ភ្នំពេញៈ កម្ពុជាកំពុងអនុវត្តជាផ្លូវការផែនការសកម្មភាពសីតកម្មជាតិដែលជាការបោះជំហានទៅមុខមួយយ៉ាងសំខាន់ក្នុងការផ្តល់ក្របខ័ណ្ឌដ៏ចាំបាច់ ឆ្លើយតបនឹងតម្រូវការថាមពលដែលកំពុងកើនឡើងយ៉ាងលឿន ដើម្បីដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់អនាគតបៃតង និងស្អាតជាងមុន។
ផែនការសកម្មភាពសីតកម្មជាតិ (ការធ្វើឱ្យត្រជាក់) របស់កម្ពុជានេះ ត្រូវបានដាក់ឱ្យអនុវត្តឡើងកាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ កន្លងមក ដោយមានការគាំទ្រពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំអាស៊ី និងប៉ាស៊ីហ្វិក (UNESCAP)។
ផែនការសកម្មភាពនេះ គឺស្វែងរកការកាត់បន្ថយតម្រូវការសីតកម្មជាតិ ពង្រឹងលទ្ធភាពទទួលបានសេវាសីតកម្មជាតិ ដូចជា ខ្សែចង្វាក់ត្រជាក់សម្រាប់អាហារនិងថ្នាំ ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពថាមពលនៃគ្រឿងប្រើប្រាស់ និងលើកទឹកចិត្តដល់ការប្រើប្រាស់ទូទឹកកកដែលមានសក្តានុពលកម្ដៅសកលទាប។
លោកស្រី Alissar Chaker អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្ដីទីប្រចាំនៅកម្ពុជា បានថ្លែងថា ការដាក់ឱ្យដំណើរការផែនការសកម្មភាពសីតកម្មជាតិរបស់កម្ពុជា ជាការបោះជំហានមួយយ៉ាងសំខាន់ ដោយផ្តល់ក្របខ័ណ្ឌដ៏ទូលំទូលាយសម្រាប់តម្រូវការថាមពលដែលកំពុងកើនឡើងយ៉ាងលឿននៅកម្ពុជាគឺសកម្មភាពសីតកម្ម ឬការធ្វើឱ្យត្រជាក់ដែលសកម្មភាពនេះរួមចំណែកយ៉ាងចម្បងលើការបំភាយឧស្ម័នផ្ទះកញ្ចក់។
លោកស្រីបានបញ្ជាក់ថា ការទទួលបានសីតកម្មជាតិ ឬធ្វើឱ្យត្រជាក់ គឺមានសារៈសំខាន់សម្រាប់សុខភាពមនុស្ស និងផលិតភាព។ ជាមួយនឹងអាកាសធាតុត្រូពិក សីតុណ្ហភាពកើនឡើង និងការកើនឡើងនៃចំនួនប្រជាជនជាមួយនឹងការកើនឡើងនៃថាមពល ប្រទេសកម្ពុជាត្រូវតែដាក់ភាពត្រជាក់ប្រកបដោយនិរន្តរភាពនៅចំកណ្តាលនៃរបៀបវារៈនៃការអភិវឌ្ឍ និងអាកាសធាតុ។
លោកស្រី Alissar Chaker បានបញ្ជាក់ថា វាជារឿងសំខាន់ដែលប្រទេសកម្ពុជាសម្លឹងមើលការគ្រប់គ្រងតម្រូវការថាមពលតាមរយៈការបង្កើនប្រសិទ្ធភាពនៃម៉ាស៊ីនត្រជាក់អវកាស និងទូទឹកកក ខណៈពេលរួមបញ្ចូលផងដែរនូវយុទ្ធសាស្ត្ររចនាអកម្មសម្រាប់អគារ និងទេសភាពទីក្រុង។ ដូច្នេះផែនការសកម្មភាពសីតកម្មជាតិរបស់កម្ពុជាគឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីកាត់បន្ថយផលប៉ះពាល់អាកាសធាតុនិងសេដ្ឋកិច្ចនៃការកើនឡើងតម្រូវការសម្រាប់ភាពត្រជាក់។
លោកស្រីបានថ្លែងថា៖ «អង្គការសហប្រជាជាតិប្រចាំកម្ពុជានឹងបន្តធ្វើការងារជាមួយនឹងរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីធានាថា ផែនការសកម្មភាពសីតកម្មជាតិ ត្រូវបានអនុវត្ត ដើម្បីធានាថាសកម្មភាពសីតកម្មត្រូវធ្វើឡើងប្រកបដោយនិរន្តរភាព និងជាចំណុចកណ្តាលនៃការអភិវឌ្ឍ និងរបៀបវារៈអាកាសធាតុរបស់ប្រទេសកម្ពុជា»។
ជាមួយគ្នានេះដែរ នាយកប្រចាំតំបន់ និងជាតំណាងរបស់ UNEP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោក Dechen Tsering បានឱ្យដឹងថា ប្រសិនបើមនុស្សគ្រប់គ្នាយកចិត្តទុកដាក់លើការបញ្ច្រាស់និន្នាការអាកាសធាតុបច្ចុប្បន្ន វាមិនអាចធ្វើឱ្យភពផែនដីត្រជាក់ជាមួយនឹងវិធីសាស្ត្រអាជីវកម្មដូចធម្មតាបាននោះទេ។
លោក Dechen Tsering បានលើកឡើងថា៖ «នៅពេលដែលតម្រូវការភាពត្រជាក់ ឫសីតកម្មជាតិរបស់កម្ពុជាកើនឡើង វាមានឱកាសដ៏សំខាន់មួយក្នុងការអនុម័តផ្លូវថ្មីមួយស្តីពីភាពត្រជាក់ ដែលបង្ហាញពីលទ្ធភាព និងសក្តានុពលនៃវិធីសាស្ត្រទាំងមូលនៃប្រព័ន្ធសម្រាប់ភាពត្រជាក់ដែលជាសមធម៌ ប្រសិទ្ធភាព និងភាពធន់នឹងអាកាសធាតុ»។
ថ្លែងក្នុងសិក្ខាសាលាស្ដីពី «ផែនការសកម្មភាពប្រព័ន្ធត្រជាក់នៅកម្ពុជា (Cambodia’s National Cooling Action Plan)» កាលពីថ្ងៃទី ១០ ខែមីនា ថ្មីៗនេះ លោក ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះពីផលប៉ះពាល់បណ្ដាលមកពីការប្រែប្រួលអាកាសធាតុនិងបានដាក់ការប្ដេជ្ញាចិត្តខ្ពស់ក្នុងនាមជាប្រទេសឈានមុខក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោកបានបន្តថា ជាក់ស្ដែង នាពេលនេះ កម្ពុជាបានរៀបចំ «ផែនការសកម្មភាពប្រព័ន្ធត្រជាក់នៅកម្ពុជា នេះឡើងស្របទៅនឹងរបាយការណ៍បច្ចុប្បន្នភាព ការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Updated NDC)» ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបានចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក ប៉ាក សុខារ៉ាវុត បានថ្លែងថា ៖ «កំណើនសីតុណ្ហភាព គឺជាផលប៉ះពាល់មួយដ៏សំខាន់ក្នុងចំណោមផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ ភ្នាក់ងារអង្គការសហប្រជាជាតិ បានចាត់ទុកកម្ពុជាថា ជាប្រទេសមួយដែលងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុតបណ្ដាលមកពីកំណើនសីតុណ្ហភាព ក្នុងនោះការកើនឡើងសីតុណ្ហភាព នឹងជះផលអវិជ្ជមានទៅលើសុខភាព និងផលិតភាពការងាររបស់ពលរដ្ឋ»។
លោកបានបន្តថា ជាលទ្ធផល វានឹងជះផលអវិជ្ជមានទៅលើចរន្តសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានប៉ាន់ស្មានថា ជាងពាក់កណ្តាលនៃការបាត់បង់និងការខូចខាតទាំងមូលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ ហេតុដូចនេះផែនការសកម្មភាពប្រព័ន្ធត្រជាក់នេះគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា៕