
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងក្នុងមីទ្ទិងអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៣។ រូបថត នគរបាល
ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យមន្ត្រីនគរបាលក្រោមឱវាទត្រូវការពារឱ្យបានដាច់ខាតនូវ សន្ដិភាព និងខឿនសន្ដិសុខជាតិ ធានាស្ថិរភាពសង្គម និងបន្ដប្រយុទ្ធប្រឆាំងបទល្មើស កាត់បន្ថយបទល្មើស បង្កើនភាពកក់ក្ដៅ កាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន ទាំងបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដ្រី និងកុមារតាមគ្រប់ទម្រង់ ពិសេសយកចិត្តទុកដាក់លើបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ក្នុងពិធីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមិទ្ទិញអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ ២០២៣ លោក នេត សាវឿន ក៏បាន បញ្ជាទៅកាន់មន្ត្រីនគរបាលមានការពង្រឹងការងារសណ្ដាប់ធ្នាប់ ចរាចរណ៍ និងអគ្គិភ័យ។ លោកថា គោលដៅធំបំផុតកាត់បន្ថយគ្រោះថ្នាក់ ហើយការងារអាទិភាព គឺជំរុញការអប់រំឱ្យមានការចូលរួមពីព្រោះកងកម្លាំងមិនអាចធ្វើតែឯកឯងបានទេ ពោលត្រូវតែមានការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
លោកបន្ថែមថា ចំពោះការងារព្រំដែន ត្រូវបន្ដកិច្ចសហការជាមួយកងទ័ពការពារព្រំដែន ការពារអធិបតេយ្យជាតិ ពិសេសពង្រឹងប្រព័ន្ធការពារតាមព្រំដែន បង្កើនកិច្ចសហការទប់ស្កាត់បទល្មើស លើកកម្ពស់សមត្ថភាពការហ្វឹកហាត់ និងការពង្រឹងស្មារតីសហការជាមួយប្រទេសជិតខាង និង ការងារនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវអនុវត្តឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនូវការងារនគរបាល និងសហគមន៍។
លោកបានថ្លែងថា ៖«ការងារនេះជារឿងសំខាន់ ព្រោះជាចលករដ៏សំខាន់ជំរុញការអនុវត្តគោលនយោបាយជាតិ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។ លើសពីនេះ ត្រូវជំរុញការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលប៉ុស្ដិ៍ ការឧបត្ថម្ភគាំទ្រ និងផ្លាស់ប្ដូរឥរិយាបថក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ»។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ ថ្លែងថា លោក គាំទ្រចំពោះការលើកឡើងទាំងអស់របស់លោកនេត សាវឿន ដែលជាអគ្គស្នងការនគរបាលជាតិ ព្រោះបច្ចុប្បន្ននេះ តាមស្ថានភាពជាក់ស្តែង ការអនុវត្តរបស់មន្ត្រីនគរបាលថ្នាក់ក្រោម គឺមិនទាន់ឆ្លើយតបសភាពការណ៍ និងនៅខ្វះចន្លោះនៅឡើយ ដែលបញ្ហានេះ ត្រូវតែមានករយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងផ្តល់ភាពកក់ក្តៅដល់ការរស់នៅរបស់ប្រជាពលដ្ឋនៅក្នុងមូលដ្ឋាន និងនៅទូទាំងប្រទេស។
លោកបន្តថា មួយវិញទៀត បើសិនជាមានមន្ត្រី ឬ នគរបាលរូបណា ដែលប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ និងការណែនាំ គួរតែ អនវុត្តទៅតាមច្បាប់ឱ្យបានជាដាច់ ខាតទើបមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់បទល្មើស ការជួញដូរមនុស្ស និងបញ្ហាក្មេងទំនើងជាដើម ។
លោកថ្លែងថា៖«ជាទូទៅ ខ្ញុំ យល់ថា ការអនុវត្តច្បាប់របស់មន្ត្រីនគរបាលមួយចំនួននៅមានចំណុចខ្វះខាតដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ បន្ថែមទៀត។ ជាក់ស្តែងបើយើងនិយាយពីគ្រឿងញៀនវិញ រាលដាលដល់ភូមិ ជនបទ។ តាមបាយការណ៍របស់មន្ត្រីគ្រឿងញៀន ឃើញមានការបង្ក្រាបច្រើន។ យើងមិនបាច់និយាយដល់ចរាចរណ៍ ឬឆ្លងកាត់ទេ គ្រឿងញៀនឥឡូវលុកលុយដល់ជនបទហើយ ដែលបំផ្លាញទៅដល់ធនធានមនុស្ស និងជាតិយើង»។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា បទល្មើសជារួមមានការថយចុះ ក្នុងនោះបទល្មើសព្រហ្មទណ្ឌ ថយចុះ៩ភាគរយ, ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានអនុវត្តយ៉ាងសកម្មដោយបង្ក្រាបបានជាង៦ ០០០ករណី ចាប់ជនសង្ស័យជាង១៣ ០០០នាក់។
ជាមួយគ្នានេះដែរ លោក នេត សាវឿង ក៏ឱ្យពង្រឹងការងារប្រចាំបញ្ជា និងអន្ដរាគមន៍ ត្រូវត្រៀមលក្ខណៈសម្បត្តិជាប្រចាំដើម្បីចេញសង្គ្រោះនៅពេលមានហេតុការណ៍ និងគ្រប់គ្រងស្ថានការណ៍ នៅពេលមានហេតុការណ៍កើតឡើង។ ក្នុងនោះត្រូវរៀបចំក្រុមតាមដានប្រព័ន្ធទំនាក់ទំនងសង្គម ក្រុមប្រតិកម្មរហ័ស ដើម្បីឆ្លើយតបដោះស្រាយ និងសំណូមពរប្រជាពលរដ្ឋ ខណៈនៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានមជ្ឈមណ្ឌលប្រចាំបញ្ជា លេខទូរស័ព្ទ ១១៧ រង់ចាំទទួលបណ្ដឹង និងការសួរនាំពីប្រជាពលរដ្ឋ៕