ភ្នំពេញៈ ឯកអគ្គរាជទូតតែងតាំងថ្មីរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ប្រចាំកម្ពុជា បានបង្ហាញការតាំងចិត្ត បង្កើតឱ្យមានស្ថានទូតរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ ២០២៣ ដើម្បីលើកកម្ពស់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង ២។
ការតាំងចិត្តនេះត្រូវបានធ្វើឡើងក្នុងឱកាសប្រមុខរដ្ឋស្តីទី កម្ពុជា និងជាប្រធានព្រឹទ្ធសភាលោក សាយ ឈុំ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជាលោកMohammed Ismaeil A. Dahlwyចូលជួបជូនសារតាំងនៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣។
ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងក្នុងនាមប្រធានព្រឹទ្ធសភា លោក សាយ ឈុំ បានសម្តែងអំណរសាទរនិងស្វាគមន៍ចំពោះលោកMohammed Ismaeil A. Dahlwyដែលត្រូវបានព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំកម្ពុជា។
នៅក្នុងឱកាសនោះ Mohammed Ismaeil A. Dahlwy បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំង២។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាបានបញ្ជាក់ថា៖«ឯកឧត្តម Mohammed Ismaeil A. Dahlwy មានជំនឿជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ជាពិសេសឯកឧត្ដមនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៣នេះ»។
ព្រមជាមួយគ្នានោះប្រមុខរដ្ឋស្តីទីលោកសាយ ឈុំ បានសម្ដែងសេចក្តីរីករាយចំពោះទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំង២ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។
លោក សាយ ឈុំ បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃកម្ពុជា ត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំង២។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលោក យង់ ពៅ បានលើកឡើងថា ការពង្រីកទំនាក់ទំនងរបស់កម្ពុជានៅក្នុងសម័យកាលទំនើបគឺជារឿងចាំបាច់ ពីព្រោះដើម្បីពង្រឹងដៃគូកិច្ចសហប្រតិបត្តិការទាំងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោក សម្តែងការគាំទ្រឱ្យមានទំនាក់ទំនងជាផ្លូវការរវាងអារ៉ាប៊ីសាអ៊ូឌីតនិងកម្ពុជាតាមរយៈការដាក់ស្ថានទូតរវាងប្រទេសទាំង២បើសិនជាអាច។
លោកថា៖«យើងត្រូវដឹងថា ប្រទេសរ៉ាប៊ីសាអ៊ូឌីតជាប្រភពនៃការផលិតប្រេង ហើយយើងជាប្រទេសមានផលិតផលកសិកម្មនិងឧស្សាហកម្មវាយនភណ្ឌជាដើមដែលជាឧស្សាហកម្មធុនស្រាលនិងផលិតផលទេសចរណ៍។អ៊ីចឹងយើងអាចដោះដូរគ្នាក្នុងទំហំពាណិជ្ជកម្មភាគីមួយខាងប្រភពថាមពល ជាមួយខាងកសិកម្ម និងទេសចរណ៍ យើងអាចដោះដូរគ្នាបន្ថែម និងបើកទីផ្សារបន្ថែម»។
លោកបន្ថែមថា ការពង្រីកទំនាក់ទំនងជាមួយដៃគូអន្តរជាតិនេះដែរគឺចង់បញ្ជាក់ថា កម្ពុជាបើកទូលាយក្នុងនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនដូចការលើកឡើងដែលតែងចោទថា កម្ពុជាផ្អែកតែទៅលើប្រទេសនេះ ឬប្រទេសនោះ នោះទេ៕