ភ្នំពេញៈ ក្រសួងបរិស្ថានបានរៀបចំផែនការប្រព័ន្ធត្រជាក់នៅកម្ពុជា ខណៈភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានចាត់ទុកកម្ពុជាថាជាប្រទេសមួយដែលងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុតបណ្ដាលមកពីកំណើនសីតុណ្ហភាព។
កាលពីថ្ងៃទី ៩ ខែមីនា ក្រសួងបរិស្ថាន សហការជាមួយគណៈកម្មការសង្គមនិងសេដ្ឋកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) និងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានរៀបចំសិក្ខាសាលាស្ដីពី «ផែនការសកម្មភាពប្រព័ន្ធត្រជាក់នៅកម្ពុជា»។
លោក ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងពិធីនេះថា កម្ពុជា ជាប្រទេសមួយដែលងាយរងគ្រោះពីផលប៉ះពាល់បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងបានដាក់ការប្ដេជ្ញាខ្ពស់ក្នុងនាមជាប្រទេសឈានមុខក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោកបន្តថា កម្ពុជាបានរៀបចំផែនការនេះឡើង ស្របទៅនឹងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Updated NDC)។ Updated NDC នេះបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក ប៉ាក សុខារ៉ាវុត ថ្លែងថា កំណើនសីតុណ្ហភាព គឺជាផលប៉ះពាល់មួយដ៏សំខាន់ក្នុងចំណោមផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ ភ្នាក់ងារអង្គការសហប្រជាជាតិ (UN Agencies) បានចាត់ទុកកម្ពុជាថាជាប្រទេសមួយដែលងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុតបណ្ដាលមកពីកំណើនសីតុណ្ហភាព។
លោកបន្ថែមថា៖ «ក្នុងនោះ ការកើនឡើងសីតុណ្ហភាព នឹងជះផលអវិជ្ជមានទៅលើសុខភាពនិងផលិតភាពការងាររបស់ពលរដ្ឋ ដោយជាលទ្ធផល វានឹងជះផលអវិជ្ជមានទៅលើចរន្តសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានប៉ាន់ស្មានថាស្មើនឹងជាងពាក់កណ្តាលនៃការបាត់បង់និងការខូចខាតទាំងមូលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ ហេតុដូចនេះ ផែនការសកម្មភាពប្រព័ន្ធត្រជាក់នេះ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»៕