ភ្នំពេញៈ គណៈកម្មាធិការជាតិរៀចំការបោះឆ្នោត (គ.ជ.ប )បានផ្សព្វផ្សាយឈ្មោះទីតាំងការិយាល័យបោះឆ្នោតចំនួន ២ ម៉ឺនកន្លែងនៅទូទាំង ២៥ រាជធានី-ខេត្ត ដើម្បីឱ្យពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតអាចស្វែងរកការិយាល័យរបស់ខ្លួនដែលត្រូវទៅបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា ទីតាំងការិយាល័យបោះឆ្នោត ដែលបាននិងកំពុងផ្សព្វផ្សាយនៅពេលនេះ មានចំនួន ២៣ ៧៨៩ ការិយាល័យនៅទូទាំងប្រទេស ដែលមានការកើនឡើង ប្រមាណ ២៩ ការិយាល័យ ដោយសារតែទិន្នន័យនៃបញ្ជីឈ្មោះអ្នកបោះឆ្នោតមានការកើនឡើងជាង ៦០ ម៉ឺននាក់។
លោកបានបន្តថា តាមច្បាប់ ក្នុង១ការិយាល័យ អាចដាក់ច្រើនបំផុត ៧៥០ នាក់ ដែលចំនួនអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត មានការកើនឡើង ចំនួនការិយាល័យក៏កើនឡើងទៅតាមហ្នឹងផងដែរ។ ចំពោះការផ្សព្វផ្សាយឈ្មោះទីតាំងការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ធ្វើឡើងទៅតាមជំហាននៃការរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា៖ «ក្នុងនោះ គ.ជ.ប មានការរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ និងការពិនិត្យបញ្ជី ព្រមទាំងចុះឈ្មោះបោះឆ្នោត ដើម្បីឱ្យដឹងពីចំនួនពិតប្រាកដនៃអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត រួចហើយត្រូវបែងចែកទៅតាមការិយាល័យបោះឆ្នោតនីមួយៗ»។
លោក ថ្លែងថា៖ «អ្វីដែល គ.ជ.ប ផ្សព្វផ្សាយឈ្មោះទីតាំងការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចមានពេលវេលា និងលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកការិយាល័យបោះឆ្នោតរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ នៅកៀកថ្ងៃបោះឆ្នោត គ.ជ.ប ក៏នឹងបញ្ចេញនូវទីតាំងការិយាល័យបោះឆ្នោតបន្ថែមទៀតនៅតាម App របស់យើង និងអាចស្វែងរកទីតាំងតាមរយៈស្មាតហ្វូនផងដែរ»។
ទាក់ទងនឹងការផ្សព្វផ្សាយនេះ នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត Nicfec លោក សំ គន្ធាមី ក៏បានប្រាប់ឱ្យដឹងដែរថា ការផ្សព្វផ្សាយឈ្មោះទីតាំងការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ គឺដើម្បីឱ្យពលរដ្ឋមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកទីតាំងសម្រាប់ការបោះឆ្នោត ព្រោះតាមទិន្នន័យបញ្ជីបោះឆ្នោតរបស់ គ.ជ.ប គឺមានការកើនឡើង។ដូច្នេះ ឈ្មោះប្រជាពលរដ្ឋមួយចំនួនអាចនឹងមានការប្រែប្រួលទៅតាមការិយាល័យ។
លោកលើកឡើងថា៖«ការផ្សព្វផ្សាយនេះ គឺមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋដែលជាប់រវល់ ក្នុងការឱ្យពួកគាត់មានឱកាសគ្រប់គ្រាន់ដើម្បីស្វែងរកទីតាំងការិយាល័យបោះឆ្នោតនិងសម្គាល់វាឱ្យហើយ ងាយស្រួលក្នុងពេលថ្ងៃទៅបោះឆ្នោត កុំឱ្យមានការពិបាក»៕