គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប )ប្រកាសទទួលស្គាល់នៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចំនួន ៣ សម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត នៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ឆ្នាំ២០២៣។
តាមរយៈសេចក្តីជូនដំណឹងរបស់គជប កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ ឱ្យដឹងថា មានតែគណបក្សនយោបាយចំនួន ៣ ប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊ុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន ដែលបានបញ្ជូននិងដាក់ភ្នាក់ងាររបស់ខ្លួនទាំងបម្រុង និងពេញសិទ្ធិសរុបចំនួន ២០ នាក់ក្នុងនោះ ស្រី ៩ នាក់ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ (គជប) ថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មីខាងលើនេះ គឺជាការបោះឆ្នោត លើកទី១ ក្នុងនោះ អ្នកសង្កេតការណ៍ដែលជាភ្នាក់ងារគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល មានតួនាទី និងភារកិច្ចក្នុងការឃ្លាំមើលរាល់ដំណើរការ និងប្រព្រឹត្តទៅនៃការបោះឆ្នោត ជាពិសេសអ្នកសង្កេតការណ៍ទាំងនេះ មានសិទ្ធិចូលទៅសង្កេតការណ៍នៅក្នុងការិយាល័យបោះឆ្នោត តាមការយល់ព្រមពីប្រធានការិយាល័យ និងអាចកត់ត្រានូវរាល់បញ្ហាទាំងឡាយដែលកើតមានឡើង។
ទោះជាយ៉ាងណា លោកថា តួនាទីរបស់អ្នកសង្កេតការណ៍របស់អង្គការសង្គមស៊ីវិលខុសគ្នាត្រង់ភ្នាក់ងារគណបក្សនយោបាយ មានសិទ្ធិក្នុងការប្តឹងតវ៉ានៅនឹងកន្លែងការិយាល័យបោះឆ្នោត ទៅប្រធានការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ប៉ុន្តែសម្រាប់អ្នកសង្កេតការណ៍វិញមានសិទ្ធិត្រឹមតែឃ្លាំមើល និងកត់ត្រារាល់បញ្ហាដែលកើតឡើងប៉ុណ្ណោះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា ការដែលគណបក្សដាក់ភ្នាក់ងារសង្កេតការណ៍សម្រាប់ការបោះឆ្នោតខាងលើនេះ ដើម្បីឃ្លាំមើលលើភាពមិនប្រក្រតីណាមួយដែលកើតឡើងក្នុងអំឡុងពេលដំណើរការបោះឆ្នោត ដោយមិនប្រកាន់ចំណុចណាមួយនោះទេ ឱ្យតែផ្ទុយ ឬខុសពីគោលការណ៍និតិវិធីរបស់ គជប គឺភ្នាក់ងារមានសិទ្ធិដាក់ពាក្យតវ៉ា ឬបណ្តឹងទៅ គជប ដើម្បីឱ្យដោះស្រាយទាន់ពេលវេលា។
លោកថ្លែងថា៖ «អាហ្នឹងជាតួនាទី និងភារកិច្ចរបស់ភ្នាក់ងារគណបក្សនយោបាយ គឺតាមដានសង្កេត រាល់ដំណើរការបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត ហើយ ដាក់ពាក្យប្តឹងទៅតាមសភាពការណ៍ដែលយើងសង្កេតឃើញថា មិនមានភាពប្រក្រតី។ មួយទៀត ភ្នាក់ងារគណបក្សនយោបាយក៏មានតួនាទីភារកិច្ចការពារភាពស្របច្បាប់ និងយុត្តិធម៌របស់គណបក្សដែរ»។
ទោះជាយ៉ាងណា លោកថា មិនថាភ្នាក់ងារគណបក្សប្រជាជនកម្ពុជានោះទេ គឺគ្រប់ភ្នាក់ងារគណបក្សនយោបាយទាំងអស់ ដែលបានចុះឈ្មោះប្រកួតប្រជែង សុទ្ធសឹងតែមានតួនាទីដូចៗគ្នាទាំងអស់។
ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខដោយមានគណបក្សនយោបាយតែ ៣ ប៉ុណ្ណោះ ចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន ៕