃ​»​។​

​បើតាម​លោក​អភិបាល​នៃ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង កាលពី​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​ ២០២២ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​ដឹក​ប្រជាពលរដ្ឋ ៣៥ ០០០​ នាក់​ ដោយ​ប្រើប្រាស់​រថយន្តក្រុង​ចំនួន ១៧៥ ​គ្រឿង ដែល​បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ ១ ដល់​ផ្លូវជាតិ​លេខ ៧​។

កាលពីពេល​ថ្មីៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ទើបតែ​បានទទួល​រថយន្ដក្រុង​ប្រភេទ​ថ្មី​ចំនួន​ ២០០​ គ្រឿង ពី​ក្រុមហ៊ុន ប៊ូ​យ៉ុង គ្រុប របស់​សាធារណរដ្ឋ​កូរ៉េ ខណៈដែល​រថយន្តក្រុង​សាធារណៈ​សព្វថ្ងៃ ដែល​បានទទួល​ជំនួយ​ពី​ប្រទេស​ចិន និង​ជប៉ុន មាន​ចំនួន​ជាង ២០០ ​គ្រឿង​ដែល​បានផ្តល់​សេវា​ដឹកជញ្ជូន​សា​ធា​រណៈ​មាន​ ១៣ ​ខ្សែ ជូន​ពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​៕​