អង្គការយូនីសេហ្វនៅកម្ពុជា បានផ្សព្វផ្សាយទៅដល់សាធារណជនឱ្យធ្វើការបែងចែកឱ្យបានច្បាស់ពីការពិត និងការយល់ខុសទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្ត ស្របពេលដែលអ្នកជំនាញប្រឹក្សាផ្នែកផ្លូវចិត្តថា សុខភាពផ្លូវចិត្ត ក៏ដូចជាសុខភាពផ្លូវកាយដែរគឺត្រូវតែស្វែងរកកន្លែងប្រឹក្សា និងកន្លែងព្យាបាល។
ការផ្សព្វផ្សាយបែបនេះឡើង ដោយសារអង្គការមើលឃើញថាអ្នកដែលមានគំនិត និងមតិជាច្រើននៅទូទាំងសហគមន៍ ដែលមានវប្បធម៌ផ្សេងៗគ្នា បានចំណាយពេលក្នុងការពិភាក្សាពីបញ្ហាសុខភាពផ្លូវចិត្តថាជាអ្វីពិតប្រាកដ ដើម្បីអាចប្រាប់ទៅដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួនពីការពិត និងការយល់ខុស លើបញ្ហាសុខភាពផ្លូវចិត្តនេះ។
បើតាមអង្គការយូនីសេហ្វប្រចាំកម្ពុជា បានឱ្យនិយមន័យសុខភាពផ្លូវចិត្តថា គឺជាផ្នែកមួយនៃសុខភាព និងសុខុមាលភាពរបស់មនុស្សម្នាក់ៗ ដែលអាចឱ្យមនុស្សម្នាក់ៗយល់ពីសមត្ថភាពរបស់ខ្លួន ស៊ូទ្រាំនឹងជីវិតប្រចាំថ្ងៃ រួមចំណែកដល់សហគមន៍របស់ខ្លួន បង្កើតទំនាក់ទំនង និងរៀបចំពិភពលោកដែលខ្លួនឯងរស់នៅ មិនថានៅទីណាទេ ត្រូវចាំថា វាជារឿងសំខាន់ដែលត្រូវទទួលយកខ្លួនឯង ពីព្រោះនេះគឺជាជំហានដំបូងក្នុងការកសាងសហគមន៍មួយ ដែលមនុស្សគ្រប់គ្នាទាំងអស់គ្នាមានអារម្មណ៍សុវត្ថិភាព ស្វាគមន៍ និងមានតម្លៃ។
អង្គការដដែលនេះបានសង្កត់ធ្ងន់ថា ៖ «អង្គការបង្ហាញឱ្យសាធារណជនឱ្យយល់កាន់តែច្បាស់ពីការពិត និងការយល់ខុស ពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្លូវចិត្តនេះ ខណៈដែលមានសាធារណជនមួយចំនួន ពួកគាត់បានយល់ច្រឡំថា នៅពេលមានបញ្ហាសុខភាពផ្លូវចិត្ត វាជាសញ្ញានៃភាពទន់ខ្សោយ ប្រសិនបើពួកគេរឹងមាំនោះវានឹងមិនមានបញ្ហាទាំងនេះទេ។ ប៉ុន្តែអ្វីជាការពិត គឺនោះ នៅពេលមាននរណាម្នាក់ មានបញ្ហាសុខភាពផ្លូវចិត្ត គឺវាមិនមានការពាក់ព័ន្ធនឹងភាពទន់ខ្សោយនោះទេ»។
ប្រភពដដែលបញ្ជាក់ថា ៖ «នរណាម្នាក់មានភាពទន់ខ្សោយ ឬមិនមានភាពទន់ខ្សោយ វាមិនមែនជាអ្វីដែលយើងត្រូវជ្រើសរើសថាមាន ឬមិនមាននោះទេ។ តាមពិត ការទទួលស្គាល់ថាអ្នកត្រូវការជំនួយ សុំឱ្យគេជួយ វាបង្ហាញពីភាពក្លាហានរបស់អ្នក»។
ទាក់ទិនរឿងនេះ នាយិកាមជ្ឈមណ្ឌលស្នេហា (Sneha Centre) អ្នកនាង យឹម សុធារី បានឱ្យដឹងថា សុខភាពផ្លូវចិត្ត ក៏ដូចជា សុខភាពផ្លូវកាយដែរ ពីព្រោះមនុស្សម្នាក់ៗត្រូវតែមានសុខភាពផ្លូវចិត្ត និងព្រមទាំងមានសុខភាពផ្លូវកាយ ហើយវាក៏មិនមែនជាអ្វីមួយដែលចម្លែក និងជាអ្វីមួយដែលថ្មីនោះទេ គឺមានន័យថាសុខភាពផ្លូវចិត្ត វាជាចំណែកនៃសុខភាពរបស់មនុស្សម្នាក់ៗ ដូចផ្លូវកាយផងដែរ។
អ្នកស្រីលើកឡើងថា ជាទូទៅមនុស្សគ្រប់គ្នាតែងតែឈឺទៅលើផ្លូវកាយជាដើម ហើយក៏ទៅរកពេទ្យដើម្បីព្យាបាល ប៉ុន្តែចំណែកសុខភាពផ្លូវចិត្ត មិនសូវមានអ្នកស្វែករកការប្រឹក្សា ព្យាបាលនោះទេ ដែលនេះបង្ហាញថា វាជាការដែលមនុស្សគ្រប់គ្នាយល់ច្រឡំលើសុខភាពផ្លូវចិត្តថាជារឿងបន្ទាប់មិនសូវជាយកចិត្តទុកដាក់ តែតាមពិតសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ វាគឺដើរស្របគ្នា មិនមានអ្នកណាមុន អ្នកណាក្រោយ ឫអ្នកណាមានសារៈសំខាន់ជាងនោះឡើយ។
ក្រៅពីនេះអ្នកស្រីបន្តថា នៅក្នុងសង្គមបច្ចុប្បន្ននេះ តាំងពីមានវិបត្តិជំងឺកូវីដ ១៩ មក ពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្លូវចិត្ត គឺមានអ្នកចាប់អារម្មណ៍ច្រើន និងចង់ដឹង ចង់ស្វែងយល់ ជាពិសេសគឺការចង់ព្យាបាលលើបញ្ហាសុខភាពផ្លូវចិត្ត ហើយមនុស្សភាគច្រើននៅតែមានការយល់ច្រឡំថា សុខភាពផ្លូវចិត្ត គឺជាជំងឺផ្លូវចិត្ត ប៉ុន្តែតាមពិតសុខភាពផ្លូវចិត្ត គឺជាអ្វីមួយដែលធំ ហើយចំណែកជំងឺផ្លូវចិត្ត វាគ្រាន់តែជាចំណែកមួយនៃសុខភាពផ្លូវចិត្តប៉ុណ្ណោះ។
មួយវិញទៀត បើកាលណាមនុស្សម្នាក់ៗអាចមានសុខភាពផ្លូវចិត្តល្អហើយនោះជំងឺផ្លូវចិត្តនឹងមិនឆាប់ប៉ះពាល់មកកាន់ខ្លួនពួកគាត់នោះទេ។
អ្នកស្រី យឹម សុធារី បានប្រាប់ថា ៖ «ដូច្នេះមនុស្សគ្រប់គ្នាទាំងអស់ គឺសុទ្ធតែមានសុខភាពផ្លូវចិត្ត គ្រាន់តែថាប្រសិនបើយើងខ្សោយអ៊ីចឹងទៅ ឱកាសនៃការធ្លាក់ទឹកចិត្ត ឱកាសអីផ្សេងៗទៅ គឺវាឆាប់មើលឃើញ។ ហើយយើងក៏អាចការពារវាបាន តាមរយៈកាលដែលយើងមានសុខភាពផ្លូវចិត្តល្អ»។
អ្នកស្រីបន្តថា កាលដែលធ្វើឱ្យមានសុខភាពផ្លូវចិត្តល្អ គឺខ្លួនឯងត្រូវចេះថែទាំ ដូចតែការថែទាំផ្លូវកាយផងដែរ ដែលត្រូវចេះហាត់ប្រាណ បរិភោគអហារដែលល្អៗ ត្រូវចេះរៀនគិតពីភាពវិជ្ជមាន និងត្រូវចេះរៀនព្យាបាលខ្លួនឯង ហើយជាពិសេសធ្វើអ្វីៗ និងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រកបភាពរីករាយជាដើម។
អ្នកស្រី យឹម សុធារី បន្ថែមថា៖ «ដូច្នេះកាលដែលយើងអាចការពារវិបត្តិផ្លូវចិត្ត និងជំងឺផ្លូវចិត្តបាន គឺតាមរយៈការធ្វើឱ្យខ្លួនឯងមានសុខភាពផ្លូវចិត្តល្អ។ ហើយកាលដែលធ្វើឱ្យខ្លួនឯងមានសុខភាពផ្លូវចិត្តល្អ គឺត្រូវផ្លាស់ប្ដូរទម្លាប់របស់យើង ដូចជា៖ ការបរិភោគ ការរគិត ការគេង និងត្រូវចេះស្រលាញ់ខ្លួនឯង ថែទាំខ្លួនឯងឱ្យបានច្រើនជាងមុន និងមួយទៀតត្រូវបង្កើតមិត្តភាពល្អៗឱ្យបានច្រើនទាំងនៅក្នុងផ្ទះ និងទាំងនៅក្រៅផ្ទះជាដើម»៕