ភ្នំពេញៈ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានបន្ទូលថា សុខសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឱ្យប្រជារាស្ត្របានរស់នៅជាមួយភាពសុខដុមរមនា គ្រប់ជាតិសាសន៍ គ្មានការរើសអើង និងទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និងទំនៀមទម្លាប់ប្រពៃណីដោយសេរី និងទទួលបាននូវកិច្ចគាំពារសង្គមដ៏ទូលំទូលាយ និងស្មើភាពគ្នា។
សម្តេចព្រះមហាក្សត្រីមានព្រះបន្ទូលដូចនេះតាមរយៈរាជសារអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិ នារី ៨ មីនា ឆ្នាំ ២០២៣ ដោយព្រះមហាក្សត្រីបានកោតសរសើរ និងគាំទ្រការលើកយកប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល» នេះពិតជាមានសារៈសំខាន់ ដែលជាប្រធានបទឆ្លើយតបនឹងបរិបទបច្ចុប្បន្នក្នុងគោលបំណងបន្តរំលេចពីតម្លៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន។ ព្រះមហាក្សត្រីមានបន្ទូលថា៖ «ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណាខ្ញុំ បានកត់សម្គាល់ឃើញថា ស្ត្រីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមកហើយបច្ចុប្បន្នស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្តានុពលក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់»។
ព្រះមហាក្សត្រីបន្តថា ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជា ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ រួមទាំងនៅក្នុងក្របខ័ណ្ឌអភិបាលកិច្ច កិច្ចគាំពារសង្គម ការស្ដារសេដ្ឋកិច្ច-សង្គមពីវិបត្តិកូរីដ ១៩ និងកិច្ចការនៅលើឆាកអន្តរជាតិ។ ការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត គឺជាគុណតម្លៃ ដើម្បីធានាថា ប្រជាជនគ្រប់រូបមានសិទ្ធិ និងឱកាសពេញលេញក្នុងការទទួលបានជម្រើស ភាពជាតំណាង និងចូលរួមប្រកបដោយសក្តានុពល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដែលបាននិងកំពុងវិវត្តទៅជាសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ព្រះអង្គមានបន្ទូលទៀតថា៖ «ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទី១ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ កម្ពុជាថែរក្សាបានយ៉ាងហ្មត់ចត់ នូវសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ និងសម្រេចបានសមិទ្ធផលថ្មីៗប្រកបដោយមោទនភាព ទោះបីយើងត្រូវជួបប្រទះបញ្ហាប្រឈមយ៉ាងច្រើន ពិសេសការឆ្លងជំងឺកូវីដ ១៩ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីក្តី»។
ព្រះមហាក្សត្រីក៏បានកោតសរសើរ និងគាំទ្រក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី គ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តភារកិច្ចដ៏ថ្លៃថ្លា ដើម្បីស្ត្រីបានទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ ព្រមទាំងរក្សាបាននូវតម្លៃ និងភាពថ្លៃថ្នូរផងដែរ។
ព្រះមហាក្សត្រីមានព្រះបន្ទូលថា៖ «ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវនិងលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបន្តអនុវត្តការងារនេះ និងបន្តយកចិត្តទុកដាក់ ព្រមទាំងបង្កឱកាសឱ្យស្ត្រី និងក្មេងស្រី បានចូលរួម និងទទួលបាននូវអត្ថប្រយោជន៍ក្នុងយុគសម័យឌីជីថល ដើម្បីវិបុលភាព និងសេចក្តីសុខចម្រើន របស់ជនរួមជាតិយើង»។
ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា លើកទី១១២ នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ៧ ខែមីនា បានចូលរួមប្រារព្ធទិវានេះ និងបានប្រកាសគាំទ្រនូវមូលបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល» នេះផងដែរ។
លោកលើកឡើងថា មូលបទនេះ មានអត្ថន័យ និងសារៈសំខាន់ក្នុងបរិការណ៍កម្ពុជា ចាំបាច់ថែរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាសុខុមាលភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។
កន្លងមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពក្លាហានដល់ស្ត្រីដោយចាត់ទុកស្រី្តជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ។ ការសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០ កម្ពុជាត្រូវសម្របតាមបរិបទកម្មឌីជីថលកំណត់ដោយការធ្វើបដិវត្តន៍ឧស្សាហកម្មទី១ ដោយកំណត់ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
លោក ហ៊ុន សែន ថ្លែងថា៖ «ការណ៍នេះ យើងត្រូវធានាថា ការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាពនិងកាន់តែចាំបាច់ ដើម្បីឱ្យស្ត្រី និងក្មេងស្រីគ្រប់រូបកាន់តែទទួលបាននូវកាលានុវត្តភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាពទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងបានអនុវត្តនូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយនឹងបុរស ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ»។
នាឱកាសនោះដែរលោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យបន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រីតាមរយៈការអនុវត្តផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្ត្រី ពង្រីកវិសាលភាព និងគុណភាពផ្នែកសេវាឆ្លើយតបជាពហុវិស័យជួយជនរងគ្រោះក្នុងការផ្តល់សេវាផ្នែកច្បាប់ដោយឥតគិតថ្លៃ និងការពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ។
លោកបន្តថា៖ «យោងតាមរបាយការណ៍ អំពើហិង្សាមានការធ្លាក់ចុះ ប៉ុន្តែករណីធ្ងន់ធ្ងរមួយចំនួនក៏បានកើតមានឡើងផងដែរ ដូចជាការបាញ់សម្លាប់ប្រពន្ធ ឬទម្រង់នៃអំពើហិង្សាធ្ងន់ធ្ងរ។ ដូចនេះគួរតែលុបបំបាត់វាតាមរយៈនៃការធ្វើសកម្មភាពព្រមគ្នាទាំងបុរស និងស្ត្រី»។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី ក៏ថ្លែងនាឱកាសនោះដែរថា ស្ត្រីមួយចំនួននៅតែប្រឈមនឹងអំពើហិង្សាដែលដាក់បន្ទុកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់គ្រួសារ និងសង្គមជាតិ។ លោកស្រីបន្តថា៖ «គ្រួសារនិងរដ្ឋត្រូវចំណាយលើសេវាសុខភាព ការបាត់បង់ផលិតភាពជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះ និងកូនៗ សេវាសង្គមកិច្ច សេវាច្បាប់ និងសេវាចាំបាច់ផ្សេងៗ ដើម្បីស្តារនីតិសម្បទាស្ត្រីរងគ្រោះ ដែលក្នុងន័យនេះការលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រីនៅតែជាកិច្ចការអាទិភាពចម្បងក្នុងការអភិវឌ្ឍមូលធនមនុស្ស និងភាពសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ»។
ឆ្នាំ ២០២៣ នេះ ទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ធ្វើឡើងក្នុងគោលបំណងបន្តរំលេចពីតម្លៃ នៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ខណៈពិភពលោកកំពុងជួបប្រទះភាពតានតឹង និងកម្ពុជាកំពុងតែគ្រប់គ្រង ឱ្យបាននូវសណ្តាប់ធ្នាប់ល្អ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលថ្មីប្រកបដោយ ភាពសេរី និងយុត្តិធម៌។ នេះបើតាមលោកស្រីអ៊ឹង កន្ថាផាវី៕