សៀមរាបៈ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានតាំងពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន ១ ផ្ទាំង ធ្វើពីថ្មភក់ ដែលទំនងកសាងឡើងនៅអំឡុងចុងសតវត្សរ៍ទី១២ នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង។
មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់ ដែលឆ្លាក់រឿងរ៉ាវនៃព្រះពុទ្ធសាសនា ដែលត្រូវបានរកឃើញដោយការធ្វើកំណាយនេះ ត្រូវបានគេកំណត់ឈ្មោះថា «ថ្មគោលព្រះពាន់» ដែលជាវត្ថុកម្រមាននៅក្នុងសិល្បៈខ្មែរ។
លោក វិបុលសុខុម ពន្យល់ថា លក្ខណពិសេសរបស់ថ្មគោលនេះ គឺមានរូបព្រះពុទ្ធតូចៗទាំងអស់ចំនួន ១ ០០៨ អង្គ ដែលតំណាងឱ្យមង្គលចក្រវាល មួយទៀត អាចនិយាយបានថា ជាអនុព្យញ្ជនៈរបស់ព្រះសម្មាសម្ពុទ្ធ ឬគ្រប់សត្វទាំងអស់មាន ១ ០០៨ អង្គ។
លោកបន្តទៀតថា ថ្មគោលប្រភេទចម្លាក់បែបសាសនានេះ នៅកម្ពុជាគេប្រទះឃើញចំនួន ២ ផ្ទាំង គឺទី១ ជាថ្មគោលឆ្លាក់រូបព្រះពុទ្ ធដែលដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នាខេត្តសៀមរាប និង ១ ផ្ទាំងទៀត គឺជាថ្មគោលបែបព្រហ្មញ្ញសាសនា ដែលមានឆ្លាក់រូបព្រះនរាយណ៍ សព្វថ្ងៃដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។
ថ្មគោលព្រះពាន់នេះ មានរាង ៤ ជ្រុង មានកម្ពស់ ១២២ សង់ទីម៉ែត្រ ទទឹង ៥៨ សង់ទីម៉ែត្រ និងកម្រាស់ ៤៥ សង់ទីម៉ែត្រ និងទម្ងន់ប្រមាណជាងកន្លះតោន។
នៅតាមជ្រុងទាំង ៤ មានចម្លាក់ព្រះពុទ្ធសមាធិតូចៗចំនួន ១ ០០៨ អង្គ។ នៅផ្នែកខាងលើ និងខាងក្រោមមានការខូចខាតខ្លះៗ ដោយផ្ទៃសាច់ថ្មមានស្នាមប្រេះបញ្ឈរ និងនៅកំពូលនៃជ្រុងទាំង ៤ មានលម្អជាក្បាលនាគ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកទស្សនាស្វែងយល់បន្ថែម នៃផ្ទាំងថ្មគោលព្រះពាន់បែបព្រះពុទ្ធសាសនា នេះ រួមទាំងចម្លាក់ប្រតិមាផ្នែកពុទ្ធសាសនាជាច្រើនទៀត ដែលមានតាំងពិព័រណ៍បង្ហាញនៅសារមន្ទីរ ព្រះនរោត្តមសីហនុអង្គរ៕
ចម្លាក់ព្រះពាន់ទម្ងន់ជាងកន្លះតោន មានរូបព្រះពុទ្ធតូចៗ ១ ០០៨ អង្គត្រូវបានដាក់តាំងនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ រូបថត អាជ្ញាធរជាតិអប្សរា