ភ្នំពេញៈ កម្ពុជា និងជប៉ុន បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហការបន្ថែមទៀតនៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ខណៈជប៉ុនក៏បានបញ្ជាក់ពីការត្រៀមខ្លួនធ្វើការជាមួយកម្ពុជាដែលនឹងធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំ «កម្មវិធីភាពជាដៃគូត្រីភាគីរបស់អង្គការសហប្រជាជាតិ (អ.ស.ប)» នៅឆ្នាំក្រោយ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក កាណូ តាកេហ៊ីរ៉ូ (Kano Takehiro) អគ្គនាយកនៃទីស្នាក់ការកិច្ចសហប្រតិបត្តិការសន្តិភាពអន្តរជាតិនៃគណៈរដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៧ ខែមីនា នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។
ក្រសួងការបរទេសកម្ពុជាបានដកស្រង់សម្ដីរបស់លោក Kano ថ្លែងក្នុងជំនួបនេះថា៖ «កម្ពុជា បង្ហាញពីគំរូដ៏ល្អនៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សន្តិភាព»។
ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ភាគីទាំង២ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី «ដ៏រឹងមាំ» ដែលត្រូវបានដំឡើងដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅក្នុងឆ្នាំនេះ។ ភាគីទាំង២ ក៏បានពិភាក្សាគ្នាអំពីភាពជាដៃគូក្នុងកិច្ចការរក្សាសន្តិភាព និងសកម្មភាពកម្ចាត់មីននៅក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងអ.ស.ប ព្រមទាំងបញ្ហាតំបន់មួយចំនួនផងដែរ។
លោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះ «ការរួមចំណែកដ៏សំខាន់» របស់កងកម្លាំងស្វ័យការពារជប៉ុន នៅក្នុងដំណើរការរក្សាសន្តិភាព ក៏ដូចជា ការគាំទ្ររបស់ជប៉ុនជាបន្តបន្ទាប់ សម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា «ឯកឧត្តមអគ្គនាយក [Kano Takehiro] បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ជប៉ុន ធ្វើការជាមួយកម្ពុជា ដែលនឹងធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំ «កម្មវិធីភាពជាដៃគូត្រីភាគីរបស់អង្គការសហប្រជាជាតិ» នៅឆ្នាំ២០២៤ ដើម្បីពង្រឹងសមត្ថភាពវិស្វកម្មក្នុងតំបន់ នៅក្នុងបេសកកម្មរក្សាសន្តិភាព»។
សេចក្តីប្រកាសព័ត៌មានបានបន្តថា «ភាគីទាំង២ បានគូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហការបន្ថែមទៀតនៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិតាមរយៈការបណ្តុះបណ្តាលនិងការផ្តល់គ្រឿងបរិក្ខារ»។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា លោក Kano បានសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងតួនាទី «ដ៏លំបាក» របស់ប្រេសិត ពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា គឺលោក ប្រាក់ សុខុន កាលពីឆ្នាំមុន ហើយថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា គឺមានភាពធំធេងហើយត្រូវបានទទួលស្គាល់យ៉ាងច្បាស់ ដោយប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ។
កាលពីឆ្នាំ២០២១ ក្នុងជំនួបជាមួយលោកFumio Kishida នាយករដ្ឋមន្ត្រីជប៉ុន តាមប្រព័ន្ធវីដេអូ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើលោក Fumio បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុន និងកម្ពុជា ជាពិសេសជួយផ្តល់ការហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែមីនាថា កម្ពុជា និងជប៉ុន គឺមានទំនាក់ទំនងចេញពីបេះដូង ដែលកើតចេញពីទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ និងប្រជាជននិងប្រជាជន។
លោកថាដោយសារទំនាក់ទំនងល្អនេះហើយបានជាប្រទេសទាំង២ តែងតែគាំទ្រគ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ យោធា និងអភិវឌ្ឍន៍សង្គម។
លោកថ្លែងថា៖ «ជប៉ុនគឺដៃគូនាំមុខគេក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពកម្ពុជាតាមរយៈការផ្តល់ជំនួយបច្ចេកទេស ការហ្វឹកហ្វឺន និងហិរញ្ញវត្ថុ ដែលកត្តាទាំងអស់នេះ ហើយគឺជាកាតាលីករជំរុញឱ្យកម្ពុជាមានលទ្ធភាព និងសមត្ថភាពបញ្ជូនកងទ័ពមួកខៀវក្រោមឆត្រ UN ទៅកាន់ប្រទេសមានសង្គ្រា កម្ពុជា និងជប៉ុន នៅតែបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងសហគមន៍អន្តរជាតិទាក់ទងនឹងកិច្ចការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក»៕