ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការបង្ហាញពីវប្បធម៌ សិល្បៈខ្មែរទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និងសម្រាប់ក្មេងជំនាន់ក្រោយ និងតៗជំនាន់ទៅទៀតគឺជារឿងល្អ ប៉ុន្តែបើការបង្ហាញនោះមិនបាន
ត្រឹមត្រូវតាមក្បួនខ្នាត នោះគឺវាស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរ។
លោក ហ៊ុន សែន បានថ្លែងនាថ្ងៃទី ៨ មីនា តាមរយៈសារសំឡេងពិសេសរបស់លោក បន្ទាប់ពីមានការមិនយល់ស្របគ្នាលើបញ្ហាពាក់ព័ន្ធជាមួយនឹងគោលបំណងរបស់អ្នកស្រី ទ្រី ដាណា ដែលត្រូវបានគេស្គាល់តាមរយៈបណ្តាញសង្គម ជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក ហ៊ុន សែន ឱ្យដឹងថា លោកមានការសប្បាយរីករាយ នៅពេលដែលប្រជាពលរដ្ឋ ជាពិសេសអ្នកស្រី ទ្រី ដាណា ដែលមានបំណងបង្ហាញវប្បធម៌ខ្មែរ ជូនប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែលោករួមជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បង្ហាញពីកង្វល់ទាក់ទងនឹងការបង្ហាញវប្បធម៌ សិល្បៈខ្មែរនេះផងដែរ។
លោកថ្លែងថា៖ «ការបង្ហាញវប្បធម៌ សិល្បៈខ្មែរ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និងសម្រាប់ក្មេងៗជំនាន់ក្រោយគឺជារឿងល្អ ប៉ុន្តែប្រសិនបើការបង្ហាញនោះ មិនបានត្រឹមត្រូវតាមក្បួនខ្នាត គឺវាស្មើនឹងការបំផ្លាញវប្បធម៌ខ្មែរទៅវិញ»។
លោកបញ្ជាក់ថា៖ «ដូច្នេះខ្ញុំសុំស្នើឱ្យមានការយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាទម្រង់ដែលត្រូវតែអនុវត្តឱ្យខាងតែបានទៅតាមការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលខ្ញុំបានរំឭកទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើការកសាងរូបសំណាក បដិមាករ និងរូបចម្លាក់ផ្សេងៗទៀតដោយធ្វើយ៉ាងណាឱ្យមានការសមស្រប»។ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ប្រសិនបើមានអ្នកណាតាំងជាសម្លៀកបំពាក់ក្តី ជាបដិមាក្តី ឬជារូបសំណាកក្តី ដែលមិនមែនជារបៀបរបស់ខ្មែរពេញលេញ នោះវានឹងបង្កើតជាសណ្ឋានដ៏គ្រោះថ្នាក់សម្រាប់វប្បធម៌ខ្មែរ។
លោកបញ្ជាក់ថា៖ «ការបង្ហាញសម្លៀកបំពាក់ពីជំនាន់បុរាណ ចាំបាច់ត្រូវតែធ្វើឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ បន្ទាប់ពីយើងដាក់តាំងបង្ហាញហើយនោះវានឹងធ្វើឱ្យខូចច្បាប់ដើមរបស់យើង ហើយម្យ៉ាងទៀតអាចនឹងធ្វើឱ្យប្រទេសជិតខាងចោទប្រកាន់ថា យើងលួចចម្លងពីប្រទេសគេ»។
លោក ហ៊ុន សែន លើកឡើងទៀតថា នេះជារឿងដែលលោកត្រូវតែពន្យល់សម្រាប់អ្នកស្រី ទ្រី ដាណា ក៏ដូចជាព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នាឱ្យបានដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាសេនាធិការ ដើម្បីការពារវប្បធម៌ ដូនតាខ្មែរ មិនមែនក្រសួងមានការតឹងតែងនោះទេ ប៉ុន្តែប្រសិនបើក្រសួងបណ្តែតបណ្តោយឱ្យមានការតាំងខុសពីរូបភាពដើម នោះក្រសួងនឹងត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលផង និងចំពោះរដ្ឋសភាផង។
លោក ហ៊ុន សែន បានណែនាំឱ្យអ្នកស្រី ទ្រី ដាណា យកចិត្តទុកដាក់ទទួលយកការណែនាំ និងកែតម្រូវតាមការកំណត់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក្នុងករណីមិនអាចទទួលយកបានទេ លោកក៏មិនអនុញ្ញាតឱ្យមានការតាំងដែរ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «អ៊ីចឹង សុំឱ្យលោកស្រី ទ្រី ដាណា សហការឱ្យបានហ្មត់ចត់ជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ យើងមិនអាចខ្ជីខ្ជាបានទេ។ គ្រោះថ្នាក់ណាស់ នៅពេលជាតិសាសន៍របស់យើង មានអ្វីដែលជាចំណាំច្បាស់លាស់ ហើយបែរជាធ្វើឱ្យក្លាយទៅតាមរយៈការតាំងបង្ហាញ ដោយមិនបានយកគំរូឱ្យបានត្រឹមត្រូវហ្មត់ចត់ទេនោះ វាអាចធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ខ្លួនឯង ហើយវាក៏អាចប៉ះពាល់ដល់ប្រទេសដទៃ ដែលគេអាចចោទថា យើងលួចបន្លំរបស់គេ»។
នៅថ្ងៃទី ៨ មីនា អ្នកស្រី ទ្រី ដាណា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយនឹងសារសំឡេងរបស់លោក ហ៊ុន សែន ថា៖ «កូនគោរពទទួលបានសម្តេចពុក»។
កាលពីថ្ងៃទី ៦ ខែមីនា អ្នកស្រី ទ្រី ដាណា បានបង្ហោះសារដោយមិនពេញចិត្តនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលតម្រូវឱ្យអ្នកស្រីធ្វើការសុំច្បាប់ក្នុងការថតផ្សាយពីសម្លៀកបំពាក់នៅមុខប្រាសាទអង្គរ។ អ្នកស្រីសរសេរថា៖ «ឱ្យតែយ៉ាងៗហ្នឹង អ្នកចង់ផ្សាយ វប្បធម៌លែងហ៊ានហើយ វេទនាណាស់លោកអើយ មើលទៅប្រហែលខ្ញុំលែងផ្សាយវិញហើយ អស់ការអត់ធ្មត់។ សង្ក្រាន្ត ខ្ញុំប្រហែលត្រូវលុបចោលវប្បធម៌ខ្មែរដូនតាចោលវិញហើយ លេងតែសម័យៗទៅក៏បាន លែងខ្វល់ហើយ ហត់ណាស់លោកអើយលោក»។
លោក សេង សំអាន ទីប្រឹក្សាក្រសួងវប្បធម៌ បានធ្វើការបកស្រាយទាក់ទងនឹងការចោទប្រកាន់របស់អ្នកស្រី ទ្រី ដាណា ដែលបានចោទក្រសួងថា មិនបានអនុញ្ញាតឱ្យគាត់ថតរូបមុខប្រាសាទអង្គរ ដោយលោកបានបញ្ជាក់ថា ក្រសួងមិនអនុញ្ញាតនេះ ក៏ព្រោះតែអ្នកស្រីមិនព្រមកែប្រែតាមសំណូមពររបស់អ្នកបច្ចេកទេស។
លោកថា ក្រុមការងាររបស់ក្រសួងវប្បធម៌ ក៏ដូចជារដ្ឋមន្ត្រីក្រសួងមិនដែលមានការតឹងតែងចំពោះការស្នើសុំនោះទេ ប៉ុន្តែសំណូមពរឱ្យមានការឆ្លងក្រុមការងារបច្ចេកទេសជំនាញរបស់ក្រសួងជាមុនសិន បើឃើញថា ត្រឹមត្រូវហើយ គឺក្រសួងអនុញ្ញាតហើយ ប៉ុន្តែសម្រាប់ករណីរបស់ក្រុមការងារអ្នកស្រី ទ្រី ដាណា នេះ គឺក្រុមការងារឃើញថា មានការខុសឆ្គងច្រើន។
លោក សេង សំអាន មានប្រសាសន៍ថា៖ «សម្លៀកបំពាក់របស់ខ្មែរយើងមានក្បួនខ្នាតច្បាស់លាស់ ទោះបីជាចង់ច្នៃយ៉ាងណាក៏ដោយ ឱ្យតែត្រូវតាមសម័យកាល គឺក្រសួងអនុញ្ញាត គឺអត់មានថា ដូចពិបាកទៅសុំភ្លើងយក្សនោះទេ វាមិនពិបាកដូចនោះទេ»។ លោកលើកឡើងថា បើស្រឡាញ់វប្បធម៌ជាតិ ត្រូវតែធ្វើឱ្យបានត្រឹមត្រូវតាមសំណូមពររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕