ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការិនីចំនួនជាង ៣២ ០០០ នាក់ ដែលត្រូវរោងចក្រពួកគេព្យួរការងារនឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចអំឡុងនៃការឆ្លងរាលដាលមេរោគកូវីដ ១៩ ដោយចាប់ផ្ដើមពីខែមេសាតទៅ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងបញ្ជាក់នៅថ្ងៃទី៧ ខែមីនា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា ខួបលើកទី១១២ដោយលោកបានលើកឡើងថា ត្រូវបន្តអនុវត្តកម្មវិធីគាំពារសង្គមប្រកបដោយបរិយាប័ន្នតាមរយៈការពង្រីកវិសាលភាពអនុវត្តក្របខ័ណ្ឌគាំពារសង្គមឱ្យដល់ក្រុមជនងាយរងគ្រោះ និងបាត់បង់ឱកាសផ្សេងៗនៅក្នុងសង្គម ទាំងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
លោកបានបញ្ជាក់ថា៖«ខ្ញុំសូមបញ្ជូនសារនេះទៅកាន់ស្ត្រីចំនួនជាង២៦ ០០០នាក់ ក្នុងចំណោមកម្មករកម្មការិនីដែលកំពុងបាត់បង់ការងារធ្វើចំនួន៣ម៉ឺន២ពាន់នាក់ ដែលម្សិលមិញនេះ ខ្ញុំបានចុះហត្ថលេខាពាក់ព័ន្ធទៅលើការផ្តល់ប្រាក់ឧបត្ថម្ភក្នុងស្ថានភាពដែលរោងចក្រត្រូវបានព្យួរ»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជូនសំណើមកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីមានអនុសាសន៍ក្នុងការឧបត្ថម្ភសាច់ប្រាក់ដល់កម្មករ-កម្មការិនីទាំងនេះ។
លោកហ៊ុន សែន បានថ្លែងថា៖«ដូច្នេះ ខ្ញុំបានសម្រេចរួចហើយដែលកម្មករ-កម្មការិនីរបស់យើងនឹងទទួលបានប្រាក់ដូចកាលពីសម័យកូវីដដែលរោងចក្រត្រូវព្យួរ ប៉ុន្តែក្នុងពេលដែលយើងបាត់បង់ការងារធ្វើនៅតាមរោងចក្រចំនួន៧១រោងចក្រ ដែលមានកម្មករប្រមាណជា៣ម៉ឺន២ពាន់នាក់ បែរជានៅខេត្តកំពង់ស្ពឺខ្វះកម្មករប្រហែលជា៣ម៉ឺននាក់ទៅវិញ»។
ចំណុចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់ថា តើត្រូវធ្វើការជ្រើសរើសរបៀបណាដើម្បីឱ្យស្ត្រីជាកម្មការិនីទទួលបានផលប្រយោជន៍ទាំងនេះ។ ជាមួយគ្នានោះដែរ លោក ហ៊ុន សែន ក៏បានណែនាំឱ្យមានការបង្កើនប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ និងកូនដល់អាយុ២ឆ្នាំ ដែលស្ត្រីត្រូវទទួលបានដើម្បីធ្វើយ៉ាងណាស្ត្រីមានសុខភាពល្អ ហើយកូនដែលកើតមកមានសុខភាពតាមរយៈការជួយជនក្រីក្រដែលជួបការលំបាក។
សូមរំឭកផងដែរថា កាលពីថ្ងៃទី៦ ខែមីនា លោក ហ៊ុន សែន បានបញ្ជាឱ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាគ្នា និងឆ្លើយតបជាបន្ទាន់ ដើម្បីដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួយកម្មករ-កម្មការិនី ដែលរងគ្រោះដោយរោងចក្រព្យួរការងារ។
បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ រោងចក្រដែលកំពុងព្យួរកិច្ចសន្យាការងារសរុបមានចំនួន ៧១រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុប ៣២ ០២៣នាក់ ក្នុងនោះស្រីចំនួន ២៦ ០៥៥នាក់ ដែលរោងចក្រទាំងនោះមាននៅរាជធានីភ្នំពេញមាន៣៤រោងចក្រ ស្មើនឹងកម្មករ-និយោជិតសរុប ១២ ០១០នាក់ (ស្រី ៩ ៨៣៦នាក់)។ ចំណែកតាមបណ្តាខេត្តមាន ៣៧រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុប ២០ ០១៣នាក់ (ស្រី ១៦ ២១៩នាក់)។
អនុវត្តតាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, នៅថ្ងៃទី៧ ខែមីនា លោក អ៊ិត សំហេង បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជកដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ និងកាបូបដើម្បីពិភាក្សាគ្នាក្នុងការសហការរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកល។
យោងតាមក្រសួងការងារបានឱ្យដឹងថា កិច្ចប្រជុំបានលើកបង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញដោយសារកត្តានៃការចាប់ផ្តើមវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្គ្រាមរុស្ស៊ី អ៊ុយក្រែន បន្ថែមទៅលើផលប៉ះពាល់កន្លងមកពីវិបត្តិជំងឺកូវីដ១៩ ។
ក្រសួងបានបន្តថា ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបាន និងកំពុងបន្តកើនឡើង ហើយស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតីភាពនៅពេលណានោះឡើយ។ បន្ថែមពីនេះការចំណាយផ្សេងៗក៏មិនទាន់អាចកាត់បន្ថយបានសម្រាប់ការផលិត និងការនាំចេញ។
នៅក្នុងកិច្ចប្រជុំនោះដែរ តំណាងវិស័យឯកជន បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីដែលតែងតែផ្តល់នូវការគិតគូរខ្ពស់ជួយសម្រួលដល់វិស័យឯកជនដើម្បីអាចរក្សាលំនឹងអាជីវកម្មផលិតកម្មរបស់ខ្លួនហើយជួយដល់កម្មករនិយោជិតអាចរក្សាការងាររបស់ខ្លួន និងប្រាក់ចំណូលដោះស្រាយជីវភាពក្នុងពេលគ្រាមានវិបត្តិកើតឡើង។
បន្ទាប់ពីខាងតំណាងភាគីពាក់ព័ន្ធលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយ រួចមក លោក អ៊ិត សំហេង បានទទួលយកសំណូមពរដែលខាងវិស័យឯកជនជួបប្រទះដើម្បីពិភាក្សាដោះស្រាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។
លោកបានថ្លែងថា៖ «យើងសូមសម្ដែងការអរគុណចំពោះវិស័យឯកជន ជាពិសេសដៃគូសមាគមនិយោជក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងអំឡុងពេលអនុវត្តកញ្ចប់វិធានការរបស់រដ្ឋាភិបាល១០ជុំកន្លងមក ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩»។
ក្រសួងការងារបានឱ្យដឹងថាកិច្ចប្រជុំក៏បានឯកភាពគ្នាលើសេណារីយោនៃការអនុវត្តនូវកិច្ចអន្តរាគមន៍ជួយផ្តល់សាច់ប្រាក់ដល់កម្មករ កម្មការិនីដែលត្រូវព្យួរការងារចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយអនុវត្តដូចដែលក្រសួងបានផ្តល់ជូនក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត។
ក្រសួងបញ្ជាក់ថា«អំឡុងពេលដែលរោងចក្របានព្យួរកិច្ចសន្យាការងារនេះរាជរដ្ឋាភិបាលនឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន៤០ដុល្លារ និងខាងរោងចក្រឧបត្ថម្ភចំនួន៣០ដុល្លារ»៕