
ក្នុងខែកុម្ភៈ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ១ ៤០០ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ រូបថត នគរបាលជាតិ
ភ្នំពេញៈ ក្នុងខែកុម្ភៈ សមត្ថកិច្ចបានបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន ៥៨០ ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ១ ៤០០ នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលផ្សព្វផ្សាយនៅលើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១០ ខែមីនា នេះ។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅក្នុងកិច្ចប្រជុំមួយ នាថ្ងៃទី១០ ខែមីនា បានដាក់ចេញនូវគោលការណ៍ដល់មន្ត្រី ថា រាល់ការចុះបង្រ្កាបបទល្មើសគ្រឿងញៀន ត្រូវមានវិធានការជំនាញដាច់ខាត ហើយការចុះប្រត្តិបត្តិការបង្រ្កាបគ្រឿងញៀន ត្រូវអនុវត្តតាមបទបញ្ជារបស់កងកម្លាំងនគរបាលជាតិ។ នេះបើយោងតាមគេហទំព័រដដែល។
លោកបានដាក់ចេញនូវគោលការណ៍ថា៖ «ការចុះប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ត្រូវមាននាយករងមន្ទីរដឹកនាំទទួលខុសត្រូវចំពោះមុខច្បាប់។ ការិយាល័យអន្តរាគមន៍ត្រូវធ្វើបញ្ជីឈ្មោះជនសង្ស័យឱ្យបានច្បាស់លាស់។ ពេលបញ្ជូនជនប្រើប្រាស់គ្រឿងញៀន ទៅមណ្ឌលអប់រំកែប្រែ ដាច់ខាតត្រូវធ្វើនីតិវិធីតាមច្បាប់ប្រគល់សម្ភារប្រើប្រាស់ឱ្យទៅខាងក្រុមគ្រួសារវិញជាដាច់ខាត»។
ក្រៅពីនេះ លោក ម៉ក់ ជីតូ ក៏បានដាក់ចេញនូវគោលការណ៍ដល់មន្ត្រីឱ្យពង្រឹងការអនុវត្តវិន័យ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈដល់កងកម្លាំងអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្នើឱ្យបើកវគ្គខ្លីបំពាក់បំប៉នជំនាញអនុវត្តន៍ច្បាប់ នៅតាមការិយាល័យ និងបើកវគ្គមន្ត្រីនគរបាលយុត្តិធម៌ដល់មន្ត្រីនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕