
ទិដ្ឋភាពជួរភ្នំក្រវាញ នាពេលកន្លងមក។ រូបថត ក្រសួងបរិស្ថាន
កោះកុងៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងដៃគូរបស់ខ្លួន Baseet កំពុងរៀបចំដំណើរទស្សនាចរសត្វព្រៃនៅក្នុងទីតាំងចំនួន ៤ កន្លែង នៅក្នុងតំបន់ជួរភ្នំក្រវាញក្នុងខេត្តកោះកុង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ។
កម្មវិធីបានចាប់ផ្តើមនៅថ្ងៃទី ១០ ខែមីនា នៅវត្តអូរសោម បន្ទាប់មកនៅថ្ងៃទី ១២ ខែមីនា នៅក្រុងខេមរភូមិន្ទ នៅថ្ងៃទី ១៤ ខែមីនា នៅវត្តថ្មបាំង ខេត្តកោះកុង ខណៈកម្មវិធីចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែមីនា នៅផ្សារទំនើបអ៊ីអន ២ សែនសុខ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នៃដំណើរទស្សនាចរសត្វព្រៃនេះត្រូវបានបើកឱ្យមានការចូលរួមដោយសេរីជូនសាធារណជនដោយមានកម្មវិធីសម្តែងសៀកបែបវិទ្យាសាស្ត្រ ការលេងល្បែងកម្សាន្ត ការចាប់រង្វាន់ការផ្តល់មតិសំណេះសំណាលដោយមន្ត្រីរាជរដ្ឋាភិបាល និងការប្រគំតន្ត្រីដោយតារាចម្រៀងល្បីៗនៅប្រទេសកម្ពុជា។
ការសម្តែងផ្តោតលើការផ្សារភ្ជាប់គ្នារវាងព្រៃឈើ និងទឹកភ្លៀង ការបង្កើតប្រាក់ចំណូលតាមរយៈការលក់ឥណទានកាបូនព្រៃឈើ និងការសម្រេចបាននូវអន្ទាក់សូន្យ និងគ្មានសាច់សត្វព្រៃ។
អង្គការ Wildlife Alliance បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដែលភ្នំពេញប៉ុស្តិ៍ទទួលបាន នាថ្ងៃទី ១២ មីនា ថា៖ «ដំណើរទស្សនាចរនេះនឹងនាំមកនូវការលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញដែលបានផ្តល់ជាបទប្បញ្ញត្តិទឹកភ្លៀងសម្រាប់កសិកម្ម រហូតឈានទៅដល់ការផ្តល់អាហារូបករណ៍ផ្នែកអប់រំ ដែលទទួលបានដោយសារការលក់ឥណទានកាបូនពីព្រៃឈើនេះ»។
គោលបំណងនៃដំណើរទស្សនាចរសត្វព្រៃនេះគឺ ស្របទៅតាមយុទ្ធនាការផ្សេងទៀតដូចជា «ភ្នំក្រវាញជារៀងរហូត» និង «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិ» ដែលត្រូវបានដឹកនាំដោយក្រសួងបរិស្ថាន ដែលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងដំណាក់កាលទី ២។
កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃថ្លែងថា ជាង ២០ ឆ្នាំកន្លងទៅក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ផ្តើមធ្វើការល្បាតរួមគ្នានៅឯតំបន់ជួរភ្នំក្រវាញ ហើយថា តាំងពីដើមមក អ្នកភូមិតែងតែពឹងផ្អែកលើព្រៃឈើសម្រាប់ធ្វើការចិញ្ចឹមជីវិត»។
កញ្ញាថ្លែងថា៖ «ប៉ុន្តែសព្វថ្ងៃនេះ ដោយសារតែមានការជឿនលឿននៃវិទ្យាសាស្ត្រអាកាសធាតុចុងក្រោយនេះ យើងទាំងអស់គ្នាបានយល់ដឹងអំពីអត្ថប្រយោជន៍ នៃការការពារព្រៃឈើរួមទាំងអត្ថប្រយោជន៍ហិរញ្ញវត្ថុសម្រាប់ជួយគាំទ្រជីវភាពរស់នៅរបស់សហគមន៍»។
Wildlife Alliance បញ្ជាក់ថា អត្ថប្រយោជន៍ហិរញ្ញវត្ថុទាំងនេះត្រូវបានបង្កើតឡើងដោយគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដែលចាប់តាំងពីពេលនោះមកបានបង្កើតប្រាក់ចំណូលពីការលក់ឥណទានកាបូនព្រៃឈើ។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ត្រូវបានដឹកនាំដោយក្រសួងបរិស្ថាន និងមានអង្គការសម្ព័ន្ធមិត្តសត្វព្រៃជអ្នកអនុវត្តគម្រោង។
លោក សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានត្រូវបានស្រង់សម្តីចុះផ្សាយក្នុងសេចក្តីប្រកាសព័ត៌មាននេះថា គោលបំណងនៃគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គឺត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការអភិរក្សព្រៃឈើដែលជានិយតករទឹកភ្លៀងនៅជុំវិញពិភពលោក។ គម្រោងនេះបានបង្កើតឱកាសចិញ្ចឹមជីវិតសម្រាប់សហគមន៍។
Wildlife Alliance បានឱ្យដឹងថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបានជួយគាំទ្រជីវភាពរស់នៅរបស់សហគមន៍ចំនួន ២៩ ដែលជាលំនៅរបស់ប្រជាពលរដ្ឋប្រមាណជាង ៤ ០០០ គ្រួសារ។ ការជួយគាំទ្រនេះរួមមាន ការជួយគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិ កសិកម្ម និងអាហារូបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធដូចជាអណ្តូងទឹក និងផ្លូវថ្នល់។
អង្គការដដែលបន្តថា ចាប់តាំងពីឆ្នាំ ២០២១ អណ្តូងទឹកចំនួន ៤៣ អណ្តូង និងផ្លូវចំនួន ៤ ខ្សែ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ទន្ទឹមនឹងនោះមានអណ្តូងទឹកចំនួន ៤០ អណ្តូង បន្ថែមទៀតជាមួយនឹងស្ពាន ប៉ុស្តិ៍សុខភាព និងសាលារៀនដែលកំពុងត្រូវបានគ្រោងទុកថានឹងសាងសង់នៅក្នុងឆ្នាំនេះ។
អង្គការដដែលបន្តថា តំបន់ជួរភ្នំក្រវាញគឺជាចំណុចសំខាន់បំផុតនៃជីវចម្រុះ ដែលជាច្រករបៀងដំរីដែលនៅសេសសល់ចុងក្រោយនៅទ្វីបអាស៊ី និងជាទីជម្រករបស់សត្វព្រៃចំនួន ៥២ ប្រភេទកំពុងរងការគំរាមកំហែងដែលត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការអាយ-យូ-ស៊ី-អិន។ ហេតុផលទាំងនេះហើយដែលបានធ្វើឱ្យឥណទានកាបូននៅក្នុងគម្រោងរេដបូកជួរភ្នំក្រវាញមានតម្លៃផ្នែកហិរញ្ញវត្ថុ និងទទួលបានការចាប់អារម្មណ៍ពីអតិថជននៅទូទាំងពិភពលោក។
Wildlife Alliance បញ្ជាក់ថា៖ «តាមរយៈការស្តារសត្វខ្លាធំក្នុងព្រៃឈើជួរភ្នំក្រវាញនេះនឹងអាចជួយពង្រឹងទៅដល់ការលូតលាស់នៃជីវចម្រុះហើយនឹងធ្វើឱ្យគម្រោងនេះកាន់តែមានភាពទាក់ទាញដល់អតិថិជនទៀតផង។ គម្រោងស្តារសត្វខ្លាធំ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌាដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំង ២ នាពេលថ្មីៗនេះ ដែលជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ»៕