កំពង់ឆ្នាំងៈ មនុស្ស ៣ នាក់បានសន្លប់ហើយផ្ទះ និងតូបលក់ដូរសរុប ៣០ ខ្នង បានរងការឆេះខូចខាតទាំងស្រុងនៅក្នុងគ្រោះអគ្គិភ័យមួយដែលបានកើតឡើងនៅក្នុងភូមិ-សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣។
អភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមិនា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា អគ្គិភ័យត្រូវបានកម្លាំងនគរបាលជំនាញបាញ់ទឹកពន្លត់អស់ដោយជោគជ័យហើយ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះគឺពលរដ្ឋចំនួន ៤៣ គ្រួសារ ត្រូវរស់នៅដោយខ្វះទីជម្រកស្នាក់អាស្រ័យសមរម្យដោយផ្ទះនិងតូបលក់ដូររបស់ពួកគេ សរុប ៣០ ខ្នង (ផ្ទះ ២៧ និងតូប ៣) រួមទាំងទ្រព្យសម្បត្តិជាច្រើនទៀត ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង។
លោកថា៖ «ប្រជាពលរដ្ឋជាម្ចាស់ផ្ទះចំនួន ៣ នាក់ បានយំសោកស្ដាយផ្ទះ និងទ្រព្យសម្បត្តិរហូតដល់សន្លប់»។
លោកបន្ថែមថា៖ «តាមការសាកសួរក្នុងជំហានបឋម អាជ្ញាធរយើងសន្និដ្ឋានថា គ្រោះអគ្គិភ័យនេះបណ្ដាលមកពីអ្នកភូមិឆ្អើរត្រីខ្វះការប្រុងប្រយ័ត្ន ព្រោះអ្នកភូមិភាគច្រើននៅក្នុងតំបន់នេះ ជាអ្នកប្រកបមុខរបរឆ្អើរត្រីលក់។ ទោះយ៉ាងណានៅពេលនេះ មន្ត្រីនគរបាលជំនាញកំពុងបន្តធ្វើការស្រាវជ្រាវលើករណីនេះដើម្បីស្វែងរកការពិត»។
ចំណែកលោក អៀ ប៊ុនធឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើពេលប្រមាណ ៣ ម៉ោង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ចំនួន ១០ គ្រឿង។ ទន្ទឹមនឹងនេះ ក៏មានការចូលរួមអន្តរាគមន៍ពីប្រជាពលរដ្ឋតាមដងទន្លេមួយចំនួន ប្រើម៉ាស៊ីនកាណូតរបស់ពួកគេជួយបូមទឹកពីទន្លេមកជួយបាញ់ពន្លត់ផងដែរ។
លោកបានថ្លែងថា៖ «នៅពេលនេះ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវនិងប្រមូលទិន្នន័យបន្ថែម ពីក្រុមគ្រួសារជនរងគ្រោះ ដើម្បីវាយតម្លៃពីផលប៉ះពាល់និងខូចខាតជាក់ស្ដែង និងស្វែងរកការពិតអំពីមូលហេតុ ដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យនេះបើទោះជាមានការលើកឡើងថា អគ្គិភ័យនេះអាចបណ្ដាលមកពីអ្នកភូមិឆ្អើរត្រីខ្វះការប្រុងប្រយ័ត្នក៏ដោយ»។
បើតាមលោកប៊ុនធឿន នៅគ្រប់កម្មវិធីទាំងអស់សមត្ថកិច្ចតែងតែធ្វើការអំពាវនាវ និងផ្សព្វផ្សាយអប់រំ អំពីបញ្ហាបង្ការទប់ស្កាត់គ្រោះអគ្គិភ័យដល់ប្រជាពលរដ្ឋ ដើម្បីឱ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅក្នុងរដូវក្ដៅ ដោយបានណែនាំឱ្យមានការទិញនូវបំពង់ពន្លត់អគ្គិភ័យទុកនៅតាមផ្ទះដើម្បីត្រៀមបង្ការក្នុងគ្រាមានគ្រោះអគ្គិភ័យកើតឡើង។
ប៉ុន្តែលោកបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួននៅតែធ្វេសប្រហែស បង្កឱ្យកើតមានគ្រោះអគ្គិភ័យឡើង ដែលមិនគ្រាន់តែប៉ះពាល់ខូចខាត ផ្ទះសំបែង និងទ្រព្យធនសម្រាប់តែក្រុមគ្រួសាររបស់ខ្លួនប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់សហគមន៍និងសង្គមជាតិផងដែរ៕