ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញពីការគាំទ្រដល់វិទ្យាស្ថានកំណើនបៃតងសកល (Global Green Growth Institute - GGGI) ដែលកំពុងសិក្សាបឋមលើសមិទ្ធិលទ្ធភាព (Pre-feasibility Study) សម្រាប់សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគំរូសម្រាប់ទីក្រុងផ្សេងៗទៀត។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កញ្ញា Shomi Kim តំណាង GGGI ប្រចាំកម្ពុជាលើកឡើងថា វិទ្យាស្ថានបាននិងកំពុងអនុវត្តលើការសិក្សាបឋមសមិទ្ធិលទ្ធភាព (Pre-feasibility Study) លើសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ដែលត្រូវបានបញ្ចប់។ លទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះអាចប្រព្រឹត្តទៅបានដោយមិនមានបញ្ហាចោទឡើយ។
កញ្ញា Shomi បន្តថា ចំពោះផែនការបន្ទាប់ GGGI នឹងសិក្សាអំពីគម្រោងលើកកម្ពស់គុណភាព ខ្យល់ក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប នៃខេត្តសៀមរាប។ គម្រោងសិក្សានេះ គ្រោងចាប់ផ្តើម នៅដើមខែមេសា ឆ្នាំ ២០២៣ ដែលតាមការប៉ាន់ស្មាន នឹងត្រូវចំណាយពេលសិក្សាចំនួន ២ ឆ្នាំ ដោយទទួលបានថវិកាជំនួយពីប្រទេសបារាំង តាមរយៈ AFD។
កញ្ញាបញ្ជាក់ថា៖ «យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគំរូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក»។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល លើកឡើងថា ក្រសួងគាំទ្រវិទ្យាស្ថាន GGGI ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តការសិក្សាស្រាវជ្រាវលើទិដ្ឋភាពផ្សេងៗនៃទ្រឹស្តីកំណើនបៃតង ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។
ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បី ថែរក្សាបរិស្ថានជាមួយយុទ្ធនាការ អព្យាក្រឹតកាបូនដោយបានរៀបចំ ទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនីដែលកំពុងដាក់ឱ្យដំណើរការ នាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេសពីសំណាក់ក្រុមហ៊ុនឯកជននានា»។
នៅពេលចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានស្នើ CAMBA ទិញរថយន្តក្រុង ប្រើដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។ ក្រសួងអាចនឹងជួយសម្របសម្រួល បន្ថែមជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន លើការបញ្ចុះតម្លៃនៅពេលធ្វើដំណើរតាមផ្លូវល្បឿនលឿន។ រីឯខាងសមាគម និងក្រុមហ៊ុន បានលើកឡើងថា នឹងពិភាក្សាគ្នាចំពោះការបញ្ចុះតម្លៃលើរថយន្តក្រុងប្រើដោយថាមពលអគ្គិសនី នៅពេលក្រោយ។
ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (Cambodia Automotive Industry Federation) លោក តាន់ មុនីវណ្ណ ឱ្យដឹងដែរថា ការប្រើប្រាស់យានយន្តអគ្គិសនី មានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ជាពិសេសបើអ្នកប្រើប្រាស់ចង់ចូលរួមលើកកម្ពស់ការថែរក្សាបរិស្ថាន គួរប្រើប្រាស់យានយន្តអគ្គិសនី។
លោកបញ្ជាក់ថា៖ «នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន នៅលើពិភពលោក គេបានចាប់ផ្តើម ប្រើប្រាស់ E Bus នេះ រួចទៅហើយ ដើម្បីថែរក្សាបរិស្ថានប្រកបដោយចីរភាព។ ម្យ៉ាងទៀតការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈក៏មានកំណើន នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ និន្នាការនេះ នឹងមានការកើនឡើងបន្តទៀត នៅពេលមនុស្សចាប់ផ្តើមគិតគូរពីបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុជាដើម វាជាឱកាសល្អមួយ ដែលជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីច្រើន ព្រោះថា យានយន្តប្រភេទនេះ មានគុណសម្បត្តិច្រើន»។
បច្ចុប្បន្ន នៅទូទាំងប្រទេសមានស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីចំនួន ១៣ កន្លែង ក្នុងនោះស្ថិតក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤ កន្លែង ផ្សារទំនើបអ៊ីអនម៉លសែនសុខ ១ កន្លែង ស្ថានីយប្រេងឥន្ធនៈតូតាល់ចំការដូង ១ កន្លែង ខេត្តបាត់ដំបង ១ កន្លែង ខេត្តសៀមរាប ១ កន្លែង ក្រុងព្រះសីហនុ ១ កន្លែង ខេត្តមណ្ឌលគិរី ១ កន្លែង និង ៣ កន្លែងទៀត ជារបស់ក្រុមហ៊ុន PTT ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្មីៗនេះ។
សូមបញ្ជាក់ថា វិទ្យាស្ថានកំណើនបៃតងសកល (GGGI) គឺជាអង្គការអន្តររដ្ឋាភិបាលអន្តរជាតិ មានមូលដ្ឋានលើសន្ធិសញ្ញា ដែលគាំទ្រ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព នៅប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើសុច្ឆន្ទៈថា កំណើនសេដ្ឋកិច្ច និងនិរន្តរភាព នៃបរិស្ថាន មិនគ្រាន់តែជាគោលបំណង ដែលស្របនោះទេ ការរួមបញ្ចូល នៃគោលគំនិតទាំង ២ នេះ គឺចាំបាច់សម្រាប់អនាគតរបស់មនុស្សជាតិ៕