ភ្នំពេញៈ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក នៅទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ នេះ ដោយពិនិត្យបានចប់សព្វគ្រប់ហើយលើសេចក្តីព្រាងច្បាប់នេះ។
ក្រសួងយុត្តិធម៌បានឱ្យដឹងថា កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។
សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធ ឬការពារផលប្រយោជន៍សាធារណៈ៕