
សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយមានទីតាំងស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបថត សហការី
កំពង់ធំៈ ផាត់សណ្តាយ ជាសហគមន៍អេកូទេសចរណ៍ធម្មជាតិស្ថិតលើផ្ទៃទឹកបឹងទន្លេសាបមានសក្តានុពលធម្មជាតិដូចជាធនធានជីវជម្រុះដ៏សម្បូរបែប កន្លែងកម្សាន្តសម្រាកលម្ហែកាយបែបធម្មជាតិរួមជាមួយនឹងផ្ទាំងទស្សនីយភាពស្រស់ស្អាតនៃផ្ទះបណ្តែតទឹក ព្រៃលិចទឹករាប់ម៉ឺនហិកតា ដើមស្តី ដែលជាប្រភេទឈើព្រៃលិចទឹក ដែលមានទំហំដ៏ធំ (១២ ឱបមនុស្សពេញវ័យ) និងមានអាយុកាលជាង ២០០ ឆ្នាំ។
សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សហគមន៍ទេសចរណ៍មួយនេះស្ថិតក្នុងសហគមន៍នេសាទ ផាត់សណ្តាយ ដែលដើមឡើយ ប្រជាជនប្រមាណ១ពាន់គ្រួសារដែលរស់នៅទីនោះពឹងផ្អែកលើរបរនេសាទស្ទើរតែទាំងស្រុង តែក្រោយពីការបង្កើតសហគមន៍អេកូទេសចរណ៍ធម្មជាតិមក ប្រជាសហគមណ៍នៅទីនោះបានងាកមករួមចំណែកផ្តល់សេវាកម្មទេសចរណ៍ដែលវាបានលើកកម្ពស់ជីវភាពរបស់ពួកគេមួយកម្រិតទៀត។
បើតាមលោក ហ៊ួត ស៊ីណាត ប្រធានកម្មវិធីសម្របសម្រួលជីវភាព FACT’s Livelihood Program Coordinator ដែលជាអង្គការមួយសហការជាមួយសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយបានឱ្យដឹងថា ប្រជាសហគមន៍ដែលរួមចំណែកផ្ទាល់ក្នុងវិស័យទេសចរណ៍មានភាពប្រសើរជាងមុន ពោលគឺប្រាក់ចំណូលរបស់គាត់មានការកើនឡើង។
លោក ហ៊ួត ស៊ីណាត បានបញ្ជាក់ថា៖ «តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ ពួកគាត់បានរៀបចំផ្ទះ ឱ្យភ្ញៀវ គាត់បានចម្អិនអាហារឱ្យភ្ញៀវ អ៊ីចឹងទៅទាំងអស់នេះសុទ្ធតែជាចំណូល មួយទៀតពួកគាត់មានទូក នៅពេលដែលគាត់ដឹកភ្ញៀវក៏បានចំណូល១ផ្នែកទៀត»។
ប្រភពដដែលនេះបានបន្តថា៖ «នៅក្នុងនោះផងដែរក៏ពួកគាត់មានលក់នូវវត្ថុអនុស្សាវរីយ៍ ជាកាបូបកែច្នៃពីកំប្លោកអ៊ីចឹងទៅ ហើយមួយទៀតពាក់ព័ន្ធនឹងការលក់ផលិតផលកែច្នៃត្រី ឧទាហរណ៍ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក អ៊ីចឹងក៏គាត់ទទួលបានចំណូលបន្ថែមដែរ»។
បន្ថែមពីលើនេះ ប្រធានកម្មវិធីសម្របសម្រួលជីវភាព រូបនេះបានឱ្យដឹងទៀតថា នៅពេលដែលមានវេទិកាអេកូទេសចរណ៍ថ្នាក់ជាតិ ឬក៏ថ្នាក់ខេត្ត ខាងសហគមន៍តែងជំរុញឱ្យប្រជាសហគមន៍ចូលរួម ដាក់លក់ផលិតផលរបស់ខ្លួន ដែលពួកគាត់អាចទាញយកប្រាក់ចំណូល១ផ្នែក ដែលទាំងអស់នេះពុំទាន់បូកបញ្ចូលនូវចំណូលដែលបានមកពីកម្រោងស្ថានីយទឹកបរិសុទ្ធនៅឡើយ។
ជាមួយនឹងសម្រស់ធម្មជាតិ ព្រៃលិចទឹក បូករួមនឹងទេសភាពដ៏ស្រល់ត្រកាលជាច្រើន សហគមន៍អេកូទេសចរណ៍ធម្មជាតិនៅលើបឹងទន្លេសាបមួយនេះបានស្រូបទាញអ្នកទេសចរទស្សនាកម្សាន្ត មិនលស់ថ្ងៃឡើយ ពោលគឺជាប្រចាំទេសចរដែលមកទស្សនាកម្សាន្តមានប្រមាណ ៩ទៅ១០នាក់ក្នុង១ថ្ងៃ។
លោក ហ៊ួត ស៊ីណាត បានបន្តឱ្យដឹងទៀតថា៖ «ចំនួនទេសចរទៅទស្សនាសហគមន៍ ផាត់សណ្តាយ បើគិតក្នុង១ថ្ងៃប្រហែលជា ១០នាក់ នេះបើគិតតែតាមភ្ញៀវដែលគាត់មកតាមរយៈសហគមន៍ តែបើសិនគាត់ទៅទស្សនាផ្សេងៗ ឬតាមក្រុមហ៊ុន Tour ផ្សេងៗ រឿងហ្នឹងយើងក្តាប់អត់បានទេ នេះខ្ញុំនិយាយតែគាត់មកតាមសហគមន៍ បានន័យថាគាត់មកតាមរយៈសហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ»។
ក្នុងចំណោមទេសចរដែលមកទស្សនាសហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ លោក ស៊ីណាត បានឱ្យដឹងថា មានទាំងភ្ញៀវទេសចរជាតិ និងអន្តជាតិ ប៉ុន្តែយ៉ាងណាមួយរយៈចុងក្រោយនេះលោកសង្កេតឃើញថា ភ្ញៀវបរទេសហាក់មានចំនួនច្រើនជាងភ្ញៀវខ្មែរ ក៏ប៉ុន្តែពួកគេមិននិយមស្នាក់នៅក្នុងសហគមន៍ប៉ុន្មានទេគឺដោយសារកត្តាអាកាសធាតុ។
លោក ហ៊ួត ស៊ីណាត ថ្លែងថា៖ «មួយរយៈចុងក្រោយនេះ មានភ្ញៀវបរទេសមកច្រើន។ ពួកគាត់ចាប់អារម្មណ៍តែគ្រាន់តែថា ភ្ញៀវបរទេសគាត់មកទស្សនាហើយភាគច្រើនគាត់ឡើងទៅលើវិញព្រោះដោយសារគាត់អត់ស៊ាំជាមួយនឹងអាកាសធាតុនៅទីនេះ នៅក្នុងទឹកអ៊ីចឹង គាត់ពិបាកបត់ដៃបត់ជើងអ៊ីចឹងទៅ។ យ៉ាងណាក៏មានស្នាក់ការដែរ មិនមែនអត់ទាំងអស់ទេ ដូចថ្មីៗហ្នឹងគឺមាន ១ក្រុម ២ក្រុម គាត់មកស្នាក់នៅ ២យប់ បានគាត់អញ្ជើញឡើងទៅវិញ»។
គួរជម្រាបដែរថា សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ មានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្ត កំពង់ធំ ហើយអ្នកទេសចរមានជម្រើសក្នុងការធ្វើដំណើរចំនួន២ ពោលគឺផ្លូវគោក ប្រើប្រាស់មធ្យោបាយដោយរថយន្តឬម៉ូតូ និងតាមរយៈកាណូតរបស់សហគមន៍ចេញពីទីរួមខេត្តតាមស្ទឹងសែន មកកាន់សហគមន៍បាន៕