ភ្នំពេញៈ​ លោក ​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា ទីផ្សារ​តែង​និពន្ធ​សៀវភៅ​របស់​កម្ពុជា​តូចចង្អៀត ដែល​អ្នកសរសេរ​មិនអាច​ក្លាយ​​ជា​អ្នក​មានបាន​ដោយសារ​ការ​ចាប់យក​កិច្ចការ​តែង​និពន្ធ​នោះទេ ស្រប​ពេលដែល​អ្នកនិពន្ធ​ក្នុង​វិស័យ​សារព័ត៌មាន​យល់​ស្របតាម​ការលើកឡើង​នេះ​។

​ក្នុងពេល​បិទ​បញ្ចប់​នៃ​កិច្ច​ពិភាក្សា​ស្ដីពី ​«​សារៈសំខាន់​នៃ​អំ​ណាន​ចំពោះ​ការសិក្សា​» ដើម្បី​អបអរសាទរ​ទិវា​ជាតិ​អំ​ណាន​លើក​ទី​៨ នៅ​ថ្ងៃទី​ ១១ ខែមីនា លោក ហង់​ជួន ណា​រ៉ុ​ន លើក​ឡើង​ថា​៖ «​ជារួម​ខ្ញុំ​សូម​ជម្រាប​ជូន​ថា នៅ​ប្រទេស​កម្ពុជា ទីផ្សារ ​[​សៀវភៅ​] តូច​។ អ៊ីចឹង​សរសេរ​យ៉ាងម៉េច​ក៏​មិនអាច​ក្លាយជាអ្នកមាន​បានដែរ​។ ប្រទេស​គេគេ​អាច​សរសេរ​ក្លាយជា​អ្នកមាន ប៉ុន្តែ​ប្រទេស​ខ្មែរ​មិនអាច​ទេ​»​។

​លោក​ ហង់​ជួន ណា​រ៉ុ​ន ខ្លួន​លោក​ផ្ទាល់​ក៏​ចូលចិត្ត​ការសិក្សា​ស្រាវ​​ជ្រាវ​និង​បោះពុម្ព​សៀវភៅ​ផងដែរ​ដោយ អត្ថបទ​ស្រាវជ្រាវ​ចុងក្រោយ​របស់លោក​គឺ​និយាយ​អំពី ​«​រ​ង្វា​យ​តម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស​ក្នុង​បរិបទ​នៃ​ការអប់រំ​ក្នុង​សតវត្សរ៍​ទី​ ២១»​។

​យោងតាម​អ្នក​សម្រប​សម្រួល​ក្នុង​កម្មវិធី​ទិវា​ជាតិ​អំ​ណាន​លើក​ទី៨ ក្រោម​ប្រធានបទ «​អំ​ណាន​ជា​មាគ៌ា​ឆ្ពោះទៅ​បរិវត្ត​កម្មវិស័យ​អប់រំ​»​ អត្ថបទ​ស្រាវជ្រាវ​ចុងក្រោយ​របស់លោក រដ្ឋមន្ត្រី ជា​ស្នាដៃ​និពន្ធ​ទី​ ៣៦​។

​លោក​រដ្ឋមន្ត្រី​អប់រំ ក៏បាន​បង្ហាញ​ពី​ការ​ខាតដើម​របស់​អ្នកនិពន្ធ​ដែល​បាន​បោះពុម្ពផ្សាយ ដោយ​សារ​តែ​ចំនួន​អ្នកអាន​មាន​ចំនួន​តិចតួច​។ លោក​ថ្លែងថា​៖ «​ការ​សរសេរ​ពេលខ្លះ​ត្រូវ​បោះពុម្ព​អស់ថ្លៃ​លើស​ប្រាក់កម្រៃ​បាន​ពី​ការ​លក់​សៀវភៅ​ទៀត ដោយសារ​ទីផ្សារ​លក់​សៀវភៅ​យើង​តូច​»​។​

​លោក ពុ​យ គា អ្នក​សារព័ត៌​មាន និង​ជា​អ្នកនិពន្ធ​សៀវភៅ «​អាថ៌កំបាំង​ក្រៅ​ឆាក​»​ យល់ស្រប​ជាមួយ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​អប់រំ ដោយ​លោក​បានលើកឡើង​ពី​ចំនួន​នៃ​ការលក់​ពី​ស្នាដៃ​របស់​អ្នកនិពន្ធ​ល្បីៗ និង​ជាទី​ពេញនិយម​នៅ​កម្ពុជា ដូច​​ជា លោក ហ្ស​ង់ ហ្រ្វង់​ស្វ័​រ​តាន់ ជាដើម ដែល​បរិមាណ​សៀវភៅ​ដែល​បាន​លក់​គឺមាន​ចន្លោះ​ពី ១០ ០០០ ​ទៅ ​១៥ ០០០​ ក្បាល​ប៉ុណ្ណោះ​។

ចំនួន​នៃ​ការ​លក់​ចេញ​ធៀប​នឹង​ចំនួន​និស្សិត​ដែល​រៀន​នៅ​មហាវិទ្យាល័យ និង​ចំនួន​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​គឺមាន​តិច​មែន​​ទែន ហើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រជាជន​ដែល​ប្រើប្រាស់​គណនី​បណ្តាញ​សង្គម​ទៀត គឺ​កាន់តែ​ឃ្លាតឆ្ងាយ​ថែមទៀត​។ «​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​យុវជន​ប្រឹង​អាន​សៀវ​ភៅ​។ ជាការ​ពិត ការអាន​នៅ​កម្ពុជា​មិន​កើនឡើង​ខ្ពស់​ដោយ​​សារ​បណ្តាញ​សង្គម (social media) ទូលំទូលាយ​ពេក ប៉ុន្តែ social media អាន​មិនបាន​ច្រើន​ដូច​សៀវភៅ​ឡើយ​»​។

​លោក ពុ​យ គា បញ្ជាក់ថា​៖ «​ការអាន​តាម​បណ្តាញ​សង្គម​ច្រើន​បានតែ​ខ្លីៗ អ៊ីចឹង​ការអាន​តាម​សៀវភៅ​ក៏​កាត់បន្ថយ​ដែរ​។ ដើម្បី​ភាពរឹងមាំ​នៃ​ចំណេះដឹង ការអាន​តាម​សៀវភៅ និង​ការ​តាមដាន​តាម​បណ្តាញ​សង្គម​ត្រូវ​ដើរ​ព្រម​គ្នា​»​។

ទោះយ៉ាងណា លោក​ក៏​កត់សម្គាល់ថា អ្នកនិពន្ធ​ស្នាដៃ​ថ្មីៗ​ដែលជា​ជនជាតិខ្មែរ​ហាក់​មា​នស​ម្ទុះ​កើនឡើង​ដែលជា​សញ្ញា​ល្អ​មួយ បើទោះបីជា​គាត់​ខ្វះ​លទ្ធភាព​បោះពុម្ព ឬ​បោះពុម្ព​រួច​លក់​មិន​រួច​ថ្លៃដើម​ក៏ដោយ​។

​លោក ​វណ្ណ វាចារ អ្នក​សារព័ត៌​​មាន និង​ជា​អ្នកនិពន្ធ​ឯករាជ្យ ដែល​និពន្ធ​សៀវភៅ​និង​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ មាន​ចំណងជើង​ថា «​គ្រូធំ​» ដែល​សរសេរ​ពី​ខ្លឹមសារ​ដែល​លោក​ធ្លាប់ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក កែម ឡី បាន​ថ្លែងថា ការបោះពុម្ព​សៀវភៅ​កម្រាស់​ ១២០ ​ទំព័រ​ចំនួន​ ៣ ០០០ ​ច្បាប់​កាលពី​ឆ្នាំ ២០១៧ ​មិន​ធ្វើឱ្យ​លោក​ខាត​នោះទេ ពោលគឺ​លោក​អាច​ចំណេញ​តិចតួច​។

​លោក​ថា រហូតដល់​ពេលនេះ​សៀវភៅ​ស្នាដៃ​ដំបូង​របស់លោក​ក៏​អស់ ហើយ​លោក​គ្រោង​កែលម្អ​សៀវភៅ​នោះ​នឹង​បោះពុម្ព​ឡើងវិញ ​ប្រហែល​ ១ ០០០ ​ច្បាប់​ទៀត​។ «​ខ្ញុំ​គិតថា បើសិន​អ្នក​បោះពុម្ព​សៀវភៅ​នោះ គាត់​បោះពុម្ព​សៀវភៅ​ផង និង​មានគំនិត​ធ្វើ​ទីផ្សារ​ផ្សព្វផ្សាយ​សៀវ​ភៅ និង​ព្យាយាម​រក​អ្នក​ឧបត្ថម្ភ គាត់​នឹងមិន​ខាត​ទេ​»៕