កោះកុងៈ អាជ្ញាធរ​មីន និង​អាជ្ញាធរ​ខេត្តកោះកុង បានប្រកាស​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ជា​ឃុំ​អស់​មីន នា​ថ្ងៃទី ​១០ ខែមីនា​។​

​ដោយមាន​ការគាំទ្រ​ពី​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​(TAFTAC) អាជ្ញាធរ​មីន កាលពី​ខែមករា បានដាក់​ពង្រាយ​កម្លាំង​បោសសម្អាត​មីន​របស់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) ធ្វើការ​បោសសម្អាត​ផ្ទៃដី​មាន​មីន​ក្នុង​ទំហំ ជាង​១,១ ម៉ែត្រក្រឡា ស្មើនឹង ៨ ចម្ការមីន ស្ថិតក្នុង​ឃុំ​កោះ​ស្តេច និង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ​។​

​អាជ្ញាធរ​មីន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​១០ មីនា ថា ថវិកា​ទាំងនេះ បានមកពី​កម្មវិធី​រៃអង្គាស​ថវិកា​ពី​រោងចក្រ​ជា​សមាជិក​របស់​សមាគម TAFTAC ប្រមាណ ៧០០ ក្រោម​អ​ធីប​តី​ភាព​លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​

​លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែងអំណរគុណ​ដល់ លោក គង់ សាង ប្រធាន​សមាគម TAFTAC ដែល​បាន​ផ្តួចផ្តើម​ឱ្យមាន​ការចូលរួម​ពី​សមាជិក​ទាំងអស់​ក្នុងការ​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ដើម្បី​ផ្តល់​សុវត្ថិភាព និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

​លោក​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ឃុំ​កោះ​ស្តេច​ជា​ឃុំ​អស់​មីន​ថា សមាគម TAFTAC គឺជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​ផ្តល់ឱកាស​ការងារ​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ដល់​ប្រជាជន​កម្ពុជា ដែលមាន​កម្មករ​ប្រមាណ ៨០​ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​។

​លោក លី ធុជ ថ្លែងថា​៖ «​ក្នុង​ឆ្នាំ​២០២៣ នេះ ក្រុង ស្រុក​ចំនួន​៦ ក្នុង​ខេត្តកោះកុង នឹងត្រូវ​បញ្ចប់​ការងារ​បោសសម្អាត​មីន រួមមាន​ក្រុង​ខេមរភូមិន្ទ ស្រុក​បុ​ទុម​សាគរ ស្រុក​គិរីសាគរ ស្រុកស្រែ​អំបិល ស្រុក​កោះកុង និង​ស្រុក​ថ្មបាំង ដែលមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​មូលនិធិ​គ្មាន​មីន​ឆ្នាំ​២០២៥ ប្រទេស​ជប៉ុន និង​សមាជិក TAFTAC»​។​

​អាជ្ញាធរ​មីន​បាន​ដកស្រង់​សម្ដី លោក Robert Hwang អនុប្រធាន​សមាគម TAFTAC ថ្លែង​ក្នុង​ពិធី​នេះ​ថា សមាគម TAFTAC មានការ​ពេញចិត្ត​នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ជាពិសេស​ការសម្រេចបាន​នូវ​ទស្សនវិស័យ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​អាជ្ញាធរ​មីន ដើម្បី​ឆ្ពោះទៅរក​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥ និង​បង្កើត​ស្នាមញញឹម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​៕