ពោធិ៍សាត់ៈ អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា ថ្លែងថា បច្ចុប្បន្ននេះពលរដ្ឋក្នុងខេត្តប្រមាណ ៩៨ ភាគរយ មានអគ្គិសនីប្រើប្រាស់ ខណៈខេត្តកំពុងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលនឹងផ្តល់ប្រភពអគ្គិសនីបន្ថែមក៏ដូចជាផ្តល់ប្រភពទឹកផលិតស្រូវប្រាំងបានកាន់តែច្រើន និងផលិតបានជាកន្លែងទេសចរណ៍ធម្មជាតិដ៏ប្រណីតទៀតផង។
លោក ខូយ រីដា ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ៧ ខែមីនា។
លោកបានថ្លែងថា ចំពោះវិស័យថាមពល ខេត្តពោធិ៍សាត់មានវារីអគ្គិសនី ២ រួមមាន វារីអគ្គិសនីស្ទឹងអាតៃ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអានុភាព ១២០ មេហ្គាវ៉ាត់ (MW) កំពុងដំណើរការ និងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង មានអានុភាព ៨០ មេហ្គាវ៉ាត់ (MW) ដែលក្រុមហ៊ុនកូរ៉េខាងត្បូង កំពុងសាងសង់ដោយមានទឹកប្រាក់វិនិយោគជាង ២៣១ លានដុល្លារ ដែលនឹងដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៦ ខាងមុខ។
លោក ខូយ រីដា បានឱ្យដឹងថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ប្រៀបបាននឹងព្រួញ ១ បាញ់បានសត្វច្រើន ទី១ គឺថាមពលអគ្គិសនីបន្ថែមសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ទី២ គឺបន្ថែមទឹកផលិតស្រូវរដូវប្រាំងរបស់កសិករ និងពង្រីកផ្ទៃដីស្រូវ ៣ រដូវ កាន់តែច្រើន ហើយវារីអគ្គិសនីនេះ មានថាមពលរាល់ថ្ងៃមិនគិតរដូវវស្សារដូវប្រាំងនោះទេ និងទី៣ ផលិតបានជាតំបន់ទេសចរណ៍ធម្មជាតិដ៏ប្រណីត ដែលមានទំហំផ្ទៃអាងបរិមាត្រព័ទ្ធជុំវិញ ១៨៧ គីឡូម៉ែត្រ កម្ពស់ទឹកអាងនៅចំណុចទាប ៨ ម៉ែត្រ និងចំណុចខ្ពស់ ១០០ម៉ែត្រ។
លោកបន្តថា៖ «នៅក្នុងតំបន់ព្រៃភ្នំតំបន់ជួរភ្នំក្រវាញកណ្តាល គឺខេត្តមានយន្តការតែ ១ ទេ ក្រោយពីបង្កើតចេញវារីអគ្គិសនីត្រូវការពារធនធានធម្មជាតិនៅទីនោះឱ្យបាន គឺទាក់ទាញវិស័យទេសចរណ៍ ហើយប្រជាជនដែលរងផលប៉ះពាល់ត្រូវទទួលប្រាក់ ដី និងផ្ទះគោលនយោបាយ»។
ក្រសួងរ៉ែ និងថាមពល បានសរសេរលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ៤ មីនាថា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមន្ត្រីក្រសួង និងអាជ្ញាធរខេត្តពោធិ៍សាត់ បានចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសំណេះសំណាលជាមួយពលរដ្ឋដែលរងផលប៉ះពាល់ និងពិនិត្យការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលនឹងធ្វើឡើងក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលឆាប់ៗខាងមុខ។
លោក ខូយ រីដា បានឱ្យដឹងដែរថា ក្នុងខេត្តពោធិ៍សាត់មានអនុស្ថានីយចំនួន ៣ រួមមានអនុស្ថានីយអូរសោម អនុស្ថានីយពោធិ៍សាត់ និងអនុស្ថានីយស្វាយស។ ចំណែកថាមពលពន្លឺព្រះអាទិត្យ និងថាមពលផ្សេងៗ រួមមាន ស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យមានអានុភាព ៩០ មេហ្គាវ៉ាត់ ១ កន្លែង អានុភាព ១០ គីឡូវ៉ាត់ម៉ោង ១ កន្លែង អានុភាព ៧ គីឡូវ៉ាត់ម៉ោង ១ កន្លែង និងស្ថានីយសាកអាគុយដើរដោយពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងប្រេងខ្មៅមានអានុភាព ៥១៩ គីឡូវ៉ាត់ម៉ោង ១ កន្លែង។
ក្រៅពីនេះ នៅមានមូលនិធិកម្មវិធីថាមពលអូស្ត្រាលី (ODA) សាងសង់ឡើងដោយសាធារណរដ្ឋកូរ៉េចំនួន ៤ នៅស្រុកភ្នំក្រវាញ មានដូចជា កម្លាំង ៣៤,៦ គីឡូវ៉ាត់ ១ កន្លែង, កម្លាំង ១៣,៩ គីឡូវ៉ាត់ ១ កន្លែង, កម្លាំង ៦,៩ គីឡូវ៉ាត់ ១ កន្លែង និងកម្លាំង ១៣,៩ គីឡូវ៉ាត់ ១ កន្លែង។
លោកអភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងផងដែរថា ក្នុងខេត្តពោធិ៍សាត់ មានប្រព័ន្ធធារាសាស្ត្រខ្នាតធំ មធ្យម និងតូចសរុបចំនួន ៥១ ប្រព័ន្ធ។ ប្រព័ន្ធធារាសាស្ត្រខ្នាតធំ មធ្យម និងតូចបាននិងកំពុងដំណើរការចំនួន ៣៣ ប្រព័ន្ធ លើ ៥១ ប្រព័ន្ធ ក្នុងនោះមានសំណង់ធំៗកាត់ស្ទឹងចំនួន ៧ កន្លែង និងសំណង់សិល្បការចំនួន ៣៩០ កន្លែង ដែលមានខ្នាតធំចំនួន ៥ កន្លែង ខ្នាតមធ្យមចំនួន ៣៩ កន្លែង ខ្នាតតូចចំនួន ៥ កន្លែង និងអាងស្តុកទឹក ២ កន្លែង និងប្រឡាយមេចំនួន ៧ ខ្សែ ស្មើនឹងប្រវែង ៨១ ០០០ ម៉ែត្រ និងប្រឡាយរងចំនួន ១៧២ ខ្សែ ស្មើនឹងប្រវែង ៩៦ ០០០ ម៉ែត្រ និងប្រឡាយជើងក្អែបចំនួន ៨៦៣ ខ្សែ ស្មើនឹងប្រវែង ៧៣៩ ៣៥០ ម៉ែត្រ ដែលអាចស្រោចស្រពក្នុងរដូវវស្សាលើផ្ទៃដីចំនួន ៩៧ ៧០១ ហិកតា។
ស្រោចស្រពរដូវប្រាំងរួមដល់ដំណាំផ្សេងៗលើផ្ទៃដីចំនួន ២០ ០០០ ហិកតា និងមានទំនប់អាងទី៣ និងទំនប់អាងទឹកទី៥ ដែលអាចផ្ទុកទឹកបានចំនួន ៥០ លានម៉ែត្រគុប ដែលជាអាងស្តុកទឹកសម្រាប់ផ្គត់ផ្គង់ដល់ការស្រោចស្រព និងការប្រើប្រាស់តាមដងស្ទឹងពោធិ៍សាត់ ជាពិសេសសម្រាប់ស្រុកភ្នំក្រវាញ ស្រុកបាកាន ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕