ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខក្នុងកម្រិតអន្តរក្រសួង ដែលការធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់ដើម្បីធានាបាននូវការចែករំលែកទិន្នន័យច្បាស់លាស់ និងជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍នៅក្នុងសង្គម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំ តម្រង់ទិសការងារអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី៧ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា អភិបាលខេត្តពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣។ លោក ស ខេង បានថ្លែងដោយកត់សម្គាល់ថា ឆ្នាំ ២០២១ ជាឆ្នាំទី៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ ២០១៦។
លោកបន្តថា៖ «គោលដៅចម្បងនៃផែនការយុទ្ធសាស្ត្រជាតិ គឺជាការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន និងការប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធនេះ ដើម្បីបម្រើជាប្រយោជន៍ជាតិ ដូចជា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់គុណភាពនៃការផ្តល់សេវា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។
លោក ស ខេង បន្ថែមថា កិច្ចការដែលត្រូវខិតខំសម្រេចឱ្យបានក្នុងដំណាក់កាលដំបូងនេះ គឺការរៀបចំគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម រួមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ។
លោកថា៖ «ជាជំហានបន្តត្រូវបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជនប្រព័ន្ធចុះបញ្ជី អត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានប្រព័ន្ធចុះបញ្ជីស្នាក់នៅនិងប្រព័ន្ធគ្រប់គ្រងទិន្នន័យសញ្ជាតិ។ ជំហានបន្ទាប់គឺការភ្ជាប់បណ្តាញទំនាក់ទំនងរវាងប្រព័ន្ធទាំងអស់ ដើម្បីប្រមូលផ្តុំ និងសម្អាតទិន្នន័យចូលក្នុងប្រព័ន្ធរួមមួយដែលជាប្រភពព័ត៌មានដ៏ចម្បងប្រកបដោយគុណភាព សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងគោលដៅគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ លោក កង សុខន ឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម នឹងឆ្លងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខក្នុងកម្រិតអន្តរក្រសួង មុនដាក់ឆ្លងក្នុងសិក្ខាសាលាពិគ្រោះយោបល់។
សម្រាប់ការងារពង្រឹងយន្តការសេវាអត្តសញ្ញាណកម្មលោកកង សុខន បន្ថែមថា ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារ“ប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស” ដោយក្រុមប្រចាំការមានភារកិច្ចតាមដាន ស្រង់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ ពលរដ្ឋ ដើម្បីយកមកពិនិត្យដោះស្រាយបានជាបន្តបន្ទាប់។
ជាមួយគ្នានោះ លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាង ច្បាប់នេះបានធ្វើសេចក្តីរាយការណ៍សង្ខេបចាប់តាំងពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់រហូតដល់ការបញ្ចប់សេចក្តីព្រាង និងការប្រជុំឆ្លងជាបន្តបន្ទាប់ រហូតត្រូវបានបញ្ចប់។
ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម» នេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ ហើយនឹងក្លាយជាឧបករណ៍គតិយុត្តដើម្បីធានាបាននូវការចែករំលែកទិន្នន័យច្បាស់លាស់តាមតម្រូវការរបស់ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ និងជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងតាមដានភាពរីកចម្រើននៃសង្គម។
ធានាដល់កិច្ចការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលរស់នៅក្នុងដែនសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ តាមរយៈការផ្តល់លេខសម្គាល់អត្តសញ្ញាណបុគ្គលតែ ១ គត់សម្រាប់មនុស្សម្នាក់៕