ភ្នំពេញៈ លោក ស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចថ្លែងថា សព្វថ្ងៃនេះក្រៅពីអំណានតាមរយៈសៀវភៅ និងឯកសារបោះពុម្ពផ្សេងៗ ប្រជាជនកម្ពុជាភាគច្រើន និយមប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជាមធ្យោបាយជំនួយដ៏មានប្រយោជន៍ មានប្រសិទ្ធភាព និងមានភាពទាក់ទាញ សម្រាប់ការអានជាទូទៅ។
លោកស្រីថ្លែងបែបនេះក្នុងពិធីបើកទិវាជាតិអំណាន លើកទី៨ ក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» ធ្វើឡើងនៅថ្ងៃទី១១ មីនា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
លោកស្រីថ្លែងថា៖«តាមរយៈទូរសព្ទវៃឆ្លាត ថេប្លេត និងកុំព្យូទ័រ ជាដើមសុទ្ធសឹងជាឧបករណ៍អានដ៏ពេញនិយមសម្រាប់អ្នកសិក្សា និងប្រជាពលរដ្ឋទូទៅក្នុងសម័យថ្មីនៃបច្ចេកវិទ្យាឌីជីថល។ អំណានដោយប្រើបច្ចេកវិទ្យាទំនើបបែបនេះធ្វើឱ្យអ្នកអានចំណេញពេលវេលាងាយស្រួលអានងាយស្រួលយកតាមខ្លួនងាយស្រួលរក្សាទុកនិងងាយស្រួលស្វែងរកព័ត៌មានព្រមទាំងជួយដល់ការការពារបរិស្ថានផងដែរ»។
លោកស្រី លើកឡើងទៀតថា ការអានសៀវភៅគឺជាទង្វើល្អមួយដែលឪពុកម្តាយមិនគួរមើលរំលងនោះទេ។ ការដាក់សៀវភៅតាមខ្លួនសម្រាប់អានជាប្រចាំក៏ជាការល្អ និងមានឥទ្ធិពលវិជ្ជមាន ដល់មនុស្សជុំវិញខ្លួន ដើម្បីបណ្តុះទឹកចិត្តអ្នកដទៃឱ្យស្រលាញ់ការអានផងដែរ៕