
សៀមរាបៈ ប្រជាពលរដ្ឋចំនួន ៧៥ គ្រួសារ ដែលមកពីសង្កាត់ស្លក្រាម សង្កាត់គោកចក និងសង្កាត់នគរធំ ខេត្តសៀមរាប ដែលបានរស់នៅបណ្តោះអាសន្នលើដីសាធារណៈរបស់រដ្ឋ បានមកធ្វើការចាប់ឆ្នោតទទួលយកដីឡូតិ៍ និងលំនៅឋានសម្បទានសង្គមកិច្ចពីអង្គការលំនៅឋានមនុស្សជាតិកម្ពុជា នាថ្ងៃទី ១០ ខែមីនា។
លោក អឹប អ៊ាន់ ប្រធានផ្នែកប្រតិបត្តិកម្មវិធីនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានថ្លែងថា ក្នុងពិធីចាប់ឆ្នោតនេះថា អង្គការរបស់លោក តាមរយៈគម្រោងលំនៅឋានសង្គមកិច្ចសម្រាប់ពលរដ្ឋដែលតាំងទីលំនៅបណ្តោះអាសន្នលើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប គឺគម្រោងនេះអនុវត្តរួមគ្នារវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការរបស់លោក ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកត្រូវបានស្រង់សម្ដីដោយមន្ទីរព័ត៌មានខេត្តសៀមរាបថា គម្រោងនេះបានការគាំទ្រមូលនិធិពីអង្គការលំនៅឋានមនុស្សជាតិ ដែលមានប្រភពជំនួយប្រទេសសិង្ហបុរី ប្រទេសហូឡង់ ព្រមទាំងបានសាងសង់លំនៅឋានថ្មីដែលសាងសង់ជាផ្ទះភ្លោះ ទំហំ៧ម៉ែត្រគុណ ៧,៥ម៉ែត្រ មានបង្គន់អនាម័យ ដោយចំណាយថវិកាចំនួន ១៣ ០០០ដុល្លារក្នុងខ្នងផ្ទះនីមួយៗ។ ក្នុង១ខ្នងផ្ទះគឺសម្រាប់ប្រគល់ជូនចំនួន ២គ្រួសារ។
លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានថ្លែងក្នុងពិធីនេះថា ចំពោះគម្រោងដីឡូតិ៍នេះ មានទីតាំងស្ថិតនៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ដែលមានរដ្ឋបាលខេត្តជាម្ចាស់គម្រោង និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ជាដៃគូសហការគាំទ្រ ផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ សម្រាប់ជួយសាងសង់ លំនៅឋានជូន ក្រុមគ្រួសារគោលដៅ។
លោកត្រូវបានស្រង់សម្ដីដោយមន្ទីរព័ត៌មានខេត្តសៀមរាបថា ក្រុមគ្រួសារគោលដៅពីមុននៅក្នុងសង្កាត់គោកចក សង្កាត់ស្លក្រាម និងសង្កាត់នគរធំ ដែលបានរស់នៅលើចំណីផ្លូវ ៣៨ខ្សែ និងមានទីលំនៅបណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋ ហើយអាជ្ញាធរខេត្តក៏បានធ្វើការសម្របសម្រួលដីធ្លីឱ្យពួកគាត់ មករស់នៅក្នុងទីតាំងនេះវិញ។
លោក ចឹក គឹមជុន មានជំនឿថា៖ «ក្រោយពីបានរៀបចំទីលំនៅឋានជូនដល់បងប្អូន ៧៥គ្រួសារនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ការតាំងលំនៅឋាន មិនរៀបរយ ដើម្បីឈានដល់ការលុបបំបាត់ បញ្ហាសំណង់បណ្ដោះអាសន្ន ក្នុងក្រុងរបស់យើងបន្តិចម្ដងៗផងដែរ»៕