ភ្នំពេញៈ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ទើបតែបានសង្គ្រោះកុមារអាយុជាង ៤ ឆ្នាំម្នាក់ ពីជំងឺគ្រុនឈាមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ដែលកម្រនឹងអាចសង្គ្រោះបាន ដោយមន្ទីរពេទ្យគន្ធបុប្ផាបានហៅករណីនេះថា ជាសំណាង ១ លើ ១ ម៉ឺន ករណី នៃជំងឺគ្រុនឈាមដំណាក់កាលចុងក្រោយ។
កុមារអាយុ៤ឆ្នាំដែលកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរនោះ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ដោយកុមារារូបនោះបានចូលសម្រាកនៅមណ្ឌលសុខភាពមួយនៅក្នុងខេត្តដោយគ្រូពេទ្យបញ្ចូលសេរ៉ូមអស់៣លីត្រ មុននឹងបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផាកាលពីសប្ដាហ៍មុន។
មន្ទីរពេទ្យគន្ធបុប្ផាបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«(កុមារតូច) អស់ជីពចរ សន្លប់ ហូរឈាម ខ្សោយដង្ហើម ខ្សោយថ្លើម និងតម្រងនោមអស់ជីពចរ៦ដង (6 times repeated cardiovascular collapses-shocks) ក្នុងរយ:ពេល៤៨ម៉ោង នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា។ (កុមារតូច)ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាមនិងប្លាស្មាអស់៦ប្លោក និងបញ្ចូលប្លាកែតអស់៤ប្លោក ជាមួយការសង្រ្គោះដោយម៉ាស៊ីនសប់ដង្ហើម៣ថ្ងៃ»។
មន្ទីរពេទ្យគន្ធបុប្ផាបញ្ជាក់ថា៖«ថ្ងៃនេះ(ថ្ងៃទី៦មីនា) កូនតូច ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតក្មេងម្នាក់នេះ ពីករណីគ្រុនឈាមធ្ងន់ធ្ងរដ៏កម្រមួយនេះ»។
ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផាក៏បានថ្លែងអំណរគុណដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែគាំទ្រក្នុងការផ្ដល់ឈាម និងបានផ្តល់ប្លាស្មាចម្រាញ់ប្លាកែត សម្រាប់សង្គ្រោះទាន់ពេលវេលា។
បណ្ដាជននៅលើបណ្ដាញសង្គមហ្វេសប៊ុករាប់ពាន់នាក់ បានសរសេរសារសម្ដែងការកោតសរសើរនិងថ្លែងអំណរគុណចំពោះដំណឹងដ៏ល្អនេះ។ អ្នកខ្លះសរសេរថា កុមារាតូចបានទទួលជីវិតថ្មី ខ្លះទៀតសរសើរថា គន្ធបុប្ផាជាទេវតាដើរដីជាដើម។ សារខ្លះក្រើនរំឭកឱ្យពលរដ្ឋខ្មែរចូលរួមបរិច្ចាគថវិកា ដើម្បីទ្រទ្រង់គន្ធបុប្ផា ជាប្រយោជន៍សម្រាប់សង្គ្រោះកុមារដែលមានជំងឺនិងរងគ្រោះ។ យ៉ាងណាក្ដីក៏នៅមានពលរដ្ឋខ្លះ បានផ្ញើសារទៅបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ជា សូមឱ្យពង្រឹងក្រមសីលធម៌ពាក្យសម្តីរបស់ខ្លួនផងដែរ។
ទាក់ទងនឹងស្ថានភាពជំងឺគ្រុនឈាមវិញ លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បាននិយាយកាលពីពេលថ្មីៗនេះថា ស្ថានភាពជំងឺគ្រុនឈាមនៅឆ្នាំ២០២៣នេះ អាចនឹងកើនឡើងដល់ជាង២ម៉ឺនករណី ខ្ពស់ជាងឆ្នាំ២០២២។ អាស្រ័យហេតុនេះក្រសួងសុខាភិបាល បានត្រៀមរួចជាស្រេច នូវថ្នាំអាបែត(Abate) ចំនួន២០០តោន និងសេរ៉ូមប្រមាណ៧ម៉ឺនប្លោក ថ្នាំបាញ់សម្លាប់មូសជិត៦ពាន់លីត្រ និងសារអប់រំពីវិធានការការពារជំងឺគ្រុនឈាមជាច្រើនទៀត ដើម្បីបង្ការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងឆ្នាំនេះ។
របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា វដ្តនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ កើតឡើងរៀងរាល់៥-៦ឆ្នាំម្ដង ក្នុងនោះកម្ពុជាបានផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំនេះលើកចុងក្រោយ នៅឆ្នាំ២០១៩ ដែលមានអ្នកជំងឺសរុប៦៨ ៥៩៧នាក់ ហើយអ្នកជំងឺ៤៨នាក់ត្រូវបានស្លាប់។ កាលពីឆ្នាំ២០២២ ជំងឺគ្រុនឈាមកើតឡើងជាង១២ ៥០០ករណី ដោយបានសម្លាប់មនុស្សចំនួន១៩នាក់៕