
លោកឌិត ទីណា ក្នុងកិច្ចប្រជុំនៅក្រសួងកសិកម្ម។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) ឱ្យជួយសម្របសម្រួល ធ្វើយ៉ាងណាដើម្បីឱ្យសហគ្រិន និងកសិករខ្មែរ ទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប។
លោកស្នើបែបនេះ នៅក្នុងអំឡុងពេលជួបពិភាក្សាការងារជាមួយតំណាង JICA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៧ មីនា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា អង្គការ JICA នឹងអាចជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យសហគ្រិននិងកសិករខ្មែរ ទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់ជំរុញដំណើរការផលិត កសិផលដែលមានលក្ខណៈស្តង់ដា សម្រាប់ការនាំចេញ ទៅប្រទេសជប៉ុន»។
ម្ចាស់សិប្បកម្មកែច្នៃស្វាយចន្ទី ជ័យសំបូរ ដែលមានទីតាំងក្នុងខេត្តកំពង់ធំ អ្នកស្រី អ៊ឹន ឡៃហួត បានប្រាប់ថា ឆ្នាំនេះ សិប្បកម្មបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុន ដើម្បីនាំចេញស្វាយចន្ទីកែច្នៃរួច ឱ្យបាន ៥០០ តោន ទៅកាន់ទីផ្សារប្រទេសជប៉ុន។
អ្នកស្រីបានបន្ថែមថា កន្លងទៅ ដើម្បីរៀបចំខ្សែចង្វាក់ផលិតកម្ម ឱ្យត្រូវតាមស្តង់ដាដែលភាគីជប៉ុនចង់បាន សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរ មានតម្រូវការដើមទុនច្រើន ទើបត្រូវការកៀរគរដើមទុនបន្ថែមពីគ្រប់ភាគី ទាំងដៃគូអភិវឌ្ឍន៍នានា ធនាគារ SME និងធនាគារពាណិជ្ជមួយចំនួន ដែលមានអត្រាការប្រាក់ខ្ពស់។
លោកស្រីបញ្ជាក់ដូច្នេះថា៖ «ដើមទុនគឺជាផ្នែកមួយសំខាន់ណាស់ ដើម្បីប្រើប្រាស់សម្រាប់កែច្នៃគ្រាប់ស្វាយចន្ទីឆៅរបស់យើង ដោយយើងត្រូវការថ្នាលហាលគ្រាប់ និងឃ្លាំងស្តុកគ្រាប់ដែលមានស្តង់ដាមួយ និងថវិកាបម្រុងទុកសម្រាប់ប្រមូលទិញពីកសិករផងដែរ។ អត្រាការប្រាក់ ៥,៥ ភាគរយ នៅខ្ពស់សម្រាប់យើង ព្រោះថា យើងមានតម្រូវការដើមទុនច្រើន។ ដូចនេះបើសិនជាមានការជួយសម្របសម្រួលពីក្រសួង និងដៃគូអភិវឌ្ឍន៍នានា លើបញ្ហាអត្រាការប្រាក់នេះ ខ្ញុំយល់ថានឹងជួយសម្រួលដល់សហគ្រិន ក្នុងស្រុកយើងបានច្រើន»។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងជាម្ចាស់សហគ្រាសផលិតនំស្រួយលីលី បានឱ្យដឹងដែរថា បញ្ហាក្នុងការទទួលបានកម្ចី (Access to finance) គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាធំៗចំនួន ៣ ដែលសមាគមសហគ្រិនស្រ្តីកម្ពុជា បានលើកយកមកចងក្រងក្នុងសៀវភៅសទី២ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយបញ្ហានេះ។
លោកស្រីបន្ថែមថា សហគ្រិនស្រ្តីមានតម្រូវការដើមទុន ដើម្បីបង្កើតអាជីវកម្មរបស់ខ្លួន ហើយសហគ្រិនស្រ្តីភាគច្រើន បានបង្កើតអាជីវកម្មរបស់ខ្លួន តាមរយៈកម្ចីឥណទានពីធនាគារ ដែលមានអត្រាការប្រាក់ខ្ពស់នៅឡើយ ខណៈដែលមានតែធនាគារ SME ទេ ដែលមានអត្រាការប្រាក់សមរម្យជាងគេ ដោយសារតែរាជរដ្ឋាភិបាល មានគោលនយោបាយលើកទឹកចិត្តដល់សហគ្រិនស្ត្រី។
លោកស្រីបានបន្តថា សមាគមសហគ្រិនស្ត្រីកម្ពុជា និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២២ បានចុះអនុស្សរណៈនៃការយោគយល់ (MoU)មួយ ក្នុងគោលបំណងដើម្បីជួយគាំទ្រដល់ការរីកចម្រើននៃវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកស្រីបានបញ្ជាក់ដូច្នេះថា៖ «កាលពីឆ្នាំមុននោះគឺរាល់សមាជិករបស់សមាគមដែលដាក់ពាក្យទទួលកម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជានឹងទទួលបានការអនុគ្រោះបញ្ចុះការប្រាក់ប្រមាណ ០,២៥ភាគរយធៀបទៅនឹងអត្រាទីផ្សារ។ វាគឺជាលក្ខខណ្ឌដ៏មានអំណោយផល សម្រាប់សហគ្រិនជាស្ត្រីរបស់យើង មានលទ្ធភាពបន្ថែមទៀត ក្នុងការទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាបដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត»។
គួរបញ្ជាក់ថា ធនាគារសហគ្រាសធុនតូច និងមធ្យម បានរក្សានូវការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ ចន្លោះពី ៥,៨៨ភាគរយ និង ៦,៨៨ភាគរយ ក្នុង១ឆ្នាំសម្រាប់វិស័យអាទិភាព និងផ្ដល់កម្ចីជាមួយនឹងអត្រាការប្រាក់ថេរត្រឹម ៧,៥ភាគរយ សម្រាប់វិស័យធម្មតា។
ការផ្ដល់កម្ចីជាមួយអត្រាការប្រាក់សម្បទានបំផុត ពោលត្រឹម ៥,៥ភាគរយ សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានម្ចាស់ជាស្ត្រី ប្រសិនបើសហគ្រាសទាំងនោះ ចុះបញ្ជីត្រឹមត្រូវ និងស្ថិតក្នុងវិស័យអាទិភាព។
គួររំឭកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការ JICA បានជួយកសាង និងអភិវឌ្ឍលើគម្រោងជាច្រើនដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ គម្រោងទាំងនោះ មានដូចជាការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ, ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេស ដល់អ្នកផលិត ឬសហគមន៍, បច្ចេកទេសក្រោយពេលប្រមូលផល, ការគ្រប់គ្រងគុណភាពលើប្រព័ន្ធ ខ្សែចង្វាក់តម្លៃ បន្ថែម ប្រព័ន្ធទីផ្សារលក់ដុំ និងជាពិសេសសមត្ថភាពមន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែ និងការសម្រួលលក្ខខណ្ឌផ្សេងៗ ដើម្បីទទួលបានដើមទុនជាដើម៕