ភ្នំពេញៈ គិតចាប់ពីឆ្នាំ ២០១៨ ដល់ត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៣ មានកម្មការិនីឆ្លងទន្លេសរុបជាង ៣៥ ម៉ឺន ៦ ពាន់នាក់ ដែលមានចំនួនកូនជាង ៣៥ ម៉ឺន ៨ ពាន់នាក់ បានទទួលប្រាក់ឧបត្ថម្ភសរុបជាង ១៤៣ ប៊ីលានរៀល ឬស្មើនឹងប្រមាណជាង ៣៥ លានដុល្លារអាមេរិក។ នេះបើតាមការប្រកាសរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣។
លោក អ៊ិត សំហេង បានលើកឡើងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា គិតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ មានកម្មការិនីឆ្លងទន្លេចំនួនសរុបជាង ៣៥ ម៉ឺន ៦ ពាន់នាក់ ដែលមានកូនសរុបចំនួនជាង ៣៥ ម៉ឺន ៨ ពាន់នាក់ ត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភសរុបជាង ១៤៣ ប៊ីលានរៀល ឬស្មើនឹងប្រមាណជាង ៣៥ លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់ថា៖ «វឌ្ឍនភាពនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតនារី ក្នុងពេលមានបុត្រ តាមស្ថិតិកម្មការិនីឆ្លងទន្លេនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ មានចំនួន ១៦៤ នាក់ ចំនួនកូន ១៦៥ នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុប ៦៦ លានរៀល»។
លោក អ៊ិត សំហេង ធ្លាប់បានឱ្យដឹងដែរថា យោងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្មវិធីនេះនឹងបន្តអនុវត្តដើម្បីគាំពារមាតា និងទារក ក្នុងចំណោមបងប្អូនកម្មករនិយោជិតសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធជានារីផងដែរ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានឱ្យដឹងថា កន្លងមកឃើញថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតនារី ក្នុងពេលមានបុត្ររបស់រាជរដ្ឋាភិបាលមានសកម្មភាព ជាហូរហែ។ លោកថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ទៅលើប្រព័ន្ធសន្តិសុខសង្គមបានច្រើន។
យ៉ាងណាក្ដី លោក អាត់ ធន់ បានជំរុញឱ្យក្រសួងផ្តោតការយកចិត្តទុកដាក់លើការងារផ្សេងៗទៀត ដោយលោកបញ្ជាក់ថា ៖ «រដ្ឋាភិបាលគួរផ្តោតទៅលើសិទ្ធិកម្មករ និងប្រាក់ខែកម្មករបន្ថែមទៀត ពិសេសត្រូវអនុវត្តលើរបបសន្តិសុខសង្គមឱ្យបានទូទាំងប្រទេស និងកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រោះកន្លងមកការអនុវត្តប្រព័ន្ធនេះនៅមានកម្រិតតិចតួចនៅឡើយ»។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បេឡាជាតិសន្តិសុខសង្គមបានដាក់ឱ្យអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន ក្នុងគោលដៅពង្រឹង និងពង្រីកការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ពិសេសរួមចំណែកកាត់បន្ថយអត្រាមរណភាពមាតា និងទារក។
ក្រសួងបានបញ្ជាក់ដែរថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីសម្រាលកូននេះ សម្រាប់ស្ត្រីសម្រាលកូន ១ (ទោល) ទទួលបានប្រាក់ចំនួន ៤០ ម៉ឺនរៀល,កូនភ្លោះ ២ (ពីរនាក់) ទទួលបាន ៨០ ម៉ឺនរៀល,កូនភ្លោះ ៣ ទទួលបាន ១២០ ម៉ឺនរៀល។លើសពីនេះទៀត ចំពោះកូនភ្លោះ ៣ នាក់ជាកូនរបស់លោកហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ លានរៀលបន្ថែមផងដែរ។
គួរបញ្ជាក់ដែរថា បើតាមលទ្ធផលការងារឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា កាលពីឆ្នាំ ២០២២ កន្លងទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីក្រោយសម្រាលកូន និងស្ត្រីសម្រាលកូនសរុបចំនួន ៥៥ ៨០១ នាក់ ស្មើនឹងចំនួនកូន ៥៦ ១៨៨ នាក់ ដែលគិតជាទឹកប្រាក់អស់ប្រមាណ ២២,៤៨ លានរៀលឬស្មើប្រមាណ ៥,៤៨ លានដុល្លារអាមេរិក៕