គណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមានស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃដែលពាក់ព័ន្ធកិច្ចការបោះឆ្នោត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំង នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ គជប ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ បានឱ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់កម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សេចក្តីប្រកាសបន្តថា ៖«គណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមាន គ.ជ.ប ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត នឹងចេញដំណើរនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ៣០នាទី»។
ប្រភពដដែលបន្តថា ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាងឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាលោក Jacques PELLET កាលពី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលភាគីបារាំង បានលើកឡើងពីគោលបំណងផ្ដល់ការគាំទ្រដល់កិច្ចការ ពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ ការងារ នៅសាធារណរដ្ឋបារាំង។
សេចក្តីប្រកាសព័ត៌មានរបស់ គជប ដដែល ឱ្យដឹងថា ទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង របស់គណៈប្រតិភូ គ.ជ.ប និងក្រសួងមហាផ្ទៃកម្ពុជា យោងតាមកំណត់ទូតនៃស្ថានទូតបារាំង ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោកស្រី អាត់ សូហ្វី នាយិកានៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិផ្នែកសន្តិសុខនៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទបារាំង ។
ជាមួយគ្នានេះ គជប សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមយកព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកទ្វារ វីអាយភី)៕