រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានបន្ត ផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងក្នុងអំឡុងពេល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការទ្វេភាគី កម្ពុជា–អូស្ត្រាលី ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាលោក Justin Kevin Whyatt ដែលទើបចូលកាន់តំណែង កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីជំនួបនោះ បានឱ្យដឹងថា នាឱកាសនោះលោក អូន ព័ន្ធមុនីរ័ត្ន បានរំឭកឡើងវិញពីសមិទ្ធផលនានាដែលសម្រេចបាន កើតចេញពីចំណងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។ លោកថា៖ «ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនេះ បានផ្តល់ផ្លែផ្កាគួរជាទីពេញចិត្តទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ កិច្ចសហប្រតិបត្តិការតាមវិស័យរវាងរដ្ឋ និងរដ្ឋ និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ»។
ជាក់ស្តែង មានកម្មវិធី និងគម្រោងជាច្រើនដែលបាន និងកំពុងអនុវត្តក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្ត្រាលីដូចជាៈ កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា–អូស្ត្រាលី (CAVAC) កម្មវិធីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ (3i) កម្មវិធីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) កម្មវិធីភាពជាដៃគូមេគង្គ–អូស្ត្រាលី (MAP) និងកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។ ចុងក្រោយនេះគឺ កម្មវិធីភាពជាដៃគូកម្ពុជា–អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED) ដែលមានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ ៦៥ លានដុល្លារអាមេរិក។ ទន្ទឹមនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់ពីចំនួន ២០៥ លាន ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៥២៣ លាន ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២។
សេចក្តីប្រកាសបន្តថា៖ «ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានបន្តផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ជាពិសេស ជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Justin Kevin Whyatt មានក្តីសោមនស្សរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ជាពិសេស ឯកឧត្តមបានមើលឃើញជាក់ស្តែងអំពីការអភិវឌ្ឍលើគ្រប់វិស័យ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការអនុវត្តកម្មវិធីគាំពារសង្គមប្រកបដោយជោគជ័យ ទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ ១៩ និងផលវិបាកនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន»។
លោក Justin Kevin Whyatt បញ្ជាក់ថានឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា–អូស្ត្រាលី ឱ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ ឯកអគ្គរដ្ឋទូត Justin Kevin Whyatt ដែលបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ កម្ពុជា–អូស្ត្រាលី និងជូនពរចំពោះ ឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ៕