ភ្នំពេញៈ អង្គការ UNESCO និងមជ្ឈមណ្ឌលព័ត៌មានស្ត្រី ប្រកាសអនុវត្តគម្រោងលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា បន្ទាប់ពីមើលឃើញបញ្ហាប្រឈមរបស់ស្ត្រីក្នុងវិស័យព័ត៌មាន មានការកើនឡើងនូវការគំរាមកំហែង និងវាយប្រហារទាំងក្រៅ និងតាមអុីនធឺណិត។
គម្រោងដែលមានរយៈពេល១ឆ្នាំ និងទទួលបានការសហការគាំទ្រពីស្ថានទូកអង់គ្លេសប្រចាំកម្ពុជានេះ ត្រូវបានប្រកាសដាក់ឱ្យដំណើរការ កាលពីថ្ងៃទី៧ ខែមីនា នៅសណ្ឋាគារ Himawari ដែលមានអ្នកចូលរួមប្រមាណ៥០ នាក់ ដែលភាគច្រើនជាអ្នកសារព័តមាន និងអ្នកបម្រើការក្នុងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
លោក Aguirre Idiaquez, Mikel ប្រធានផ្នែកអភិវឌ្ឍន៍ប្រព័ន្ធទំនាក់ទំនង និងសារព័ត៌មាន នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌សហប្រជាជាតិ UNESCO ប្រចាំកម្ពុជា បាននិយាយថា នៅទូទាំងពិភពលោក អ្នកសារព័ត៌មានស្ត្រី និងបុគ្គលិកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ កំពុងប្រឈមនឹងការកើនឡើងនូវការវាយប្រហារទាំងក្រៅ និងតាមអុីនធឺណិតពាក់ព័ន្ធនឹងការគំរាមកំហែង។
ជាមួយគ្នានេះលោក អះអាងថា ការសិក្សាថ្មីមួយដែលធ្វើឡើងដោយអង្គការ UNESCO រួមបញ្ចូលអ្នកសារព័ត៌មានកម្ពុជាផងនោះ បានរកឃើញថា ៧៣ ភាគរយ នៃស្ត្រីដែលជាអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ មានបទពិសោធន៍ម្តងជុំវិញអំពើង្សាតាមអុីនធឺណិត។ បន្ថែមពីនេះ លោក បន្តថា ស្ត្រីក្នុងវិស័យសារព័ត៌មាន ត្រូវបានទទួលអំពើហិង្សាផ្អែកលើយេនឌ័រ ណាមួយ ដូចជាប៉ះពាល់រាងកាយ ការមាក់ងាយ និងការរំលោភបំពានផ្លូវភេទជាដើម។ ដូចនេះ លោក ចាត់ទុកថា គម្រោងលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានេះ នឹងចូលរួមចំណែកលើកទឹកចិត្តដល់ស្ត្រីក្នុងវិស័យព័ត៌មានឱ្យទទួលបានការការពារ និងគាំពារ។
លោក បានបញ្ជាក់ថា៖«អង្គការយូណេស្កូធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូនានា ដើម្បីតស៊ូមតិអំពីសុវត្ថិភារបស់អ្នកសារព័ត៌មានស្ត្រី។ ជាមួយនឹងការគាំទ្រនៃមូលនិធិ Global Media Defence Fund (GMDF) នេះ មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយស្ត្រីកំពុងអនុវត្តគម្រោងនេះ នឹងបង្កើនយន្តការការពារ លើកកម្ពស់បណ្តាញអ្នកសារព័ត៌មានស្ត្រី តាមរយៈការកែលម្អ និងការផ្តល់ជំនួយផ្នែកច្បាប់ រួមទាំងឯកទេស ដើម្បីលើកកម្ពស់សុវត្ថិភាពរបស់ពួកគេផងដែរ»។
លោកស្រី អ៊ុង ចាន់ថុល នាយិកាប្រតិបត្ដិមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ប៉ុស្តិ៍ថា គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល១ឆ្នាំ ដែលជំហានដំបូង គឺធ្វើយ៉ាងណា ដើម្បីចងក្រងបណ្តាញអ្នកសារព័ត៌មានស្ត្រី ឱ្យបានច្រើន។ លោកស្រី បានបន្តថា បន្ទាប់ពីការកៀរគរស្ត្រីឱ្យមានការចូលរួម គម្រោងនេះ ក៏នឹងផ្តល់ការគាំទ្រ រួមទាំងបង្កើតវេទិកាសម្រាប់ស្ត្រីក្នុងវិស័យសារព័ត៌មាន ឱ្យពួកគេ អាចជជែក និងបង្ហាញបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយ។
លោកស្រី បានបញ្ជាក់ថា៖«គម្រោងនេះ យើងអាចនឹងធ្វើយូរអង្វែង ដើម្បីឱ្យមាននិរន្តរភាពក្នុងការជួយអ្នកកាសែតស្ត្រី។ ជាកិច្ចចាប់ផ្តើម យើងចាប់ផ្តើមបង្កើតបណ្តាញអ្នកកាសែតស្ត្រី ដែលយើងចាប់ផ្តើមពីគ្នា៤០ នាក់ ក្នុងនោះ ការងារដែលយើងត្រូវធ្វើគឺការប្រជុំប្រចាំខែ ដើម្បីឱ្យគាត់ អាចសួរសុខទុក្ខ ឬក៏អាចជួយជាមតិយោបល់ ក្នុងការបែងចែកធនធាន ឬព័ត៌មានទៅវិញទៅមក។ គម្រោងនេះ ក៏នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់ពួកគាត់ នៅពេលក្រុមគាត់ ចង់រៀនអ្វីបន្ថែម គឺយើងនឹងរៀបចំជូនគាត់»។
កញ្ញា ឆន រស្មី អ្នកយកព័ត៌មាន នៅ Kiripost បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងនាមកញ្ញាជាអ្នកសារព័ត៌មានស្ត្រីម្នាក់ ហើយទើបចូលប្រឡូកក្នុងវិស័យព័ត៌មាន កញ្ញា យល់ថា ការមានការគាំទ្រ គាំពារ និងការពារដល់អ្នកសារព័ត៌មានស្ត្រី គឺជារឿងមួយដែលសំខាន់ ខណៈដែលប្រឡូកក្នុងអាជីពនេះរយៈពេលខ្លី ប៉ុន្តែកញ្ញា ក៏ធ្លាប់ប្រឈម និងទទួលរងបញ្ហាមួយចំនួនផងដែរ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ និងការតាំងចិត្តរបស់កញ្ញា ដើម្បីបន្តអាជីពនេះទៅមុខទៀត។
កញ្ញា ឆន រស្មី បានបញ្ជាក់ថា៖«នៅពេលជួបបញ្ហា ខ្ញុំព្យាយាមដោះស្រាយ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង ហើយខ្ញុំគិតថា តើក្នុងប្រទេសរបស់យើង មានច្បាប់ការពារអ្នកសារព័ត៌មានស្ត្រីដែរទេ? ព្រោះស្ត្រីនៅពេលជួបស្ថានការណ៍អ្វី គឺតែងតែប៉ះពាល់ផ្លូវចិត្តគាត់ជាខ្លាំង ទាំងគេទាំងខ្ញុំ មិនដឹងថា ត្រូវប្រឹក្សា ឬក៏ចែករំលែកភាពភ័យខ្លាចនេះទៅអ្នកណាទេ ព្រោះវាជារឿងដែលខ្មាស់អៀន ខ្ញុំសុខចិត្តលាក់ទុកខ្លួនឯង។ បន្ទាប់ពីជួបហេតុការណ៍នោះអស់ហើយ នៅពេលនោះខ្ញុំក្មេងខ្ចីដែរ ហើយបានចូលរួមក្នុងព្រឹត្តការណ៍នេះ គឺខ្ញុំគិតថាល្អ សម្រាប់ស្ត្រីអ្នកសារព័ត៌មាន ជាពិសេសសម្រាប់ប្អូនៗ ដែលចង់ចាប់យកអាជីពនេះ»។
លោកស្រី ហង្ស សម្ជស្ស ប្រធានបណ្តាញអ្នកសារព័ត៌មានស្ត្រី បាននិយាយថា គម្រោងនេះ នឹងជួយឱ្យស្ត្រីអ្នកសារព័ត៌មាន មានបង្អែកមួយជួយដោះស្រាយបញ្ហាដែលពួកគាត់ បានជួបប្រទះទាំងបញ្ហារូបរាងកាយ ផ្លូវចិត្ត និងបញ្ហាផ្លូវច្បាប់។ លោកស្រី បានបន្តថា៖«ខ្ញុំរំពឹងថា អ្នកពាក់ព័ន្ធ ជាពិសេសស្ថាប័នមានសមត្ថកិច្ច ចូលរួមកិច្ចសហការផ្តល់ភាពងាយស្រួលដល់ស្ត្រីអ្នកសារព័ត៌មាន និងផ្តល់ព័ត៌មានទៅកាន់ពួកគេតាមតម្រូវការ ព្រោះអ្នកសារព័ត៌មាន ត្រូវការកិច្ចសហការចាំបាច់ពីអាជ្ញាធរ បើមិនមានកិច្ចសហការទេ គឺពួកយើងជាស្ត្រី មិនអាចផ្សាយព័ត៌មានបានទេ»៕