ភ្នំពេញៈ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ក្នុងភាពជាដៃគូជាមួយកម្ពុជាក្នុងកិច្ចការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាមួយនឹងការផ្តល់វគ្គបណ្តុះបណ្តាល និងសកម្មភាពជួយអភិវឌ្ឍសមត្ថភាពមន្ត្រីនគរបាល អ្នកអនុវត្តច្បាប់កម្ពុជានានាទៀតក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាក្តីបារម្ភរួម។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំតំបន់អាស៊ី នៅកម្ពុជាកន្លងទៅ។ ជាក់ស្តែងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោក Peter Sykoraបានជួបពិភាក្សាការងារជាមួយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា ព្រមទាំងបានសន្យាបន្តជួយកម្ពុជាលើការងារបណ្តុះបណ្តាលជំនាញនិងសមត្ថភាពជូនដល់មន្ត្រីនគរបាលកម្ពុជាផង។
លោកស្រី ព្រាប សូលីស៊ូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានប្រាប់ឱ្យដឹងតាមរយៈអ៊ីមែល កាលពីរសៀលថ្ងៃទី១០ ខែមីនា ថា អូស្ត្រាលីនិងកម្ពុជាមានកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងមួយជាស្រេចលើការងាររក្សាសន្តិសុខតំបន់ជុំវិញការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាក្តីបារម្ភនានាដូចជាបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទកុមារ បណ្តាញឧក្រិដ្ឋម្មឆ្លងដែន ការលាងលុយកខ្វក់ ឬការសម្អាតប្រាក់ និងបញ្ហាជួយដូរគ្រឿងញៀនជាដើម។
លោកស្រី ថ្លែងថា៖ «អូស្ត្រាលីសូមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជានិងភ្នាក់ងារអនុវត្តច្បាប់កម្ពុជាដទៃទៀត ជាមួយកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលកំពុងដំណើរការរបស់យើងក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាពាក់ព័ន្ធដែលជាការព្រួយបារម្ភរួម»។
លោកស្រីព្រាប សូលីស៊ូ បន្តថា អូស្ត្រាលីមានកម្មវិធីពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលនិងអ្នកអនុវត្តច្បាប់នៅកម្ពុជាដែលជាផ្នែកមួយនៃការបង្កើនកិច្ចសហប្រតិបត្តិការរួមរវាងកម្ពុជានិងអូស្ត្រាលី ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្សេងៗទៀតដែលជាបញ្ហាក្តីបារម្ភជារួម។
សូមបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ការបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពជាច្រើនដល់មន្ត្រីនគរបាលកម្ពុជា ដែលផ្តោតទៅលើការស៊ើបអង្កេតដែលគាំទ្រដល់ដំណើរការអនុវត្តច្បាប់ ជំនាញសម្ភាស សិក្ខាសាលានានាទាក់ទងនឹងការលាងលុយកខ្វក់ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ការធ្វើកោសល្យវិច័យតាមឌីជីថល និងភាពជាអ្នកដឹកនាំក្នុងជួរនគរបាលជាដើម។
ក្រៅពីនេះ អូស្ត្រាលីក៏មានការជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមពីស្ត្រីភេទក្នុងជួរប៉ូលិសគ្រប់លំដាប់ថ្នាក់ផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កម្ពុជា-អូស្ត្រាលីបានពង្រីកទំនាក់ទំនងនឹងគ្នាទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីច្រើនក្នុងរយៈពេលចុងក្រោយនេះដែលប្រទេសទាំង២ហាក់យល់គ្នាច្រើនជាងមុន ដែលគេកត់សម្គាល់ថា មានលក្ខណៈល្អប្រសើរ រួមទាំងវឌ្ឍនភាពទំនាក់ទំនងផ្លូវពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស។
លោក គិន ភា បានថ្លែងថា៖ «ជាយុទ្ធសាស្ត្រប្រទេសទាំង២ត្រូវការគ្នា ជាពិសេសកម្ពុជាក្នុងការធ្វើពិពិធកម្មការទូត ហើយអូស្ត្រាលីប្រទេសអំណាចកណ្តាលក្នុងតំបន់ ដូច្នេះទំនាក់ទំនងល្អជាមួយអូស្ត្រាលីជួយដល់នយោបាយពិពិធកម្មការទូតរបស់កម្ពុជា។ក្នុងន័យសេដ្ឋកិច្ច ទំហំពាណិជ្ជកម្ម វិនិយោគ និងជំនួយរបស់អូស្ត្រាលីក៏មានច្រើនគួរសមដែរ សម្រាប់កម្ពុជា»។
លោក សេង វណ្ណលី សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិ ថ្លែងថា ទំនាក់ទំនងរវាងអូស្ត្រាលីនិងកម្ពុជាមានស្ថានភាពប្រសើរជាធម្មតា ដែលអាចមានកិច្ចសហប្រតិបត្តិការនានា រួមមានលើវិស័យសន្តិសុខនគរបាល ការបណ្តុះបណ្តាលផ្នែកឧក្រិដ្ឋកម្មបច្ចេកវិទ្យា ហើយទាំងទៅលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងជំនួយនានាទៀតផង។
ប៉ុន្តែលោកក៏ថ្លែងឱ្យដឹងពីសញ្ញាអវិជ្ជមានមួយចំនួនដែលអាចប៉ះពាល់ដល់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ជុំវិញជំហរម៉ឺងម៉ាត់របស់អ្នកនយោបាយនៃគណបក្សពលករអូស្ត្រាលី សំឡេងអ្នកគាំទ្រចលនាគណបក្សប្រឆាំងនៅអូស្ត្រាលី ពោលគឺពាក់ព័ន្ធនឹងបញ្ហាការលើកកម្ពស់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា។
លោកសេង វណ្ណលី បានប្រាប់ថា៖ «ខ្ញុំមើលឃើញពីកត្តាធំៗ ៣ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងកម្ពុជា-អូស្ត្រាលី នៅថ្ងៃមុខ ដែលទី១ ប្រជាជនខ្មែរនៅអូស្ត្រាលីភាគច្រើនមាននិន្នាការគាំទ្រគណបក្សពលករ (Labour Party) ព្រោះកន្លងមកពួកគេមើលឃើញថា គណបក្សនេះមានជំហរម៉ឺងម៉ាត់ចំពោះស្ថានភាពលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធមនុស្សនៅកម្ពុជា ជាងគណបក្សសេរីនិយម (Liberal Party) របស់អូស្ត្រាលី»។
លោកបន្តថា៖ «ទី២ អូស្ត្រាលីបានក្លាយជាមូលដ្ឋានគាំទ្រដ៏សំខាន់បំផុតនាពេលថ្មីៗនេះក្រោយចលនាគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក និងបស្ចិមលោកចាប់ផ្តើមបែកបាក់ និងទី៣ កំណើននៃអ្នកនយោបាយពន្លកថ្មីភាគច្រើន បានបោះទីតាំងនៅប្រទេសអូស្ត្រាលីផ្ទាល់»។
លោក សេង វណ្ណលី បានថ្លែង ដោយចង់ឱ្យរដ្ឋាភិបាលកម្ពុជាមានការកែប្រែនិងបន្ទន់ឥរិយាបថដើម្បីអាចជួយជះឥទ្ធិពលវិជ្ជមានលើទំនាក់ទំនាក់នៃរដ្ឋទាំង២ប្រឈមនឹងកត្តាអវិជ្ជមានដែលបានរៀបរាប់នោះ៕