ភ្នំពេញៈ សមត្ថភាពក្នុងការថែទាំសុខភាពជូនប្រជាជនត្រូវបានពង្រីក និងបានបង្កលក្ខណៈងាយស្រួលកាន់តែច្រើនដល់ប្រជាជនក្នុងការទទួលបាន ការថែទាំសុខភាពនៅចន្លោះ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ដោយចំនួនមណ្ឌលសុខភាព បានកើនឡើងពី ១ ២០៥ កន្លែង ដល់ ១ ២៨៨ កន្លែង និងចំនួនមន្ទីរពេទ្យបានកើនឡើងពី ១២៣ កន្លែងដល់ ១៣២ កន្លែង។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងពិធីបិទសន្និបាតលើកទី៤២ ស្តីពីការ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល ៥ ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ ២០២៣ និងឆ្នាំបន្ត» របស់ក្រសួងសុខាភិបាល ដែលប្រពឹត្ដទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ រសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «ក្រសួងសុខាភិបាល និងប្រជាជនកម្ពុជា មានមោទនភាពដែលមានមន្ទីរពេទ្យជាតិតេជោសន្តិភាពចំណុះ ១ ម៉ឺនគ្រែ និងមន្ទីរពេទ្យហ្លួងម៉ែ សម្រាប់ព្យាបាលជំងឺមហារីក ដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន»។
លោកបន្តថា ក្នុងរយៈពេល ៥ ឆ្នាំមកនេះគុណភាពការងារគ្រប់គ្រង និងគុណភាពសេវាសុខភាពត្រូវបានកែលម្អឱ្យប្រសើរឡើងជាលំដាប់ តាមរយៈយន្តការតាមដាននិងវាយតម្លៃគុណភាពទៀងទាត់ ប្រចាំត្រីមាសដែលផ្តោតលើគុណភាព រចនាសម្ព័ន្ធ គុណភាពបច្ចេកទេស និងលទ្ធផលសុខភាព។
លោក ម៉ម ប៊ុនហេង ថ្លែងថា គុណភាពផ្នែកគ្លីនិកចាំបាច់ត្រូវកែលម្អ ឱ្យប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតបការរំពឹងទុករបស់ប្រជាជន។ ក្រសួងបានបង្កើត ១០២ ស្តង់ដាមណ្ឌលសុខភាព និង ៣៦៥ ស្តង់ដាមន្ទីរពេទ្យ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងដាក់ឱ្យដំណើរការ ប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាលនៅឆ្នាំខាងមុខ។
លោក ម៉ម ប៊ុនហេង បានឱ្យដឹងដែរថា ចំនួនមន្ត្រីសុខាភិបាលទូទាំងប្រទេសនៅក្នុងឆ្នាំ ២០១៨ មានចំនួន ២៥ ៤៣៨ នាក់ ក្នុងនោះមានស្ត្រី ១៣ ៣៩៣ នាក់ រហូតដល់ឆ្នាំ ២០២២ មានចំនួន ៣២ ២៤០ នាក់ក្នុងនោះស្ត្រី ១៧ ០៧៩ នាក់។ មន្ត្រីរាជការសុខាភិបាលនៅថ្នាក់រាជធានីខេត្តបានកើនឡើងពី ១៩ ៧១០ នាក់ នៅឆ្នាំ២០១៨ ដល់ ២៥ ១៧៥ នាក់ នៅឆ្នាំ ២០២២។
ដោយឡែក នៅក្នុងសន្និសីទស្តីពីលទ្ធផលរយៈពេល ៥ ឆ្នាំ នៃខេត្តពោធិ៍សាត់ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃទី ៧ ខែមីនា លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខេត្តមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន ៤ មន្ទីរពេទ្យបង្អែកចំនួន៤ មណ្ឌលសុខភាពចំនួន ៤៧ (កើន ៧ កន្លែង) មានប៉ុស្តិ៍ សុខភាពចំនួន ១ និងប៉ុស្តិ៍សុខភាពពន្ធនាគារ ចំនួន ២។
ក្រៅពីនោះខេត្តមានគ្លីនិកឯកជនចំនួន ៣៩០ កន្លែង ដែលបាននិងកំពុងរួមចំណែកផ្តល់ សេវាសុខាភិបាល។ ចំពោះសមិទ្ធផលសំខាន់ៗដែលសម្រេចបានដោយភ្នាក់ងារអនុវត្តន៍នៅលើវិស័យសុខាភិបាលចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២២ រួមមាន ការផ្តល់សេវានៅមន្ទីរពេទ្យបង្អែកខេត្ត ចំពោះការពិគ្រោះជំងឺ (ករណីថ្មី) សរុបចំនួន ១ ៤៩៥ ៨៩៤ ករណី អត្រាប្រើប្រាស់គ្រែជាមធ្យមចំនួន ១០១% រយៈពេលមធ្យមនៃការសម្រាក ព្យាបាលចំនួន ៥ ថ្ងៃ។
លោកថ្លែងថា បច្ចុប្បន្ន ខេត្តនៅមានការខ្វះខាតអគារមន្ទីរពេទ្យ ដោយសារមន្ទីរពេទ្យទទួលអ្នកជំងឺច្រើន ពេលខ្លះរកកន្លែងដាក់គ្មានហេតុនេះ ខេត្តកំពុងកៀរគរសប្បុរសជន ដើម្បីកសាងអគារសង្គ្រោះបន្ទាន់ ១ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដែលមានកម្ពស់ ៨ ជាន់ នេះជាអគារមូលនិធិចេញពីបេះដូងមនុស្សធម៌របស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយភាពឈឺចាប់របស់ប្រជាជនទូទៅ។
លោកថ្លែងថា៖ «គ្មានអ្នកណាបន់ឱ្យទៅមន្ទីរពេទ្យទេ ប៉ុន្តែសួរថាតើអ្នកណាមួយគេចពីមន្ទីរពេទ្យរួចរាប់ទាំងខ្ញុំឡើងទៅ។ គឺ (យើង) គិតថា ត្រូវតែមានមន្ទីរពេទ្យហ្នឹង (ត្រៀម) អានេះជាគុណប្រយោជន៍មួយ សម្រាប់នៅពេលខាងមុខនេះ ប្រហែលជាក្នុងឆ្នាំ២០២៣ នេះ អគារនេះនឹងចាប់ផ្តើមបុកគ្រឹះសាងសង់»៕