ភ្នំពេញៈ ក្រសួងមុខងារសាធារណៈ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី Mobile App របស់ក្រសួង ដើម្បីអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិលទាំងអស់អាចប្រើប្រាស់ជាមធ្យោបាយ សម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន រួមទាំងមុខតំណែង និងប្រាក់បៀវត្សរ៍ ហើយការធ្វើទំនើបកម្មនេះ ក៏ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលផងដែរ។
សេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ចុះថ្ងៃទី៧ ខែមីនា ឱ្យដឹងថា បន្ទាប់ពីបានបោះពុម្ព និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ក្រសួងមុខងារសាធារណៈ បានរៀបចំ និងដាក់ឱ្យដំណើរការនូវកម្មវិធី Mobile App របស់ក្រសួងមុខងារសាធារណៈ ដែលមានឈ្មោះថា MCS Mobile។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖«កម្មវិធីនេះ អនុញ្ញាតឱ្យមន្ត្រីរាជការ អាចប្រើប្រាស់ជាមធ្យោបាយ សម្រាប់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនបាន រួមមាន ព័ត៌មានទាក់ទងនឹងប្រវត្តិរូប ប្រវត្តិការងារ មុខតំណែង ប្រភេទក្របខ័ណ្ឌ ឋានន្តរស័ក្តិនិងថ្នាក់ប្រាក់បៀវត្សរ៍ រួមទាំងទិន្នន័យ និងព័ត៌មានសំខាន់ដទៃទៀត»។
តាមរយៈកម្មវិធី MCS Mobile នេះ មន្ត្រីរាជការក៏អាចទទួលបានទាន់ពេលវេលារាល់ព័ត៌មានពីក្រសួងមុខងារសាធារណៈផងដែរ។ ដើម្បីប្រើប្រាស់កម្មវិធី MCS Mobile មន្ត្រីរាជការស៊ីវិលនៃក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់អាចទាញយក(Download) ពី App Store សម្រាប់ប្រព័ន្ធiOS ឬពី Play Store សម្រាប់ប្រព័ន្ធ Android។
ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ នៃអគ្គនាយកដ្ឋានផែនការស្ថិតិ និងគ្រប់គ្រងមន្រ្តីរាជការស៊ីវិលតាមប្រព័ន្ធព័ត៌មានវិទ្យា នៃក្រសួងមុខងារសាធារណៈ លោកងន់ ម័រ បញ្ជាក់ថា ការធ្វើទំនើបកម្មនេះដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ជាពិសេសប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់ជាមួយគោលនយោបាយសេដ្ឋកិច្ច និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។
លោកថ្លែងថា៖«ការដាក់ឱ្យប្រើប្រាស់Appនេះ សម្រាប់ផ្តល់មធ្យោបាយបន្ថែមទៀតដល់មន្រ្តីរាជការស៊ីវិលក្នុងការផ្ទៀងផ្ទាត់ផ្សេងៗ ព្រោះកន្លងមក យើងអាចមើលឃើញថា នៅតាមអង្គភាពនីមួយៗ គាត់[មន្ត្រីរាជការ] តែងសួរទៅខាងការិយាល័យបុគ្គលិក ឬនាយកដ្ឋានបុគ្គលិក ដើម្បីសួរនាំព័ត៌មានទាក់ទងការងារមន្រ្តីរាជការស៊ីវិល។ ប៉ុន្តែឥឡូវនេះ យើងបន្ថែមមុខងារនេះទៀត ដើម្បីធ្វើទំនើបកម្មឱ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល»។
បើតាមលោកងន់ ម័រ គិតត្រឹមខែមីនា ឆ្នាំ២០២៣ មន្រ្តីរាជការស៊ីវិលកំពុងបម្រើការនៅតាមស្ថាប័ន និងក្រសួងនានាមានជាង២០ម៉ឺននាក់។
មន្រ្តីការិយាល័យនីតិកម្មសម្របសម្រួលវិវាទមូលដ្ឋាននៅសាលាខណ្ឌជ្រោយចង្វារ ដែលមានបរិញ្ញាបត្រនីតិសាស្រ្តថ្លែក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការធ្វើទំនើបកម្មរបស់ក្រសួងមុខងារសាធារណៈនាពេលចុងក្រោយនេះ ពិតជាមានសារៈសំខាន់ និងបង្កលក្ខណៈងាយស្រួលដល់មន្រ្តីរាជការក្នុងប្រើប្រាស់ជាមធ្យាបាយផ្សេងៗ និងផ្ទៀងផ្ទាត់ប្រាក់បៀវត្សរ៍ផងដែរ។
មន្រ្តីរូបនេះថ្លែងថា៖«ការធ្វើទំនើបកម្មនេះល្អ សព្វថ្ងៃនេះ កាតមន្រ្តីត្រូវមាន QR code គ្រាន់តែស្កេនចេញប្រវត្តិរូបមក ស័ក្តិប៉ុន្មាន ក្របខ័ណ្ឌណា គឺបង្ហាញមកតែម្តង វាងាយស្រួលក្នុងការគ្រប់គ្រងមន្រ្តី ណាមួយគេចង់បំបាត់មន្រ្តីក្លែងក្លាយផង»។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកព្រុំ សុខា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី។ លោកថ្លែងថា បណ្ណថ្មីនេះនឹងត្រូវប្រើប្រាស់ជាបណ្ណសម្គាល់ខ្លួនផង ជាបណ្ណអេធីអឹម សម្រាប់ដកប្រាក់បៀវត្សរ៍ពីធនាគារផង ហើយនឹងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងទៀត។
លោកបន្ថែមថា ជាមួយគ្នានោះ អត្តសញ្ញាណប័ណ្ណប្រភេទថ្មីនេះ អាចដកប្រាក់នៅធនាគារចំនួន៣ ដែលជាដៃគូសហការជាមួយក្រសួងមុខងារសាធារណៈ រួមមាន ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគារវីងជាដើម៕