ភ្នំពេញៈកម្ពុជាស្នើអូស្ត្រាលី ជួយគាំទ្របន្ថែមទៀតទៅលើការបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដល់មន្ត្រីនគរបាលកម្ពុជា ខណៈប្រភេទបទល្មើសនេះ កំពុងមាននិន្នាការកើនឡើងនៅក្នុងបណ្តាប្រទេសតំបន់អាស៊ី។
ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំតំបន់អាស៊ី កាលពីថ្ងៃទី៨ ខែមីនា នៅឯអគ្គស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា លោកនេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង «ដ៏ជិតស្និទ្ធ» រវាងអគ្គស្នងការនគរបាលជាតិក៏ដូចជាថ្នាក់ដឹកនាំនគរបាលជាតិនៃប្រទេសទាំង២ និងបានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងរបស់នគរបាលអូស្ត្រាលីរយៈកាលកន្លងមកមានដូចជាការផ្តល់ទីប្រឹក្សាក្នុងការដាក់ចេញយុទ្ធសាស្ត្រគោលនយោបាយនគរបាលជាតិកម្ពុជាជួយគាំទ្របង្កើតក្រុមការងារ TCT និងការជួយបណ្តុះបណ្តាលទាំងការកសាងសមត្ថភាពមន្ត្រីការជួយមធ្យោបាយសម្ភារនិងគម្រោងធំៗដទៃទៀត។
ប្រភពដដែលបញ្ជាក់នៅថ្ងៃទី៨ ខែមីនា ថា៖ «ឯកឧត្តម [លោក នេត សាវឿន] ក៏បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្រទាំងនេះនិងស្នើឱ្យភាគីអូស្ត្រាលីជួយគាំទ្របន្ថែមទៀតជាពិសេស ការបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលជាប្រភេទបទល្មើសកំពុងមាននិន្នាការកើនឡើងជារួមនៅក្នុងបណ្តាប្រទេសតំបន់អាស៊ី»។
បើតាមគេហទំព័រដដែលភាគីនគរបាលសហព័ន្ធអូស្ត្រាលីបានកោតសរសើរចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិកម្ពុជា តាមរយៈក្រុមបង្ក្រាបបទល្មើសឧក្រិដ្ឋឆ្លងដែន (TCT) និងអរគុណលោក នេត សាវឿន ដែលតែងតែគាំទ្រដល់នគរបាលសហព័ន្ធអូស្ត្រាលី នៅក្នុងមជ្ឈមណ្ឌល TCT ផងដែរ។
គេហទំព័រនេះបន្តថា «ភាគីអូស្ត្រាលីក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ TCTកម្ពុជាធ្វើជាគំរូ ដែលអាចយកទៅបង្កើតនៅប្រទេសដទៃផ្សេងទៀតនៅពេលខាងមុខ។ក្នុងនោះភាគីនគរបាលសហព័ន្ធអូស្ត្រាលីបានសន្យាបន្តគាំទ្រនគរបាលជាតិកម្ពុជា លើការបើកវគ្គបណ្តុះបណ្តាលជំនាញជូនដល់មន្ត្រីសិក្ខាកាមដើម្បីយកទៅបំពេញភារកិច្ចឱ្យចំគោលដៅ»។
ប្រភពដដែលបន្តទៀតថា លោក Peter ក៏បានអបអរសាទរ ចំពោះការដកកម្ពុជា ចេញពីបញ្ជីប្រផេះរបស់អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) និងបានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជាដែលជាផ្នែកសំខាន់មួយ ដែលនាំឱ្យកម្ពុជាសម្រេចបានលើការងារនេះ។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៩ ខែមីនា ថា ឌីជីថលូបនីយកម្មគឺចាំបាច់ណាស់ សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍជាតិ និងសន្តិសុខរបស់រដ្ឋ។បច្ចុប្បន្នស្ថានភាពនៃសន្តិសុខពិភពលោកកំពុងវិវឌ្ឍកាន់តែមានគ្រោះថ្នាក់កាន់តែទំនើបនិងអាចបណ្តាលឱ្យមនុស្សស្លាប់បាន តាមរយៈការប្រើប្រាស់បច្ចេវិទ្យាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនិងសង្គ្រាមដោយប្រើយន្តហោះគ្មានអ្នកបើក (drone)។
លោកបន្តថា សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតគឺជាកត្តាដ៏សំខាន់មួយហើយអាចជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់រដ្ឋនិងអាយុជីវិតមនុស្ស ដោយសារភាពប៉ិនប្រសប់ជំនាញ និងការស្ថិតក្នុងទីងងឹតមានកម្រិតខ្ពស់។ ប្រទេសអូស្ត្រាលី អាចជាដៃគូដ៏មានតម្លៃក្នុងការពង្រឹងនាយកដ្ឋាននគរបាលជាតិកម្ពុជា ដើម្បីទទួលបានជំនាញចាំបាច់ដើម្បីវិភាគពីចំណុចខ្លាំងចំណុចខ្សោយឱកាស និងការគំរាមកំហែងនៃបញ្ហាសន្តិសុខតាមអ៊ីនធឺណិតដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងបន្ថែមទៀតដើម្បីជំរុញ និងការពារសន្តិសុខជាតិ និងតំបន់។
លោក ម៉េង ដាវិត បានបញ្ជាក់ថា៖ «ដោយសារលក្ខណៈឆ្លងដែននិងការគំរាមកំហែងកម្រិតខ្ពស់ដល់សន្តិសុខជាតិ និងតំបន់កម្ពុជាតិច ឬច្រើនស្ថិតក្នុងការគំរាមកំហែងនៃបញ្ហាសន្តិសុខតាមអ៊ីនធឺណិតនេះ ហើយឥឡូវនេះត្រូវការកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូអន្តរជាតិផ្សេងទៀតសម្រាប់ការគាំទ្រផ្នែកបច្ចេកទេសនិងជំនាញ»៕