
លោកប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក HAYASHI Yoshimasa ក្នុងជំនួបកាលពីថ្ងៃទី២៤មករា។ រូបថត ក្រសួងការបរទេស
ភ្នំពេញៈ ក្រុមអ្នកតាមដានបញ្ហានយោបាយអន្តរជាតិ និងទំនាក់ទំនងការទូតយល់ឃើញថា ទំនាក់ទំនងកម្ពុជា និងជប៉ុនកាន់តែរឹងមាំពី ១ ថ្ងៃ ទៅ ១ ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលនៃប្រទេសទាំង ២ បានចុះកិច្ចព្រមព្រៀងទ្វេភាគី លើវិស័យនានា ដើម្បីបើកផ្លូវទៅកាន់ទំនាក់ទំនងការទូតជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយគ្នានៅឆ្នាំ ២០២៣ នេះ។
លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) យល់ថា ទំនាក់ទំនងកម្ពុជា ជប៉ុន មានលក្ខណពិសេសដែលហៅថា ជាទំនាក់ទំនងបេះដូងនិងបេះដូង (Heart to Heart Relations) ព្រោះមានគ្រប់កម្រិតថ្នាក់ ចាប់ពីកម្រិតថ្នាក់ដឹកនាំ ស្ថាប័ន និងប្រជាជននៃប្រទេសទាំង ២។
លោក គូសបញ្ជាក់ថា៖«នៅក្រោមក្របខ័ណ្ឌដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ កម្ពុជា និងជប៉ុនក៏បានសន្យាថា នឹងគួរគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងសកល ក្នុងកិច្ចការថែរក្សាសន្តិភាព ស្ថិរភាពសកល អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ច និងការគោរពច្បាប់អន្តរជាតិផងដែរ»។
ចំពោះលោកហ៊ីម រដ្ឋា អ្នកស្រាវជ្រាវវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព(CICP) បញ្ជាក់ថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងជាវិជ្ជមានជាប្រពៃណី តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ នៃដំណើរកសាងជាតិឡើងវិញ មកដល់សម័យបច្ចុប្បន្ន ក្រោមរូបភាពជំនួយអភិវឌ្ឍន៍ ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ។
លោកហ៊ីម រដ្ឋា បញ្ជាក់ថា៖« ទាក់ទិននឹងរឿងគោលនយោបាយសន្តិសុខ ជប៉ុនរកឃើញវិធីមួយ ដើម្បីធ្វើការសម្បទានជាមួយសាធារណមតិក្នុងស្រុករបស់ខ្លួន។ វិធីនោះគឺកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានា ដែលបញ្ជូនកងទ័ពមួកខៀវ ទៅរក្សាសន្តិភាពនៅតំបន់មានជម្លោះ ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ យ៉ាងណាមិញ នៅក្នុងស្រុកជប៉ុន រឿងបញ្ជូនទាហានរបស់ខ្លួនទៅកាន់ស្រុកដែលមានវិបត្តិជុំវិញពិភពលោក ជារឿងមួយដែលអ្នកនយោបាយជប៉ុន ពិភាក្សាយ៉ាងតានតឹង ព្រោះតែប្រជាជនជប៉ុនភាគច្រើន នៅមានអនុស្សាវរីយ៍ជូរចត់ ពាក់ព័ន្ធនឹងរឿងយោធា ដែលដិតដាមតាំងពីជំនាន់សង្គ្រាមលោកលើកទី២មកម្ល៉េះ»។
លោកបន្ថែមថា ដោយសារប្រទេសទាំង២ធ្លាប់មានប្រវត្តិជូរចត់ជុំវិញភ្នក់ភ្លើងសង្គ្រាម ភាគីទាំង២អាចទាញជ្រុងក្នុងបេសកកម្មរក្សាសន្តិភាពរួមគ្នា ជាក់ស្តែងនៅក្នុងករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាដើម។ ប្រទេសទាំង២ក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើបញ្ហាតំបន់ និងសកលនានា នៅក្នុងក្របខ័ណ្ឌពហុភាគីផ្សេងទៀតដូចជា តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ និងតាមរយៈអាស៊ាន។
កម្ពុជា និងជប៉ុន ទើបបានចុះកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិលើការ រក្សាសន្តិភាពនិងដោះមីន កាលពីថ្ងៃទី៧ខែមីនា។
ភាគីកម្ពុជាតំណាងដោយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈភាគីជប៉ុន តំណាងដោយលោកកាណូ តាគេហ៊ីរ៉ូ(KANO Takehiro) អគ្គនាយកនៃទីស្នាក់ការកិច្ចសហប្រតិបត្តិការសន្តិភាពអន្តរជាតិ នៃគណៈរដ្ឋមន្រ្តីជប៉ុន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានស្រង់ប្រសាសន៍របស់តំណាងប្រទេសជប៉ុន លោកកាណូ តាគេហ៊ីរ៉ូ(KANO Takehiro)ដែលបានលើកឡើងថា កម្ពុជាបានបង្ហាញពីគំរូយ៉ាងល្អ នៅក្នុងវិស័យរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដែលធ្វើឱ្យគេទទួលស្គាល់ថា កម្ពុជាជាចំណែកមួយនៃអ្នកផ្តល់សន្តិភាព។
លោកកាណូ តាគេហ៊ីរ៉ូ ថ្លែងថា៖«ភាគីទាំង២ បានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ដែលត្រូវបានដំឡើងដល់កម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៅក្នុងឆ្នាំនេះ។ ភាគីទាំង២ ក៏បានពិភាក្សាគ្នាផងដែរ អំពីភាពជាដៃគូក្នុងកិច្ចការរក្សាសន្តិភាព និងសកម្មភាពកម្ចាត់មីន នៅក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងអង្គការសហប្រជាជាតិ»។
លោកកាណូ តាគេហ៊ីរ៉ូ(KANO Takehiro) បានបញ្ជាក់ពីការត្រៀមខ្លួន ធ្វើការជាមួយកម្ពុជា ពីភាគីជប៉ុន ខណៈជប៉ុននឹងធ្វើជាម្ចាស់ផ្ទះរៀបចំ “កម្មវិធីភាពជាដៃគូត្រីភាគី របស់អង្គការសហប្រជាជាតិ” នៅឆ្នាំ ២០២៤ ខាងមុខ ដែលមានគោលដៅពង្រឹងសមត្ថភាពវិស្វកម្មក្នុងតំបន់ នៅក្នុងបេសកកម្មរក្សាសន្តិភាព។
លោកបានកោតសរសើរកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានខំប្រឹងប្រែងរកដំណោះស្រាយចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកប្រាក់ សុខុន បានរំឭក និងថ្លែងអំណរគុណដល់ភាគីជប៉ុនចំពោះការរួមចំណែករបស់កងកម្លាំងស្វ័យការពារជប៉ុន នៅក្នុងដំណើរការរក្សាសន្តិភាព ក៏ដូចជាការគាំទ្រដល់ដំណើការកសាងជាតិឡើងវិញ និងការអភិវឌ្ឍរបស់កម្ពុជា។
ភាគីទាំង២បានគូសបញ្ជាក់ជាថ្មី ជុំវិញការប្តេជ្ញាចិត្ត ក្នុងការពង្រីកកិច្ចសហការបន្ថែមទៀត ពាក់ព័ន្ធវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយជប៉ុន សន្យាជួយលើការងារបណ្ដុះបណ្ដាល និងការផ្តល់គ្រឿងបរិក្ខារចាំបាច់ជួយដល់កម្ពុជា។
ប្រទេសកម្ពុជា និងប្រទេសជប៉ុន បានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។
ក្នុងឆ្នាំ២០២៣នេះ គឺជាខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដែលឆ្នាំនេះ ភាគីទាំង២គ្រោងដំឡើងឋានៈទំនាក់ទំនងឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ព្រះបាទនរោត្តម សីហនុ បានត្រួសត្រាយផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងការទូតនៃប្រទេសទាំង២ ដោយទ្រង់បានយាងទៅទស្សនកិច្ចនៅប្រទេសជប៉ុនជាលើកដំបូង នៅក្នុងឆ្នាំ១៩៥៥។
នៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសជប៉ុន ក៏នៅឈរជាប្រទេសមួយ ដែលផ្ដល់ជំនួយឥតសំណងច្រើនជាងគេ ដល់ប្រទេសកម្ពុជា៕